Connect with us

សេដ្ឋកិច្ច

កម្ពុជា​ រកចំណូល​បាន​ជាង ​៣៧៦ ​លានដុល្លារ ​ពីការ​នាំចេញ​ដំឡូងមី​ នៅ​​រយៈពេល ​៣ ​ខែ ឆ្នាំនេះ

បានផុស

នៅ

កម្ពុជា​រក​ចំណូល​បានជាង ៣៧៦ លានដុល្លារ ​ពីការនាំចេញដំឡូងមី នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៦ (មករា-មីនា) ២០២៦ កើនឡើង ១៦,២៦% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥ ​ខណៈកម្ពុជា​បាន​បង្កើនការ​កែច្នៃលើកកម្ពស់គុណភាព​ដំឡូង​មី​​ស្រប​តាម​តម្រូវការ​ទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អិល ឈិញ ប្រធានសមា​គមកសិករដំឡូងមីខ្មែរ ​ប្រាប់កម្ពុជាថ្មីថា​ តម្លៃដំឡូងមីស្រស់​បាន​​កើន​ឡើងវិញដល់ជាង ​៣០០ រៀល ​ក្នុង​មួយ​គីឡូ ​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ ​២០២៦ ​ដោយសារ​ការកើនឡើងនៃតម្រូវការសកល។

​លោក អិល ឈិញ ​បន្ថែមថា៖ «តម្លៃដំឡូងមីស្រស់នៅភាគខាងជើង ​២៩០ រៀល ក្នុងមួយគីឡូ ​នៅ​ភូមិ​ភាគ​កណ្ដាល ​មានខេត្តកំពង់ធំ ​ខេត្តកំពង់ចាម ឡើងដល់ ៤០០ រៀល ក្នុងមួយគីឡូ ​និង​ភាគ​ខាង​លិច​​មាន​ខេត្ត​បាត់​ដំបង​ ខេត្តប៉ៃលិន ​ឡើង​ដល់ជាង​ ៣០០ រៀល ក្នុង​មួយគីឡូ​»។​

​បើតាម​ប្រធានសមាគមដំឡូងមី នៅក្នុង​ឆ្នាំ ២០២៦ ​កសិករ​ភាគច្រើន​ធ្វើដំឡូងមីស្ងួត ​ដែល​ទទួល​បាន​តម្លៃ​ខ្ពស់ ​រហូតដល់ជាង ​៦០០ រៀល ​ក្នុង​មួយ​គីឡូ។ ​ទីផ្សារ​ដំឡូងមីកម្ពុជា ​មាន​ប្រទេស​វៀតណាម ចិន​ និង​ការ​ប្រើប្រាស់​ក្នុងស្រុក។ ​

​រាជរដ្ឋាភិបាល​បានខិតខំ​ជំរុញ ​និង​ពង្រីកទីផ្សារនាំចេញដំឡូងមី​រហូតដល់ប្រមាណ ​១០ លានតោន ទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ ២០២៥​។

​យោងតាមក្រសួងពាណិជ្ជកម្ម នៅ​ក្នុង​ឆ្នាំ ​២០២៥ ​កម្ពុជា​រក​ចំណូលបាន ​៦៤៦ ​លានដុល្លារ ​ពីការ​នាំ​ចេញ​ដំឡូងមី ​ធ្លាក់ចុះ ១៤,៤៨% ​ប្រៀបធៀប​នឹង​ឆ្នាំ ​២០២៤។​ ​

បរិមាណ​នាំ​ចេញ​ដំឡូងមីស្រស់មានចំនួន ​៣ ១០៥ ៥០០ តោន ធ្លាក់​ចុះ​ ៩,៨២% នៅក្នុងឆ្នាំ ២០២៥ រីឯចំណិតដំឡូងមីក្រៀម​បាន​កើនឡើង ៦២,២២% ដែលមានចំនួន ១ ៥៦៥ ៩៤០ តោន ប្រៀប​ធៀប​ឆ្នាំ ២០២៤៕​

​អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម