ព័ត៌មានជាតិ
សម្តេចធិបតី៖ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ២ទសវត្ស បានជួយអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
ថ្លែងចេញពីវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាង ២ទសវត្សមកនេះបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន និងបានបង្ខិតសេវាកាន់តែជិតជូនពលរដ្ឋ។

ផ្អែកទៅលើសមិទ្ធផលជាវិជ្ជមាននៃការកែទម្រង់នៃថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពនៃការកែទម្រង់នេះទៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំក្របខណ្ឌយុទ្ធសាស្រ្តស្តីពីការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅឆ្នាំ២០០៥ ការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នៅឆ្នាំ ២០០៨ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅឆ្នាំ ២០០៩ និងបានដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
តាមរយៈការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅក្នុងរយៈពេលជាង ២ទសវត្ស កន្លងមកនេះ ទន្ទឹមនឹងការកសាងបាននូវក្របខណ្ឌគតិយុត្ត រចនាសម្ព័ន្ធស្ថាប័ន ក៏ដូចជាការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ សម្តេចធិបតី បានកត់សម្គាល់សមិទ្ធផលសំខាន់ៗចំនួន ៣។
ទី១ ការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅមូលដ្ឋាន ការធ្វើវិមជ្ឈការ ពិតជាបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការពង្រឹងស្ថេរភាពនយោបាយ អភិបាលកិច្ច ព្រមទាំងបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលមានការចូលរួមពីប្រជាពលរដ្ឋ ការកសាងឡើងវិញនូវមូលធនសង្គម និងមូលធននយោបាយដែលជាគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាព និរន្តភាព បរិយាប័ន្ន និងសមធម៌។

សមិទ្ធផលទី២ គឺការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន គោលបំណងចំបងនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងបែកចែកផលប្រយោជន៍និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ចីរភាព និងសមធម៌។ ដើម្បីសម្រេចបាន ការកែទម្រង់បានផ្តោតឡើងវិញលើរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងបំណងបង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ សំដៅបង្កលក្ខណៈងាយស្រួលឱ្យពលរដ្ឋទទួលសេវាបានឆាប់រហ័ស និងតម្លាភាព។ សម្តេចបញ្ជាក់ថា៖«ដូច្នេះខ្ញុំចាត់ទុកថា សមិទ្ធផលទី២នេះ គឺជាសមិទ្ធផលគន្លឹះពាក់ព័ន្ធនឹងការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងបរិមាណនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមគោលការណ៍នៃការបង្ខិតសេវាឱ្យទៅជិតពលរដ្ឋ»។

សមិទ្ធផលទី៣ គឺការចូលរួមកាត់បន្ថយភាពក្រីក្រដោយផ្ទាល់នៅមូលដ្ឋាន។ សម្តេចធិបតីបន្តថា៖«ភាពក្រីក្រគឺជាបញ្ហាសង្គមដ៏ធំមួយដែលរាជរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់កាត់បន្ថយជាបន្តបន្ទាប់»។ ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រនេះ រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវវិធានការចម្រុះក្នុងការជំរុញលើការអភិវឌ្ឍលើគ្រប់វិស័យ និងការអនុវត្តគោលនយោបាយគាំពារសង្គម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


