Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនចិនបោះទុន ២០ លានដុល្លារ សាងសង់រោងចក្រកែច្នៃ​ដំឡូងមី ​នៅកំពង់ស្ពឺ

បានផុស

នៅ

ក្រុមហ៊ុនរបស់ចិន Guanshen Shengda Agriculture Industry Co., Ltd. បោះទុនវិនិយោគប្រមាណ ២០ លានដុល្លារ ​សាងសង់រោងចក្រកែច្នៃដំឡូងមីនៅខេត្តកំពង់ស្ពឺ ដែលជាជំហានសំខាន់មួយ​ក្នុង​ការ​រួមចំណែកបង្កើតតម្លៃបន្ថែម សម្រាប់វិស័យដំឡូងមី និងពង្រីកវិស័យកសិ-ឧស្សាហកម្ម​របស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលសាងសង់រោងចក្រនេះរួមរាល់ រំពឹងថានឹងពង្រឹងសមត្ថភាពកែច្នៃក្នុងស្រុក គាំទ្រកសិករ និងជំរុញកំណើននៃការនាំចេញ។

លោក សុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ «វិស័យដំឡូងមីកំពុងផ្លាស់ប្តូរពីការនាំចេញក្នុងទម្រង់ជាវត្ថុធាតុដើម ទៅរកការកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់»។

កម្ពុជាមានបរិមាណផលិតកម្មដំឡូងមីប្រមាណ ១៣,៨៩ លានតោន ក្នុងឆ្នាំ២០២៣ ហើយ វិស័យនេះបន្តទាក់ទាញការវិនិយោគឯកជនធំៗ ស្របតាមគោលដៅអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា។

បច្ចុប្បន្ន មានរោងចក្រកែច្នៃដំឡូងមីចំនួន ១៦ (កើនឡើង ៩ រោងចក្រ ធៀបនឹងឆ្នាំ២០២០ ដែលមានតែ ៧ រោងចក្រ) កំពុងដំណើរការ ដែលបង្ហាញពីកំណើន យ៉ាងឆាប់រហ័ស នៃសមត្ថភាពកែច្នៃក្នុងស្រុក។

ទន្ទឹមនឹងនេះ កម្ពុជាក៏បានអភិវឌ្ឍស្តង់ដាជាតិចំនួន ៤ សម្រាប់វិស័យដំឡូងមី រួមមានស្តង់ដា CS056:2007 សម្រាប់ផលិតម្សៅដំឡូងមី (Tapioca Flour), ស្តង់ដា CS058:2008 សម្រាប់ម្សៅអាមីដុងដំឡូងមី (Tapioca Starch), ស្តង់ដា CS328:2014 សម្រាប់ដំឡូងមីផ្អែម និងស្តង់ដា CS516:2014 CAR/RCP73-2013 សម្រាប់គ្រប់គ្រងអាស៊ីត Hydrocyanic (HCN) ដើម្បីឆ្លើយតបទៅនឹងតម្រូវការគុណភាពផលិតផល និងតម្រូវការទីផ្សារ។

បន្ទាប់ពីការសាងសង់ និងដាក់ឱ្យដំណើរការ រោងចក្រនេះរំពឹងថានឹងទទួលចំណូល ពីការលក់ប្រចាំឆ្នាំប្រមាណ ៩០ លានដុល្លារអាមេរិក ដោយមានសមត្ថភាពផលិត ម្សៅដំឡូងមី សម្រេច ១០០.០០០ តោន, ចំណិតដំឡូងមីស្ងួត ១០០.០០០ តោន និងសំណល់ សម្រាប់ ចំណីសត្វ ៣០.០០០ តោន ក្នុងមួយឆ្នាំ។

យោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជា​រក​ចំណូល​បានជាង ៣៧៦ លានដុល្លារ ​ពីការនាំចេញ​ដំឡូងមី នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៦ (មករា-មីនា) ២០២៦ កើនឡើង ១៦,២៦% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥។

នៅ​ក្នុង​ឆ្នាំ ​២០២៥ ​កម្ពុជា​រក​ចំណូលបាន ​៦៤៦ ​លានដុល្លារ ​ពីការ​នាំ​ចេញ​ដំឡូងមី ​ធ្លាក់ចុះ ១៤,៤៨% ​ប្រៀបធៀប​នឹង​ឆ្នាំ ​២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម