Connect with us

ព័ត៌មានជាតិ

រោងចក្រចំនួន ៤១ បានរៀបចំកម្មវិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា មានកម្មករ-និយោជិតចូលរួមជាង ១ ម៉ឺននាក់

បានផុស

នៅ

លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លើក​ឡើង​ថា «រោងចក្រ​ចំនួន ៤១ បាន​រៀបចំ​កម្មវិធី​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ដែល​មាន​កម្មករ-និយោជិត ចូលរួម​ប្រមាណ​ជាង ១ ម៉ឺន​នាក់ ខណៈ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រាជធានី-ខេត្ត បាន​ធ្វើ​ជា​សេនាធិការ​ជូន​រដ្ឋបាល​រាជធានី-ខេត្ត ក្នុង​ការ​រៀបចំ​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ទៅ​តាម​ទីកន្លែង និង​កម្មវិធី​រៀងៗ ខ្លួន ប្រកប​ដោយ​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ បន្ទាប់ពី​មាន​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា កាលពី​ថ្ងៃ​ទី ០១ ខែ​ឧសភា ឆ្នាំ ២០២៥ ម្សិលមិញ ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​បរិយាកាស​រីករាយ ស្និទ្ធស្នាល និង​មាន​ការ​ចូលរួម​កាន់តែ​សកម្ម និង​ផុលផុស​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ក្រោម​ម្លប់​សុខ​សន្តិភាព​នៅ​កម្ពុជា។

លោក ស៊ុន មេសា លើក​ឡើង​បន្ត​ថា ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំនេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​បរិយាកាស​រីករាយ ស្និទ្ធស្នាល និង​មាន​ការ​ចូលរួម​កាន់តែ​សកម្ម និង​ផុលផុស​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ក្រោម​ម្លប់​សុខ​សន្តិភាព​នៅ​កម្ពុជា ដែល​បាន​នាំ​មក​នូវ​ស្ថិរភាព​អាជីវកម្ម​សុខដុម​នីយកម្ម នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ អធ្យាស្រ័យ​ល្អ​រវាង​កម្មករ-និយោជិត និង​និយោជក ប្រសិទ្ធភាព នៃ​យន្តការ​ត្រី​ភាគី ការ​លើក​កម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ លក្ខខណ្ឌ​ការងារ​កាន់តែ​ល្អ​ប្រសើរ យន្តការ​ដោះស្រាយ​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​ជា​ធរមាន​របស់​កម្ពុជា និង​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ។

លោក ស៊ុន មេសា បន្ត​ទៀត​ថា ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ដ៏​រីករាយ និង​អធិកអធម ហើយ​ក្លៀវក្លា​នេះ រាជរដ្ឋាភិបាល ក្រសួង កម្មករ សហជីព និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត ប្រមាណ​ជាង ៣ ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស មកពី​គ្រប់​និន្នាការ បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ នៅ​ទីតាំង​ផ្សេងៗ គ្នា ដែល​ជា​ការ​បង្ហាញ​ពី​ផ្កា​ចម្រុះ​ពណ៌ នៃ​សួន​សុខ​សន្តិភាព​របស់​កម្ពុជា បង្កើត​ឡើង និង​បន្ត​ថែរក្សា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​បញ្ជាក់​ថា ការ​រៀបចំ​ប្រារព្ធ​យ៉ាង​អធិកអធម និង​រីករាយ​នេះ គឺជា​មនុញ្ញផល​ក្រោម​ម្លប់​សុខ​សន្តិភាព​ដ៏​ត្រជាក់​នៅ​កម្ពុជា​ដែល​បាន​ផ្តល់​ឱកាស​ពេញលេញ​ដល់​គ្រប់​សហជីព និង​អង្គការ​វិជ្ជាជីវៈ​ឲ្យ​ប្រារព្ធ និង​សម្ដែង​មតិ​យ៉ាង​ទូលំទូលាយ ស្ដែង​ពី​លំហ នៃ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​គ្រប់​អាណត្តិ ជាពិសេស​អាណត្តិ​ទី ៧ នេះ បាន​បន្ត​ផ្ដល់ និង​លើក​កម្ពស់​ឥត​ឈប់ឈរ​ទាំង​ផ្នែក​ជីវភាព និង​សិទ្ធិ​ការងារ​គ្រប់​បែបយ៉ាង ធ្វើ​ឲ្យ​វិស័យ​ការងារ​នៅ​កម្ពុជា​រីក​ចម្រើន​គួរ​ជាទី​មោទនៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ចង់​បាន និង​ពេញចិត្ត។

គួរ​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​មេសា ឆ្នាំ ២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​អង្គការ​វិជ្ជាជីវៈ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សមាគម​បុគ្គលិក​សិក្សា​ចំនួន ៥ ៦៩៦ នាក់ ហើយ​ដោយឡែក​នៅ​ថ្ងៃ​ទី ២៩ ខែ​មេសា ឆ្នាំ ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ-និយោជិត ចំនួន ២ ៧១០ នាក់ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ស្វាយរៀង។

ជាមួយ​នេះ កាលពី​ថ្ងៃ​ទី ១ ខែ​ឧសភា ឆ្នាំ ២០២៥ មាន​រៀបចំ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ចំនួន ៤ ទីតាំង និង​ទីតាំង​ផ្សេងៗ ទៀត ដូចជា នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក កម្មករ-និយោជិត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី និង​ទីតាំង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ​, សួនច្បារ​កោះនរា​ហ៍ ​, សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាន​រៀបចំ​កម្មវិធី​ជួបជុំ ដោយ​សហភាព​សហជីព​ចំនួន ២៤ សម្ព័ន្ធ​សហជីព អង្គការ សង្គម​ស៊ីវិល និង​ដៃគូ​សង្គម ដែល​មាន​អ្នកចូលរួម​សរុប​ប្រមាណ ៤ ៦០០ នាក់ ព្រមទាំង​មាន​ការ​ប្រគល់​ញត្តិ​ជូន​តំណាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តំណាង​រដ្ឋសភា និង​តំណាង​ខុទ្ទកាល័យ​សម្ដេច​ធិបតី៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម