Connect with us

ព័ត៌មានជាតិ

កសិករ១រូបនៅខេត្តមណ្ឌលគិរី មិនបោះបង់ចោលមុខរបរដាំដំឡូងមីឡើយ ព្រោះជឿថាវាមិនដែលធ្លាក់ថ្លៃរហូតទេ

បានផុស

នៅ

ត្បិតថា នៅឆ្នាំនេះ តម្លៃដំឡូងមីលក់មិនសូវបានថ្លៃខ្ពស់ ក៏ប៉ុន្តែ ប្រជាកសិករ១រូបនៅក្នុងខេត្តមណ្ឌលគិរី មិនព្រមបោះបង់ចោលមុខរបរមួយនេះនោះទេ។ នេះ ក៏ព្រោះថា កសិកររូបនេះ ជឿជាក់ថា នៅឆ្នាំខាងមុខ តម្លៃដំឡូងមី មានទីផ្សារល្អ ពោល គឺវាមិនដែលធ្លាក់ថ្លៃរហូតនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី វិច សារឿង អាយុ៥៨ឆ្នាំ មានទីលំនៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ថា គាត់មានមុខរបរដាំដំឡូងមីនេះ ជាច្រើនឆ្នាំកន្លងមកហើយ។ ដំឡូងមីដែលគាត់បានដាក់ដាំជារៀងរាល់ឆ្នាំ គឺនៅលើផ្ទៃដីជាងមួយហិកតា ហើយការប្រមូលផលដំឡូងមីនៅលើផ្ទៃដីជាងមួយហិកតានេះក្នុងមួយឆ្នាំៗប ទទួលបានប្រាក់ចំណូលច្រើនគួរសមផងដែរ បើសិនជាតម្លៃដំឡូងមីមានតម្លៃល្អ។

ក៏ប៉ុន្តែ ដោយសារតម្លៃដំឡូងមីនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំនេះ មានការធ្លាក់ចុះ ធ្វើឱ្យការប្រកបអាជីវកម្មកសិកម្មរបស់គាត់មិនទទួលបានប្រាក់ចំណេញ ឬខាតបង់បន្តិចបន្តួចថែមទៀតផង។ យ៉ាងណាមិញ កសិកររូបនេះ បានអះអាងថា ពាក់ព័ន្ធនឹងការដាំដុះដំឡូងមីនេះ គាត់នៅតែបន្តមុខរបរកសិកម្មដំណាំមួយប្រភេទនេះដដែល ហើយមិនមានមុខរបរកសិកម្មអ្វីផ្សេងក្រៅពីដំណាំនេះឡើយសម្រាប់ទ្រទ្រង់សេធកិច្ចគ្រួសាររបស់គាត់។ ថ្វីបើដំណាំនេះ ការប្រមូលផលមួយឆ្នាំបានតែម្តងក៏ដោយ ហើយស្របពេលឆ្នាំនេះតម្លៃដំឡូងមីក៏មិនសូវបានតម្លៃល្អក៏ពិតមែន ក៏កសិករនៅខេត្តមណ្ឌលគិរីរូបនេះ នៅតែប្រកបរបរដាំដំឡូងមីនេះតទៅទៀត។

គាត់បញ្ជាក់ថា ដោយមានបទពិសោធច្រើនឆ្នាំក្នុងការប្រកបមុខរបរកសិកម្មដាំដំឡូងមីនេះ គាត់មិនជឿថា តម្លៃដំឡូងមីមានការធ្លាក់ចុះតម្លៃនៅឆ្នាំខាងមុខទៀតនោះទេ ពោល គឺវាហក់អាចឡើងថ្លៃវិញទៅតាមទីផ្សារហាងឆេងសេដ្ឋកិច្ច។ ជាមួយគ្នានេះ គាត់ក៏រំពឹងថា រាជរដ្ឋាភិបាល នឹងព្យាយាមរកក្រុមហ៊ុនដៃគូសហការមកវិនិយោគក្នុងវិស័យដំឡូងមីនេះនៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើនបន្ថែមទៀតដែលធ្វើឱ្យកម្ពុជា អាចមានទីផ្សារតម្លៃដំឡូងមីល្អសម្រាប់ប្រជាកសិករ អាចរកចំណូលបានច្រើនពីការប្រកបរបរកសិកម្មមួយនេះ។

អ្នកស្រី វិច សារឿង បានផ្ដាំទៅកសិករផ្សេងសូមកុំមានការបាក់ទឹកចិត្តអំពីតម្លៃដំឡូងនៅក្នុងឆ្នាំនេះ បើទោះបីជាមិនសូវចំណេញ ឬមានការខាតបង់បន្តិចបន្ទួចក្តី គួរនាំគ្នាខំប្រឹងដាំដំណាំមួយនេះឱ្យបានច្រើនបន្តទៅទៀត ព្រោះតម្លៃដំឡូងអាចហក់ឡើងវិញនៅឆ្នាំខាងមុខ៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម