ព័ត៌មានជាតិ
ផ្ទះទាំង៤របស់តាម៉ុក និងរូបថត១០០សន្លឹកបានក្លាយជាសារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង
សារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែងបច្ចុប្បន្នកំពុងមានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋខ្មែរយើងដែលចូលទៅទស្សនាដែលឋិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលក្នុងនោះសារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែងបានបង្ហាញពីផ្ទះទាំង៤របស់តាម៉ុក និងបង្ហាញពីរូបថត១០០សន្លឹកដែលបន្សល់ទុករំលឹកឲ្យកូនខ្មែរចងចាំទុកនិងការអប់រំដែលអាចជួយលើកកម្ពស់ ការយល់ដឹងនិងជាការឆ្លុះបញ្ចាំងស៊ីជម្រៅដោយបានបង្ហាញពីអតីតកាលដ៏ជូចត់នៃសម័យកាលវាលពិឃាត៣ឆ្នាំ៨ខែ២០ថ្ងៃ។

គួររំលឹកថា បន្ទាប់ពីការធ្វើសមាហរណកម្មរបស់តំបន់អន្លង់វែងនៅក្នុងឆ្នាំ១៩៩៨ ផ្ទះតាម៉ុកត្រូវបានប្រែក្លាយទៅជាសារមន្ទីរ២ឆ្នាំក្រោយមក។ចំណុចចាប់ផ្តើមនៃសារមន្ទីរនេះគឺមានត្រឹមតែជាសម្បកផ្ទះរបស់តាម៉ុកប៉ុណ្ណោះ ប៉ុន្តែគ្មានព័ត៌មានផ្សេងៗនៅឡើយទេ។ តែទោះជាយ៉ាងណាក៏ដោយ សារមន្ទីរនេះបានក្លាយជាទីតាំងដែលមានមនុស្សចូលទស្សនាច្រើនបំផុត បើប្រៀបធៀបទៅនឹងទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រចំនួន១៤កន្លែងផ្សេងទៀត នៅក្នុងស្រុកអន្លង់វែង ។ សារមន្ទីរនេះទទួលបានភ្ញៀវចូលទស្សនារាប់ម៉ឺននាក់ក្នុង១ឆ្នាំៗហើយប្រជាជនកម្ពុជាមានចំនួនច្រើនលើសលប់។ ដោយសារតែមានភាពចាំបាច់ដើម្បីធ្វើឲ្យសារមន្ទីរនេះមានភាពរស់រវើកឡើងវិញតាមរយៈការស្វែងយល់ឲ្យកាន់តែគ្រប់ជ្រុងជ្រោយថែមទៀតអំពីប្រវត្តិសាស្ត្រនៃសង្គ្រាមនិងសន្តិភាពនៅក្នុងប្រទេសកម្ពុជា មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងដែលជាគំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានិងក្រសួងទេសចរកំពុងបោះមួយជំហានទៅមុខទៀតក្នុងការដាក់តាំងពិព័រណ៍រូបថត១០០សន្លឹកនេះ។
តាមឯកសារបានបង្ហាញថាផ្ទះទី១ មានទ្រង់ទ្រាយជារោងដែលមានតែដំបូលគ្មានជញ្ជាំង។ នៅខាងមុខផ្ទះនេះភ្ញៀវទេសចរនឹងឃើញផ្ទាំងព័ត៌មានបង្ហាញពីព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រក៏ដូចជាផែនទីនៃទីតាំងប្រវត្តិសាស្ត្រទាំង១៨ កន្លែងក្នុងស្រុកអន្លង់វែង នៅខាងក្នុងផ្ទះមានឡានបាក់បែកមួយដែលមានស្លាកថា« ស្ថានីយ៍វិទ្យុចល័តរបស់ ប៉ុល ពត » នៅខាងស្តាំដៃនឹងមានទ្រុងដែកពីរ នៅខាងឆ្វេងដៃទ្រុងដែកទាំងពីរនេះត្រូវបានចងចាំថាទ្រុងសម្រាប់ឃុំឃាំងអ្នកទោសសំខាន់ពីរនាក់របស់តាម៉ុកឈ្មោះ សូ សារឿន ហៅ« តា០៥ » និងមៀច សាន ហៅ « តា០៦ » ។ អ្នកទាំងពីរនេះជាអតីតមេទ័ពរបស់ប៉ុល ពត អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាប្រជាធិបតេយ្យហើយមានការជឿជាក់ថាអ្នកទាំងពីរជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់សុន សេន ដែលជាអតីតឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកការពារជាតិនៃកម្ពុជាប្រជាធិបតេយ្យ។

ផ្ទះទី២បានបង្ហាញថាមានបន្ទប់មួយដែលលម្អដោយរូបគំនូរនៃប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ។នៅលើជញ្ជាំងមួយទៀតមានស្លាកព័ត៌មានមួយចង្អុលបង្ហាញឲ្យភ្ញៀវទេសចរឡើងទៅជាន់លើដែលមានដាក់តាំងពិព័រណ៍រូបថត ចាប់ផ្តើមចេញពីសម័យកាលមុនខ្មែរក្រហម។ នៅក្រៅបន្ទប់ដេករបស់តាម៉ុក មានរូបថតមន្ត្រីរបស់របបសាធារណរដ្ឋខ្មែរ(១៩៧០ដល់១៩៧៥)ដែលដឹកនាំដោយលោកសេនាប្រមុខលន់ នល់។ មុននឹងចុះទៅជាន់ក្រោមវិញទេសចរអាចទស្សនារូបថតដែលបង្ហាញពីការចាប់ផ្តើមនៃរបបកម្ពុជាប្រជាធិបតេយ្យនៅដើមឆ្នាំ១៩៧៥។
ផ្ទះទី៣ មានដាក់តាំងរូបថតដែលបង្ហាញពីរបបកម្ពុជាប្រជាធិបតេយ្យនិងចលនាខ្មែរក្រហមរហូតដល់ចុងបញ្ចប់នៃចលនានេះនៅឆ្នាំ១៩៩៨។ ចាប់ផ្តើមចេញពីជញ្ជាំងនៅខាងស្តាំដៃពិព័រណ៍រូបថតបង្ហាញពីទិដ្ឋភាពនៅដើមឆ្នាំ១៩៧៥ និងបន្តរហូតដល់ចន្លោះឆ្នាំ១៩៧៦និងឆ្នាំ១៩៧៧។រូបភាពដែលមានពណ៌បង្ហាញពីអំលុងឆ្នាំ១៩៧៨នៅពេលដែលអ្នកកាសែតកុម្មុយនិស្តនិយមឈ្មោះ ហ្វូនណា បឺតស្ត្រម មកធ្វើទស្សនកិច្ចនៅតាមសហករណ៍និងការដ្ឋានរបស់ខ្មែរក្រហម។
រូបភាពបន្ទាប់បង្ហាញពីអំលុងឆ្នាំ១៩៧៩នៅពេលដែលប្រជាជនកម្ពុជាធ្វើដំណើរត្រឡប់ទៅភូមិកំណើតរបស់ខ្លួនវិញ។ផ្នែកចុក្រោយរបស់ពិព័រណ៍រូបថតបង្ហាញពីសម័យកាលដែលតាម៉ុកកាន់អំណាចនិងការធ្វើសមាហរណកម្មទៅក្នុងរាជរដ្ឋាភិបាលកម្ពុជាវិញនៅឆ្នាំ១៩៩៨។ ផ្ទះទី៤គឺជាបន្ទប់សោតទស្សន៍ដែលភ្ញៀវទេសចរអាចចូលទៅទស្សនាភាពយន្តឯកសារ និងភាពយន្តថ្មីៗស្តីពីស្រុកអន្លង់វែង។ទេសចរក៏អាចប្រើប្រាស់បន្ទប់នេះដើម្បីឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្ររបស់សារមន្ទីរ៕
អត្ថបទ ៖ កញ្ញាវ៉ាត.

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ