ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស ដើម្បីពង្រឹងបន្ថែមទៀតគុណភាពបំពេញតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ-សង្កាត់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស ក្នុងពេលវេលាសមស្របខាងមុខនេះ។
បើតាមលោកបណ្ឌិត ទូច សុឃៈ បច្ចុប្បន្ន កម្ពុជាមានឃុំសង្កាត់សរុបចំនួន១ ៦៥២។ កម្ពុជាចាប់ផ្ដើមមានក្រុមប្រឹក្សាឃុំ សង្កាត់ បំពេញការងារជាប្រវត្តិសាស្រ្ត ចាប់ពីឆ្នាំ២០០២ ពោលគឺបន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី១។ ស្មៀនឃុំ សង្កាត់ ត្រូវបានតែងតាំងឱ្យទៅបំពេញការងារមុនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិដំបូង ចូលបំពេញការងារមកម្ល៉េះ។

គួរកត់សម្គាល់ថា ស្មៀនឃុំ-សង្កាត់ តែងតាំងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានតួនាទីធានាជួយកិច្ចការមេឃុំ ចៅសង្កាត់ឱ្យប្រព្រឹត្តទៅស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពោលគឺមិនមែនឱ្យមេឃុំ ចៅសង្កាត់ រ៉ាប់រងការងារតែឯកឯងនោះឡើយ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមថា ការតែងតាំងស្មៀនក្ដី ការប្រគល់សិទ្ធិទាំងស្រុងឱ្យប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់ ជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំដោយខ្លួនឯងក្ដី សុទ្ធតែជាមរតកលទ្ធផលនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល គ្រប់នីតិកាល ជាពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលមានសម្ដេចក្រឡាហោម ស ខេង ជាសេនាធិការលើវិស័យមហាផ្ទៃ។

ដោយសារស្មៀនជាតួអង្គសំខាន់មួយនៅគ្រប់ឃុំ សង្កាត់ នេះហើយ ទើបបានជាក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តបង្កើនការយកចិត្តទុកដាក់លើការបំពេញការងាររបស់ស្មៀន តួយ៉ាងមានសន្និបាតខាងមុខជាទឡ្ហីករណ៍។ នេះបើតាមការបន្ថែមពីលោកបណ្ឌិត ទូច សុឃៈ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


