ព័ត៌មានជាតិ
ក្រសួងបរិស្ថាន ព្រមានបិទទ្វាររោងចក្រស្បែកជើងដែលបញ្ចេញផ្សែងពុលប៉ះពាល់ពលរដ្ឋនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ក្រសួងបរិស្ថាន ព្រមានបិទទ្វាររោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងករណីមិនគោរពតាមវិធានការអន្តរកាលរបស់ក្រសួងដែលដាក់ចេញ។ ការព្រមាននេះ ធ្វើឡើង បន្ទាប់ពីក្រុមការងារក្រសួងបរិស្ថាន ភាគីពាក់ព័ន្ធកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រកឃើញថារោងចក្រស្បែកជើងនេះ បញ្ចេញផ្សែង និងក្លិន ដល់ខ្យល់បរិយាកាស និងជះផលប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋប្រមាណ៤០គ្រួសារនៅក្នុងមូលដ្ឋានក្បែររោងចក្រ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងថា នៅលើទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនមានឡចំហាយមានចំនួន ០១គ្រឿង ដំណើរការដោយប្រើអុស លាយកម្រេចជ័រដើម្បីដុត និងពុំមានប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវទេ។ ដូចគ្នាដែរ ក្រុមហ៊ុន មានឡដុតរំលាយជ័រ ចេញជាគ្រាប់ ដោយពុំមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ទេ។

តាមលោក ខ្វៃ អាទិត្យា ក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាបកែឆ្នៃ ឱ្យបានត្រឹមត្រូវផងដែរ។ ក្នុងពេលចុះពិនិត្យ ក្រុមការងារ បានធ្វើតេស្តសារធាតុបំពុលខ្យល ចំនួនពីរទីតាំងផ្សេងគ្នា នឹងបានរកឃើញថាសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារ។ នៅលើទីតាំងឡដុតចំហាយ ក្រុមការងារពិនិត្យឃើញថាសារធាតុ៖កាបូនម៉ូណូអុកស៊ីត (CO) = 1657 ppm,អាសូតអុកស៊ីត (NOx) = 15,0 ppm, អាសូតម៉ូណូអុកស៊ីត (NO) = 50,0 ppm, ស្ពានធ័រឌីអុកស៊ីត (SO2)= 426 ppm, ស៊ីតុណ្ហភាព (flow gas t) = 161,7 °C។

លោក ខ្វៃ អាទិត្យា ឱ្យដឹងទៀតថា នៅទីតាំងឡដុតស្លរំលាយជ័រ សារធាតុ៖កាបូនម៉ូណូអុកស៊ីត (CO) = 23,0 ppm, អាសូតអុកស៊ីត (NOx)= 2,0 ppm, អាសូតម៉ូណូអុកស៊ីត (NO)= 2,0 ppm, ស្ពានធ័រឌីអុកស៊ីត (SO2) = 66,0 ppm, ស៊ីតុណ្ហភាព (flow gas te) = 49,9 °C និងមានក្លិនឆ្ងៀមខ្លាំង។

តាមលោក ខ្វៃ អាទិត្យា នៅចំពោះមុខ ក្រុមការងារបានចាត់វិធានការច្បាប់បណ្ដោះអាសន្នចំពោះក្រុមហ៊ុន ដែលបានល្មើសនឹងលិខិតបទដ្ឋានគតិយុត្តបរិស្ថាន និងដែលបានបង្កការបំពុលបរិស្ថាន ដោយផ្សែង និងក្លិន ដែលល្មើសនឹងមាត្រា ១៥៦, ១៧៣,១៧៦, ៣១២, ៣១៣,៣១៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ក្រសួងបរិស្ថាន ផ្អាកដំណើរការឡចំហាយជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុន បានអនុវត្តកែសម្រួលប្រព័ន្ធសម្អាតសាធារធាតុបំពុលខ្យល់ និងក្លិនរួចរាល់ និងរហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន និងពិន័យអន្តរការណ៍ទៅតាមច្បាប់កំណត់។

ក្រសួងក៏ បង្គាប់ឱ្យក្រុមហ៊ុនត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ តាមការវាយតម្លៃជាក់ស្តែង ហើយក្រុមហ៊ុនត្រូវកែតម្រូវវិធានការបច្ចេកទេសលើការទុកដាក់វត្ថុធាតុដើម ទីតាំងទុកដាក់សំណល់ផេះ និងសំណល់រឹងគ្រប់ប្រភេទ ដោយអនុលោមការគោលការណ៍បច្ចេកទេសនិងច្បាប់ជាធរមាន និងត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រូវបង់មូលនិធិទាយជ្ជទានបរិស្ថានប្រចាំដូចបានចែងក្នុងកិច្ចសន្យាចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


