ព័ត៌មានជាតិ
១ខែ យុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់ ទទួលបានថវិកាបរិច្ចាគប្រមាណ៥,៥លានដុល្លារ ពីសប្បុរសជនជិត៣០ម៉ឺននាក់
រយៈពេល១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ យុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់ ដែលផ្ដួចផ្ដើមឡើងដោយស្ត្រីទីមួយនៅកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបានថវិកាបរិច្ចាគប្រមាណ៥,៥លានដុល្លារអាមេរិក ពីសប្បុរសជនជិត៣០ម៉ឺននាក់។

«ចាប់តាំងពីការប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា មានការចូលរួមយ៉ាងផុសផុល ទាំងក្នុងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ដោយទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រាក់ដុល្លារប្រមាណ ៥,៥ លានដុល្លារអាម៉េរិក ពីសំណាក់សប្បុរសជនជិត ៣០ម៉ឺននាក់»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ចេញនៅថ្ងៃទី១ ខែកក្កដា នេះ។

មូលនិធិគន្ធបុប្ផាកម្ពុជា វាយតម្លៃថា ការចូលរួមបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ បង្ហាញថា សាធារណជន មានទឹកចិត្តសប្បុរសយ៉ាងផុសផុល និងបានចូលរួមយ៉ាងសកម្មក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ នៅកម្ពុជា។

បើតាមមូលនិធិគន្ធបុប្ផាកម្ពុជា បើទោះបីជាយុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់ ដល់ថ្ងៃបញ្ចប់ក៏ដោយ, ក៏សាធារណជនដែលមានទឹកចិត្ត សប្បុរស នៅតែអាចចូលរួមបរិច្ចាគ ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅ រាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំង សេវាសម្ភពដល់ស្ត្រីមានផ្ទៃពោះ ផងដែរ។ ការបរិច្ចាគ ១ម៉ឺនរៀលម្នាក់ ជឿជាក់ថា ពលរដ្ឋកម្ពុជាយើង ប្រាកដជា អាចបន្តធ្វើបាន ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដោយហេតុថារាល់ការបរិច្ចាគ ទោះតិចក្តីច្រើនក្តី សុទ្ធតែមានតម្លៃក្នុងការ ចូលរួមសង្គ្រោះជីវិតទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមាន ការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា។

មូលនិធិគន្ធបុប្ផាកម្ពុជា គោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ចំពោះការចំណាយពេលដ៏មានតម្លៃ និងមមាញឹក ដើម្បីដឹកនាំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ក៏ដូចជាចំពោះការផ្តល់ការណែនាំ និងតម្រង់ទិស ជាប្រចាំដល់ក្រុមការងាររបស់មូលនិធិគន្ធបុប្ផាកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសប្បុរសជនទាំងអស់ ដែលបាន ចូលរួមបរិច្ចាគគាំទ្រយុទ្ធនាការដ៏មានសារៈសំខាន់នេះ និងសូមថ្លែងអំណរគុណផងដែរ ដល់ក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាស និងដៃគូនានា ដែលបានផ្តល់កិច្ចសហការ និងការគាំទ្រពាក់ព័ន្ធនឹងការ រៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា តាំងពីដើមទី ក្នុងទិដ្ឋភាព ផ្សេងៗគ្នា ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការធ្វើឱ្យយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយនេះ បានប្រព្រឹត្តទៅ ដោយរលូន និងសម្រេចបានជោគជ័យគួរជាទីមោទនៈ។

គួរឱ្យដឹងថា តាំងតែពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ត្រូវចំណាយថវិកាជាង១២ម៉ឺនដុល្លារក្នុង១ថ្ងៃ ឬក៏៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដើម្បីធានារក្សានិរន្តភាពមន្ទីរពេទ្យក្នុងការជួយព្យាបាលជំងឺ ដើម្បីពិនិត្យព្យាបាលជំងឺកុមារ និងពិនិត្យលើស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ ប្រកបដោយស្មើភាព គ្មានការរើសអើង។

នៅក្នុងពិធីបើកយុទ្ធនាការ កាលពីថ្ងៃទី០១ ខែមិថុនា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា មើលឃើញថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យមួយបានជួយព្យាបាលជំងឺរបស់កុមារមកពីគ្រប់រាជធានី ខេត្តក្នុងប្រទេសកម្ពុជា ព្រោះនៅពេលកូន ចៅ ឈឺមានជំងឺធ្ងន់ស្រាល ឳពុកម្ដាយ ជីដូនជីតា ដែលរស់នៅតាមខេត្តបានបញ្ជូនកូនចៅខ្លួន មកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្លាម៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ