ព័ត៌មានជាតិ
ព្រែកជីកហ្វូណនតេជោ កាត់ភូមិសាស្រ្តខេត្តកណ្តាល គ្រោងបោះបង្គោលព្រំដីចំនួន ២៤០ ចាប់ពីព្រែកពោធិ៍ដល់ព្រំប្រទល់ខេត្តតាកែវ
ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានរៀបចំកិច្ចប្រជុំមួយដើម្បីពិនិត្យលើផែនការសកម្មភាពការចុះបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកណ្តាល។
កិច្ចប្រជុំនេះដឹកនាំដោយ លោក ម៉ក់ ស៊ីដេត អនុរដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន និងមានការចូលរួមពីមន្រ្តីបច្ចេកទេសសម្រាប់ការចុះពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទីសម្រាប់ទីតាំងភូមិសាស្ត្រខេត្តកណ្តាល។

មន្រ្តីចូលរួមកិច្ចប្រជុំបានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលើផែនការសកម្មភាពចុះបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយចាប់ផ្តើមពីចំណុចភ្ជាប់ពីព្រែកពោធិ៍នៃទន្លេបាសាក់ រហូតដល់ព្រំប្រទល់ខេត្តកណ្ដាលនិងខេត្តតាកែវ ដែលគ្រោងបោះបង្គោលសរុប ចំនួន ២៤០បង្គោល។
ការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ក្រុមការងារនឹងបែងចែកជាក្រុមតូចៗចំនួន ៤ ក្រុម ដោយគ្រោងចុះអនុវត្តការងារបោះបង្គោល ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ។



មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានអះអាងថា គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់វឌ្ឍភាពតាមការគ្រោងទុក ,និរន្តរភាព និងឯករាជ្យដឹកជញ្ជូនផ្លូវទឹក។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៣ ខែកុម្ភៈឆ្នាំ ២០២៥ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានចំណាយរយៈពេល ៥៥ ថ្ងៃរួចមកហើយ ដើម្បីចុះប្រមូលទិន្នន័យ បង្កើតបណ្តាញប្រព័ន្ធប្រតិភីវិភាគ (BM) សរុបបានចំនួន ៤០ ទីតាំង និងបានបញ្ចប់ការថតយករូបភាពពីលើអាកាស សម្រាប់កំណាត់ទី២ ទាំងស្រុង ហើយការថតយករូបភាពពីលើអាកាសដោយប្រើប្រាស់ឧបករណ៍ដ្រូនផែនទីទំនើបនេះ ត្រូវបានផលិតផែនទីលម្អិត និងផលិតផែនទីភូមិសាស្រ្ត3D សរុបលើផ្ទៃដីប្រមាណ១៥.៨៣៦ ហិកតារួចមកហើយ។

ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំចិននៅកម្ពុជា កិច្ចព្រមព្រៀង និងកិច្ចសន្យា ចំនួន ៥ ច្បាប់ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោងព្រែកជីកហ្វូណនតេជោ) ត្រូវបានចុះហត្ថលេខាជាផ្លូវការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយក្រុមហ៊ុនវិនិយោគ និងរវាងក្រុមហ៊ុនវិនិយោគកម្ពុជា និងក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិន។
កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង ៥ ពាក់ព័ន្ធរួមមាន៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (២) កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។
កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង ៥ នេះ នឹងធ្វើឱ្យដំណើរការនៃការវិនិយោគ ការសាងសង់ និងប្រតិបត្តិការណ៍ព្រែកជីកហ្វូណនតេជោប្រកបដោយភាពរលូន និងច្បាស់លាស់។
គម្រោងព្រែកជីហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកថាការបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។ មានប្រវែងជាង ១៧៤ គ.ម ដែលត្រូវសាងសង់ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយដែលអាចឲ្យនាវាមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWT ទៅមក និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងព្រែកជីកប្រវត្តិសាស្រ្តនេះ នឹងបង្កើតបណ្តាញផ្លូវទឹកដែលមានភាពប្រទាក់ក្រឡា និងអាចតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយនិងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងអាចតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្របានផងដែរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


