Connect with us

ព័ត៌មានជាតិ

ស្ពានឆ្លងទន្លេ​មេគង្គខេត្ត​ក្រចេះ អាចឆ្លង​កាត់​​បណ្តោះអាសន្ន​ អំឡុង​ប្រឡងបាក់ឌុប ៣ ថ្ងៃ

បានផុស

នៅ

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹង​បើកឱ្យសិស្សានុសិស្សជា​បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​(បាក់ឌុប) ធ្វើដំណើរ​ឆ្លងកាត់បណ្តោះអាសន្ន​រយៈពេល ៣ ថ្ងៃ (២៧-២៩ សីហា ២០២៥) ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាព​ដល់បេក្ខជនប្រឡង។

បើតាមសេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន​ កាលបរិច្ឆេទកំណត់សម្រាប់ការបើក​ឲ្យ​ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះគឺ​៖

១-ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ :- បើកម៉ោង ១៣:០០ ដល់ម៉ោង ១៧:០០ល្ងាច

២- ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ :- បើកម៉ោង ០៥:៣០ ដល់ម៉ោង ០៨:០០ ព្រឹក និងបើកម៉ោង ១៧:០០ ដល់ម៉ោង ១៨:៣០ ល្ងាច

៣-ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៥ : – បើកម៉ោង ០៥:៣០ ដល់ម៉ោង ០៨:០០ ព្រឹក និងបើកម៉ោង ១៦:៣០ ដល់ម៉ោង ១៧:៣០ ល្ងាច។

ការបើកចរាចរណ៍ពិសេសសម្រាប់សិស្សានិសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះគឺ​ អនុញ្ញាតបាន​សម្រាប់តែយានយន្ត​ធុនស្រាលប៉ុណ្ណោះ (ម៉ូតូ កង់ និងថ្មើជើង)។

មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ដែរ​ថា អំឡុង​​ថ្ងៃកាន់បិណ្ឌទី ១ ត្រូវ​នឹង​នៅថ្ងៃទី៨ ខែកញ្ញា នៃពិធីបុណ្យភ្ជុំបិណ្ឌ រហូតដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥ ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ នឹងបើកឱ្យពលរដ្ឋ​ធ្វើ​ដំណើរការឆ្លងកាត់បណ្តោះអាសន្ន។ នេះបើតាមការបញ្ជាក់ពី លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសដឹកនាំប្រតិភូចុះពិនិត្យវឌ្ឍនភាពនៃការ​សាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះកាលពី​រសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៥។

ការ​ដាក់​ឲ្យដំណើរការ​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ក្រចេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្នឬពេលយប់ព្រលប់ ដោយពុំចាំបាច់ចំណាយពេលវេលា និងប្រាក់កាសក្នុងការឆ្លងសាឡាង និងមាន​សុវត្ថិភាពខ្ពស់។

បន្ថែមពីនេះ តាមរយៈ​ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់នឹងចូលរួមបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់​ប្រទេស​កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិ​ភាគ​ឦសាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម