Connect with us

ព័ត៌មានជាតិ

ក្រោយរងការរិះគន់! ការប្រឡងសិស្សពូកែថ្នាក់ជាតិរៀបចំពិធីបើកនៅព្រឹកនេះ ឯការប្រឡងនឹងចាប់ផ្ដើមនៅថ្ងៃស្អែក

បានផុស

នៅ

ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឆ្នាំសិក្សា២០២៤-២០២៥ ត្រូវបានរៀបចំពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែមេសា នេះ ដែលរៀបចំឡើងនៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំការប្រឡងនាពេល ធ្វើឡើងបន្ទាប់ពីឆ្លងកាត់រលកនៃការរិះគន់របស់អ្នកប្រើប្រាស់បណ្ដាញសង្គមជុំវិញការផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស។ សូមរម្លឹកថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ញើទៅកាន់ប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ដោយសម្រេចផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ប៉ុន្តែក្រសួងលើកទឹកចិត្តឱ្យបណ្តារាជធានី-ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី-ខេត្ត ដោយខ្លួនឯង។ បន្ទាប់ពីការផ្អាកនេះ មានសាធារណជនជាច្រើន ពិសេសនៅតាមបណ្តាញសង្គមបានបង្ហាញការមិនពេញចិត្ត ចំពោះការសម្រេចរបស់ក្រសួងអប់រំ។ ទើបនៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងអប់រំ សម្រេចឱ្យបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឡើងវិញ។

យោងតាមរបាយការណ៍របស់ លោក ហួ ឈុនគ្រី អគ្គាធិការ នៃអគ្គាធិការដ្ឋាន បានឱ្យដឹងថា បេក្ខជនដែលចូលរួមការប្រឡងនាឆ្នាំនេះ គឺមានចំនួន២៤០នាក់។ ការប្រឡងនៅលើកនេះ  គឺបែងចែកជាពីរកម្រិត គឺសម្រាប់សិស្សានុសិស្សដែលកំពុងសិក្សាត្រឹមថ្នាក់ទី៩ មានបេក្ខជនចូលរួមប្រឡងចំនួន១២០នាក់ ក្នុងនោះស្រី៦៦នាក់ និងសិស្សានុសិស្សដែលសិក្សានៅថ្នាក់ទី១២ បេក្ខជនចូលរួមប្រឡងចំនួន១២០នាក់ ក្នុងនោះស្រី៦០។ មុខវិជ្ជាគោល ដែលកំណត់ឱ្យប្រឡងនៅក្នុងការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិនេះ  គឺមានដូចជាមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ, គណិតវិទ្យា និងរូបវិទ្យា។  តាមលោក ហួ ឈុនគ្រី បេក្ខជន នឹងត្រូវប្រឡងវិញ្ញាសាឯកទេស(តាមមុខវិជ្ជា)រយៈពេល៣ម៉ោង និងវិញ្ញាសាចំណេះដឹងទូទៅរយៈពេល៣ម៉ោង ដែលការប្រឡង ចាប់ផ្ដើមប្រឡងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥  និងបញ្ចប់ទៅវិញនៅថ្ងៃទី២៨ ខែមេសា។

បើតាមលោក ហួ ឈុនគ្រី ការប្រឡងនឹងកំណត់ជ័យលាភីលើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរចាប់ពីជ័យលាភីលេខ១ ដល់លេខ៥ , គណិតវិទ្យា ចាប់ពីជ័យលាភីលេខ១ ដល់លេខ៥ និងរូបវិទ្យាចាប់ពីជ័យលាភីលេខ១ ដល់លេខ៥។ បេក្ខជនជ័យលាភីពីលេខ១ដល់លេខ៥ នឹងទទួលបានប្រាក់រង្វាន់មួយចំនួន និងទទួលអាហារូបករណ៍ក្នុងតម្លៃ១០០% និង៧៥% ពីសាកលវិទ្យាល័យចំនួន០២ ក៏ដូចជាទទួលបានឱកាសចេញទៅប្រឡងសិស្សពូកែនៅក្រៅប្រទេសបន្ថែមទៀត។

គណៈមេប្រយោគ ប្ដេជ្ញារៀបចំការប្រឡង និងការធ្វើកំណែប្រឡងប្រកបដោយប្រសិទ្ធភាព និងតម្លាភាព យុត្តិធម៌ ដើម្បីឱ្យបេក្ខជនចូលរួមទទួលបានជ័យលាភីដោយក្ដីមោទន។

តំណាងបេក្ខជនប្រឡងសិស្សពូកែថ្នាក់ជាតិ យុវជន វី ណាវីត សិស្សពូកែអក្សរសិល្ប៍ខ្មែរ  មកពីវិទ្យាល័យខ្សាច់កណ្ដាល ប្ដេជ្ញាគោរពវិន័យបទបញ្ញត្តិនៃការប្រឡង ប្រើប្រាស់ បញ្ចេញសមត្ថភាពផ្ទាល់ខ្លួនឱ្យអស់ ដើម្បីដណ្ដើមជ័យលាភីដោយយុត្តិធម៌ រក្សាបានប្រពៃណីល្អនៃការប្រឡងសិស្សពូកែឱ្យបានដាច់ខាត។

បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ ចាត់ទុកការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិនាពេលនេះ នឹងក្លាយជាអនុស្សាវរីយ៍ដ៏មានអត្ថន័យប្រចាំជីវិតមួយសម្រាប់សិស្សពូកែទៅថ្ងៃអនាគត ហើយការប្រឡងនេះ នឹងបង្កើតបានជាក្ដីមោទនមួយសម្រាប់បេក្ខជន និងអាណាព្យាបាល។

លោកបណ្ឌិតសភាចារ្យ ផ្ដាំឱ្យបេក្ខជនទាំងអស់គោរពបទបញ្ញត្តិនៃការប្រឡង ដោយមិនត្រូវរំលោភបំពានបទបញ្ញត្តិណាមួយឡើយ ព្រោះអាចនឹងបរាជ័យ ធ្លាក់ជាស្វ័យប្រវត្តិ យកសមត្ថភាពផ្ទាល់ខ្លួនដណ្ដើមជ័យលាភីប្រកបដោយកិត្តិយសជូនខ្លួនឯងផង សាលាផង ​និងមាតាបិតាផង។

គួរឱ្យដឹងថា សម្រាប់លទ្ធផលជាផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី៖ មីស៊ីល​ដែល​រុស្ស៊ី​ប្រើ​បាញ់​ស្រោច​លើ​ក្រុង​កៀវ គឺ​ជា​របស់​កូរ៉េ​ខាង​ជើង

សន្តិសុខសង្គម២២ ម៉ោង មុន

ម្ចាស់គណនីហ្វេសប៊ុក “You Ri” ដែលធ្វើទង្វើអសីលធម៌បង្ហាញលើបណ្តាញសង្គម ត្រូវហៅមកណែនាំ និងធ្វើកិច្ចសន្យា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នៅចិន ក្រុម​គ្រួសារអ្នកស្លាប់​​ប្ដឹង​អ្នក​​​ចូលរួម​ផឹកស៊ី​ក្នុងពិធី​ជប់លៀង ​ធ្វើ​ឱ្យ​កូនខ្លួន​ស្រវឹង​បើក​បរគ្រោះថ្នាក់​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនគ្រូហោរាម្នាក់ដែលទស្សន៍ទាយពីការរញ្ជួយដីមិនពិតនៅលើ TikTok

Sokha Hotels

ព័ត៌មានពេញនិយម