Connect with us

ព័ត៌មានជាតិ

ជប៉ុនជម្លៀសប្រជាជនជាង ៩០ ម៉ឺន​នាក់ ខណៈមានការព្រមានពីរលកយក្សស៊ូណាមិពាសពេញតំបន់ប៉ាស៊ីហ្វិក

បានផុស

នៅ

រញ្ជួយដីដ៏ខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្រិត ៨.៨ រ៉ិចទ័រ បានវាយប្រហារឧបទ្វីប Kamchatka របស់រុស្ស៊ីនៅព្រឹកថ្ងៃពុធនេះ បង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិពាសពេញតំបន់ប៉ាស៊ីហ្វិក ខណៈប្រទេសជប៉ុនជម្លៀសពលរដ្ឋខ្លួនចេញពីតំបន់មាត់សមុទ្រប្រមាណជាង ៩០ ម៉ឺន​នាក់រួចទៅហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AP។

ប្រជាជនជប៉ុនជម្លៀសចេញបន្ទាន់ជាការប្រុងប្រយ័ត្ន នៅកោះHokkaido។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះរញ្ជួយដីកើតចេញពីប្រទេសនេះបានបង្កការខូចខាតនៅក្នុងទីប្រជុំជនរុស្ស៊ីរួចទៅហើយ ខណៈមានការប្រកាសអាសន្នរលកយក្សស៊ូណាមិនឹងប៉ះពាល់ដល់ប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក ជប៉ុន ម៉ិកស៊ិក ហ្វីលីពីន និងនូវែលសេឡង់។ ក្នុងនោះប្រទេសជប៉ុនបានកត់ត្រាពីរលកសមុទ្រឡើងខ្ពស់ខ្លាំងនៅទីក្រុង Ishinomaki ហើយបានជម្លៀសមនុស្សជាង ៩០​ម៉ឺន នាក់នៅតាមឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួន ជាពិសេសនៅកោះហុកកៃដូនិងឃ្យូស៊ូ។

ជាមួយគ្នានេះនៅរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិកមានសំឡេងស៊ីរ៉ែនបានបន្លឺឡើង ដែលជំរុញឱ្យមានការបិទសាលារៀន និងការកកស្ទះចរាចរណ៍ ខណៈដែលអ្នកស្រុកសម្រុកជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់។ ចំណែកអាជ្ញាធរក្នុងរដ្ឋ Oregon រដ្ឋ Alaska និងតំបន់ឆ្នេរផ្សេងទៀតរបស់សហរដ្ឋអាមេរិកក៏បានចេញការព្រមាន ដោយណែនាំប្រជាជនឱ្យជៀសវាងឆ្នេរសមុទ្រ និងតំបន់ទំនាប។ ប្រទេសនូវែលសេឡង់ ហ្វីលីពីន និង ម៉ិកស៊ិក ក៏បានចេញសេចក្តីប្រកាសអាសន្នសម្រាប់ចរន្តទឹកខ្លាំង និងរលកដែលអាចកើតមាន ដោយជំរុញឱ្យប្រជាជននៅឲ្យឆ្ងាយពីទឹកសមុទ្រផងដែរ។

(រូបភាព៖ Reuters)

ចំពោះនៅក្នុងប្រទេសរុស្ស៊ី អគារនានាត្រូវបានខូចខាតនៅក្នុងទីក្រុង Petropavlovsk-Kamchatsky ដោយមានការដាច់ចរន្តអគ្គិសនី និងដាច់សេវាទំនាក់ទំនង។ លើសពីនេះគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានកើតឡើងជាបន្តបន្ទាប់ ដោយកោះ Kuril របស់រុស្ស៊ីក៏រងការវាយប្រហារដែរ។ ទោះយ៉ាងណាមកដល់ពេលនេះមិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាតធ្ងន់ធ្ងរឬមានអ្នកស្លាប់នៅឡើយទេ។

គួរបញ្ជាក់ថានេះគឺជាការរញ្ជួយដីដ៏ខ្លាំងបំផុតដែលបានវាយប្រហារឧបទ្វីប Kamchatka ចាប់តាំងពីឆ្នាំ ១៩៥២ និងជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតមួយនៅទូទាំងពិភពលោកចាប់តាំងពីគ្រោះមហន្តរាយរបស់ប្រទេសជប៉ុនឆ្នាំ ២០១១ ខណៈអ្នកជំនាញព្រមានពីការរញ្ជួយដីដែលកំពុងបន្តកើតមាន និងអាចកើតមានរលកយក្សស៊ូណាមិបន្ថែមទៀតនៅថ្ងៃខាងមុខ៕

លទ្ធផលនៃរលកយក្សស៊ូណាមិវាយប្រហារតំបន់ឆ្នេរ Severo-Kurilsk នៅកោះ Paramushir ប្រទេសរុស្ស៊ី(រូបភាព៖ AP)
ការខូតខាតពីការរញ្ជួយដីនៅរុស្ស៊ី។ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម