Connect with us

ព័ត៌មានជាតិ

យុទ្ធនាការ“១ម៉ឺនរៀល ១ម៉ឺននាក់”២០២៦ ទទួលបានថវិកាបរិច្ចាគជិត៦លាន ៤សែនដុល្លារ កើនឡើងជាងឆ្នាំមុន

បានផុស

នៅ

យុទ្ធនាការ“១ម៉ឺនរៀល ១ម៉ឺននាក់”២០២៦ ទទួលបានថវិកាបរិច្ចាគ​ប្រមាណ៦លាន ៤សែនដុល្លារសហរដ្ឋអាម៉េរិកពីសប្បុរសជន កើនឡើងលើសយុទ្ធនាការកាលពីឆ្នាំ២០២៥ ជិត១លានដុល្លារ ពោលគឺយុទ្ធនាការនេះនៅឆ្នាំមុនទទួលបានថវិកាប្រមាណ៥លាន៥សែនដុល្លារពីសប្បុរសជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត ឱ្យដឹងតាមរយៈបណ្ដាញសង្គម នាថ្ងៃទី១ ខែកក្កដា​ នេះ ថា ៖«គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការ, មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៦ ៣៨២ ០០០ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួនជាង ៣៥ ម៉ឺននាក់ ដែលបានបរិច្ចាគក្នុង យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦។ »។

ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផា បានថ្លែងអំណរគុណចំពោះសប្បុរសជនចំពោះការចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធគន្ធបុប្ផា ដើម្បីបន្តបេសកកម្មសង្គ្រោះជិវិតទារក និងកុមារ ក៏ដូចជាស្ត្រីមានផ្ទៃពោះនៅកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គូសបញ្ជាក់ថា ថ្វីត្បិតតែយុទ្ធនាការ«១ម៉ឺនរៀល១ម៉ឺននាក់»បិទបញ្ចប់ក៏ដោយ ប៉ុន្តែសប្បុរសជននៅតែអាចបន្តបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជារៀងរាល់ថ្ងៃ ពីព្រោះមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ត្រូវការថវិកាសម្រាប់ទ្រទ្រង់​បេសកម្មសង្គ្រោះជីវិតកុមារកម្ពុជា បន្តនាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។

គួរឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩២ មក មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលទារក កុមារ និងស្ត្រីមានផ្ទៃពោះ ជាង ២៧,៥ លាននាក់ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ តាមរយៈនេះ  មន្ទីរពេទ្យគន្ធបុប្ផា បានក្លាយជាទីកន្លែងនៃក្តីសង្ឃឹម សម្រាប់ទារក កុមារ និងស្ត្រីមានផ្ទៃពោះជាច្រើនលាននាក់នៅកម្ពុជា។

របាយការណ៍ផ្លូវការបានឱ្យដឹងថា ក្នុងមួយឆ្នាំមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅខេត្តសៀមរាប និងនៅរាជធានីភ្នំពេញ ត្រូវចំណាយថវិកាជាង៤៥លានដុល្លារ ឬក៏១២ម៉ឺនដុល្លារក្នុង១ថ្ងៃៗ ដើម្បីបន្តកិច្ចការសង្គ្រោះជីវិត កុមារ និងស្ត្រីកម្ពុជា។

កាលពីដើមខែមិថុនា  ឆ្នាំ២០២៦ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គូសបញ្ជាក់ថា ការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា មិនមែនគ្រាន់តែជាការបរិច្ចាគថវិកាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមសង្គ្រោះជីវិតកុមារ, ជាការចូលរួមជួយដល់ម្តាយឪពុកមួយគ្រួសារ ហើយក៏ជាការចូលរួមវិនិយោគលើអនាគតរបស់ប្រទេសជាតិផងដែរ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម