មើមរមៀតគឺគ្រឿងផ្សំដ៏សំខាន់មួយសម្រាប់ប្រើលើម្ហូបអាហារមួយចំនួន ហើយកសិករក៏អាចរកប្រាក់ចំណូលបានប្រសើរក្នុងការដាំដុះរុក្ខជាតិប្រភេទមួយនេះ ដែលទីផ្សារមានទាំងក្នុងស្រុកនិងនាំចេញទៅក្រៅស្រុក។
ប្រជាកសិករដែលបានប្រកបមុខរបរដាំរមៀត ក្នុងស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង បានឲ្យដឹងប្រហាក់ប្រហែលថា បច្ចុប្បន្ននេះ ក្រៅពីមានក្រុមហ៊ុនបញ្ជាទិញដើម្បីផ្គត់ផ្គង់ទីផ្សារក្រៅប្រទេស ក៏មានតម្រូវការច្រើនលើទីផ្សារក្នុងស្រុក។
លោក ប៊ុន ធឿន រស់នៅក្នុងស្រុកបាណន់ នៅជិតចំការរមៀតរបស់”ឥណ្ឌា”ក្នុងទឹកដីសំឡូត ក្នុងខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីដឹងថា នៅក្នុងអំឡុងឆ្នាំ១៩៩០ជាង កាលណោះមិនទាន់មានផ្លូវជាប់ទៅអក្សរ”T”ក្នុងស្រុកសំឡូតទេ គឺមានតែផ្លូវរទេះហើយលោកក៏ធ្លាប់បានសុីឈ្នួលភ្ជួរដីឲ្យក្រុមហ៊ុនឥណ្ឌាដែរ ដោយគេប្រាប់លោកថា ភ្ជួរដីដាំរមៀតនាំទៅប្រទេ សឥណ្ឌា។ ចំណែកផ្ទៃដីលោកមិនច្បាស់ទំនងប្រហែលជាជិត ១០ ហិកតា។
លោកបន្តថា”ពេលខ្ញុំបានដឹងថារមៀតជាតម្រូវការរបស់ឥណ្ឌា ខ្ញុំក៏ប្រថុយប្រថានដាំសាកល្បងលើផ្ទៃដីជិត១ហិកតា នៅជិតដីឥណ្ឌាក្បែរអូរមួយក្នុងស្រុកសំឡូត”។ ការសាកល្បងនេះហើយ ដែលលទ្ធផលល្អសម្រាប់សេដ្ឋកិច្ចគ្រួសារលោក បានសាងសង់ផ្ទះនិងទិញត្រាក់ទ័របន្ថែមបាន យ៉ាងប្រសើររហូតដល់បច្ចុប្បន្ន ខណះអ្នកផ្សេងគេមិនសូវយកចិត្តទុកដាក់ក្នុងការដាំរមៀតនេះទេ។
អតីតយោធា ក្នុងស្រុកសំឡូត លោក ឯម បានឲ្យដឹងដែរថា នៅឆ្នាំដំបូងក្នុងអំឡុងឆ្នាំ៩៦ លោកបានដាំពោតខ្មែរលើផ្ទៃដី ១ ហិកតា ដើម្បីឲ្យប្រពន្ធស្ងោរលក់ក្នុងភូមិគ្រាន់បានចិញ្ចឹមជីវិតក្នុងគ្រួសារ ក្រោយបានបញ្ឈប់ពីយោធាដោយសារវ័យនិងមានរបួសខ្លះផង។
លោកបន្តថា ក្រោយពីដាំពោតបានមួយឆ្នាំ ដោយសារតែមានក្រុមហ៊ុនឥណ្ឌាទទួលទិញរមៀត លោកក៏ចាប់ផ្តើមយកទំហំដីដែលដាំពោតមកដាំរមៀតវិញ។
ក្រោយការដាំដុះរមៀត កម្រិតជីវភាពគ្រួសាររបស់លោកបានឈានទៅមុខជាបន្តបន្ទាប់ពី១ឆ្នាំទៅ១ឆ្នាំ បើទោះបីដំណាំប្រភេទមួយនេះ ក្នុងមួយរដូវប្រមូលផលម្តងក៏បានចំណូលប្រសើរដែរ។
អតីតយោធារូបនេះបន្តថា តម្លៃរមៀតមានហាងឆេងអាចចំណេញបានច្រើន ងាយស្រួលក្នុងការដាំ ហើយត្រូវការសំអាតស្មៅឲ្យបានស្អាត ហើយដីក៏ត្រូវភ្ជួរលើកជារងឲ្យបានខ្ពស់ល្អ ដើម្បីឲ្យមើមរីកបានច្រើន និងដាក់ម្សៅបានល្អ ខណះមើមរមៀតដាក់ម្សៅតិចជាងក្បាលរមៀត ហើយតម្លៃក៏ខុសគ្នាដែរ គឺមើមរមៀតលក់បាន ១៣០០ រៀលក្នុង ១ គីឡូក្រាម ស្មើ ១ តោន ១ លាន ៣០ មុឺនរៀល ចំណែកក្បាលរមៀតលក់ បានចន្លោះពី ៣០០០ ដល់ ៣៥០០ រៀល ក្នុង១គីឡូក្រាម ខណះលោកប្រមូលផលបានចន្លោះពី ២០ ទៅជិត ៣០ តោន។
កសិករម្នាក់ទៀត ដែលបានដឹកជញ្ជូនរមៀតលក់ឲ្យក្រុមហ៊ុនឥណ្ឌាជាច្រើនឆ្នាំមកនេះ ក៏បានរៀបរាប់ប្រាប់កម្ពុជាថ្មី ដែរថា អ្នកស្រីប្រមូលផលរមៀតតាមតម្រូវការក្រុមហ៊ុន គឺចាប់ពីថ្ងៃទី ២០ ខែវិច្ឆកា ឬដល់ថ្ងៃទី២០ខែធ្នូ បើការប្រមូលផលមានការយឺតយ៉ាវ ក្រុមហ៊ុនត្រូវបិទបញ្ចប់ក្នុងការទទួលយក។
អ្នកស្រីថា “ខ្ញុំបានដាំដុះលើផ្ទៃដី ២ ហិកតា នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជិតគ្នាខេត្តបាត់ដំបងដែរ ហើយមុខរបរដាំរមៀតនេះ ខ្ញុំបានដាំប្រហែលជា ៥ ទៅ ៦ ឆ្នាំហើយ”។ ចំណែកការប្រមូលផលអ្នកស្រីថា ក្នុង១ឆ្នាំប្រមូលផលម្តង បន្ទាប់ពីដាច់រដូវធ្លាក់ភ្លៀង គឺចន្លោះពីខែវិច្ឆកានិងខែធ្នូ ស្របពេលដែលទីផ្សារកំណត់ក្នុងការទទួលទិញផងដែរ ធ្វើយ៉ាងណាប្រមូលផលឲ្យបានទាន់ពេល គឺចាប់ពីថ្ងៃទី២០ ខែវិច្ឆកា ដល់ថ្ងៃ ទី២០ ខែធ្នូ។ ចំណែកតម្លៃថេរ ១ គីឡូក្រាម ១៣០០ រៀល ស្មើនិង១តោន ១ លាន ៣០ មុឺនរៀលលក់ឲ្យក្រុមហ៊ុនឥណ្ឌា មានទីតាំង ឋិតនៅចំណុចអក្សរផ្លូវអក្សេត “T” ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។
អ្នកស្រីថា បើទោះបី ១ គីឡូក្រាមត្រឹម ៧០០ រៀលក៏នៅតែចំណេញដែរ។ ហើយទិន្នផលយ៉ាងតិចបំផុត ១ ហិកតាប្រមូលផលបាន ២៨ តោន តែបើថែទាំដិតដល់អាចប្រមូលបាន ៣០ តោនជាង។ សំខាន់សំអាតស្មៅឲ្យបានស្អាត។ចំណែកក្បាលរមៀតលក់បាន ១ គីឡូក្រាម ៣៥០០ រៀល ព្រោះវាមានជាតិម្សៅច្រើនជាងមើម។
មន្ត្រីនៃមន្ទីរសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ដំណាំរមៀតមានកសិករដាំច្រើនក្នុងខេត្តបាត់ដំបង គឺក្នុងស្រុកកំរៀងមានផ្ទៃដី ១៥ ហិកតា និងស្រុកបាណន់ ០៧ ហិកតា។ ក្រៅពីនេះនៅស្រុកសំឡូត និងរតនមណ្ឌល ខាងលោកមិនទាន់ក្តាប់បានទេ ព្រោះការដាំរបស់កសិករស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ចសម្រាប់វិនិយោគជាមួយក្រុមហ៊ុនឥណ្ឌា៕
អត្ថបទ÷សៅ សារិទ្ធ