ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃបង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើស និងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ
ថ្លែងក្នុងពិធីបិទសន្និបាតការងាររបស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហើបអំពីការត្រៀមលក្ខណៈពិនិត្យកែសម្រួលឡើងវិញនូវនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិទូទាំងប្រទេស។

ការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងនៅមួយថ្ងៃ បន្ទាប់ពីលោកក្នុងនាមប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានបើកកិច្ចប្រជុំពិនិត្យបញ្ហាប្រឈម និងសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះក៏រួមទាំងការពិនិត្យពិភាក្សាសំណើកែសម្រួលនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ។

បើតាមការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងរយៈកាលប្រមាណ២០ឆ្នាំមកនេះ ពោលគឺចាប់តាំងពីកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រជាពលរដ្ឋផ្ទាល់ ជាប្រវត្តិសាស្រ្តកាលពីឆ្នាំ២០០២ មេភូមិ អនុភូមិ និងសមាជិកភូមិ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមប្រឹក្សាឃុំ សង្កាត់ បានខិតខំបំពេញការងារយ៉ាងសកម្មតាមតួនាទី និងភារកិច្ច ពិសេសដើរតួនាទី ជាស្ពានទំនាក់ទំនងការងាររវាងពលរដ្ឋក្នុងភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីដោះស្រាយសំំណើ សំណូមពរ និងតម្រូវការផ្សេងៗ។
ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ឆ្លងកាត់បទពិសោធន៍នៃការអនុវត្តជាច្រើនមក ស្ថានភាពសង្គមកាន់តែមានការរីកចម្រើនប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសតម្រូវការអាទិភាពក្នុងកិច្ចការប្រចាំថ្ងៃនៅមូលដ្ឋានដែលពាក់ព័ន្ធនឹងតួនាទីថ្នាក់ដឹកនាំភូមិ ដែលទាមទារឱ្យមានការពិនិត្យកែសម្រួលឡើងវិញ ទាំងគោលការណ៍ នីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើស ដោយពិនិត្យលើអាយុ កម្រិតវប្បធម៌ និងអាណត្តិការងារ ធ្វើយ៉ាងណាដើម្បីធានារួមចំណែកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។

យោងតាមសេចក្ដីណែនាំលេខ០០៤ ចុះហត្ថលេខាដោយសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០០៦ ដែលអនុវត្តមកដល់បច្ចុប្បន្ន ក្នុងចំណោមលក្ខខណ្ឌមួយចំនួន គឺបេក្ខជនមេភូមិ អនុភូមិ និងសមាជិកភូមិ ត្រូវមានអាយុយ៉ាងតិច២៥ឆ្នាំ ចេះអាន និងសរសេរអក្សរខ្មែរ។ ថ្នាក់ដឹកនាំភូមិទាំង៣រូបនេះ មិនមានអាណត្តិ ដូចក្រុមប្រឹក្សាឃុំ សង្កាត់នោះឡើយ។ ជាទូទៅ កម្រមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំភូមិណាស់ លើកលែងតែពួកគាត់ទទួលមរណភាព ឬ មានកំហុសផ្ទុយនិងសេចក្ដីណែនាំលេខ០០៤៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


