ព័ត៌មានជាតិ
សមាជិកភាពរបស់ទីម័រ នាយករដ្ឋមន្ត្រីកម្ពុជា ថា បានពង្រឹងសមត្ថភាពអាស៊ានក្នុងការដោះស្រាយបញ្ហាតំបន់
លើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា ការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ជាការពង្រឹងឯកភាព និងបរិយាបន្នរបស់អាស៊ាន ហើយនឹងធ្វើឱ្យសមត្ថភាពរបស់អាស៊ានកាន់តែរឹងមាំក្នុងការដោះស្រាយបញ្ហាតំបន់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹង និងជាប់លាប់របស់កម្ពុជាចំពោះសមាជិកភាពពេញលេញរបស់ប្រទេសទីម័រឡេស្តេក្នុងអាស៊ាន នៅក្នុងឆ្នាំនេះ។ ការចូលជាសមាជិករបស់ប្រទេសទីម័រឡេស្តេ សម្ដេចធិបតី គូសបញ្ជាក់ថា «នឹងមិនត្រឹមតែពង្រឹងឯកភាព និងបរិយាបន្នរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹង សមត្ថភាពរួមរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមនានា»។ នេះគឺជាខ្លឹមសារ ដែលចេញដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាយប់ថ្ងៃទី២៧ ខែឧសភា ក្រោយកិច្ចប្រជុំកំពូលអាស៊ាន ដែលរៀបចំឡើងដោយម៉ាឡេស៊ី ត្រូវបានបិទបញ្ចប់។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន បានប្រកាសថា ប្រទេសទីម័រឡេស្តេ នឹងត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាខែតុលា ឆ្នាំ២០២៥ ខាងមុខ។ ការបញ្ចូលប្រទេសទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិរបស់អាស៊ាននេះ គឺបានទាញរំលេចឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាដែលបានខិតខំជួយជំរុញប្រទេសទីម័រឡេស្តេឱ្យក្លាយជាសមាជិកមួយបន្ថែមទៀតរបស់អាស៊ាន។

រឿងមួយដែលគេចងចាំមិនភ្លេច គឺការជោគជ័យរបស់ប្រទេសទីម័រឡេស្តេ ក្នុងការបោះជំហានដំបូងចូលក្នុងអាស៊ានកើតឡើងនៅក្នុងរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០២២។ កាលណោះ ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅរាជធានីភ្នំពេញ ហើយបានប្រកាសបញ្ចូលទីម័រឡេស្តេ ជាគោលការណ៍ជាសមាជិកទី១១ របស់អាស៊ាន។ ចំណែក នៅពេលនេះវិញ ប្រធានអាស៊ាន គឺនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានប្រកាសឱ្យប្រទេសទីម័រឡេស្តេជាសមាជិកភាពពេញសិទ្ធិទី១១ របស់អាស៊ានតែម្តង។

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ អះអាងថា ការទទួលយកទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិ នៅខែតុលា ខាងមុខ គឺជាការឆ្លុះបញ្ចាំងពីការខិតខំរបស់រដ្ឋាភិបាលទីម័ឡេស្តេ និងឥទ្ធិពលរបស់សម្តេចតេជោ នៅក្នុងតំបន់អាស៊ាន ពោល គឺរាល់មតិយោបល់ និងសំណើររបស់សម្តេចតេជោ តែងតែត្រូវបានមេដឹកនាំអាស៊ានពិចារណា និងអនុវត្តតាម។ បើតាមលោក ជា ធីរិទ្ធ បើទោះបីបច្ចប្បន្ននេះ សម្តេចតេជោ ឈប់ធ្វើនាយករដ្ឋមន្រ្តី តែមេដឹកនាំអាស៊ាននៅតែត្រូវការការណែនាំផ្តល់យោបល់ពីសម្តេច ហើយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ បានតែងតាំងសម្តេចតេជោ ជាទីប្រឹក្សាជុំវិញការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាថែមទៀត។ សម្តេចតេជោ ក៏ត្រូវបានប្រធានាធិបតីឥណ្ឌូនេស៊ី និងមេដឹកនាំនានា ហៅថា «ជារដ្ឋបុរសរបស់អាស៊ាន និងជាមេដឹកនាំដ៏មានឥទ្ធិពលក្នុងតំបន់»។

គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី បានរៀបចំឡើងក្រោមមូលបទ «បរិយាបន្ន និងចីរភាព»។ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះប្រមុខដឹកនាំអាស៊ានបានពិនិត្យវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន លើការបញ្ចប់ប្រកបដោយជោគជ័យនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។
ស្ថិតនៅក្នុងបរិបទភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ស្មានទុកជាមុន ប្រមុខដឹកនាំអាស៊ាន បានអះអាងសារជាថ្មីពីសារៈសំខាន់នៃការរក្សា និងពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅបន្ថែមទៀតនៃរំហូរពាណិជ្ជកម្ម និងវិនិយោគក្នុងអាស៊ាន ដោយផ្តោតលើកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច