Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថាន RPITSE នៅខេត្ដក្រចេះ ផ្តល់អាហារូបករណ៍ជាង ៣ ពាន់កន្លែង ​ដល់​យុវជន​មកពីគ្រួសារក្រីក្រ តាមរយៈកម្ម​វិធី ១,៥ លាននាក់

បានផុស

នៅ

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន (RPITSE) នៅខេត្ដក្រចេះ នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ផ្តល់​អាហា​រូបករណ៍​ចំនួន ៣ ១៤៥ ​កន្លែង ​ដល់​ប្រជា​ពលរដ្ឋ និង​ យុវជន​មកពីគ្រួ​សារ​ក្រីក្រ និង ងាយ​រងហានិភ័យ ក្រោមកម្មវិធីបណ្ដុះ​​បណ្ដាល​ជំនា​ញវិជ្ជាជីវៈ និង បច្ចេកទេស (TVET 1.5M) របស់​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមវិទ្យាស្ថាន RPITSE បានឱ្យដឹងថា ​វិទ្យាស្ថាន​ បានទទួល​សិស្សចុះ​ឈ្មោះ​ចូលរៀន​សរុបចំនួន ២ ២៦៣ នាក់ គិតចាប់ត្រឹមឆ្នាំ ២០២៤ មក​ដល់​ត្រឹមឆមាសទី ១ នៃឆ្នាំ ២០២៦ នេះ។ មុខជំនាញដែលសិស្សានុសិស្សចាប់អារម្មណ៍ចុះឈ្មោះចូលរៀនច្រើនជាងគេរួមមាន ៖ ១-ការងារកំបោរ​ , ២-ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ , ៣-សេវាកម្ម​បរិក្ខារ​ត្រជាក់ក្នុង​គេហ​ដ្ឋាន , ៤-ការ​ថែ​ទាំ និង​ ជួសជុល​ទោចក្រយាន​យន្ត , ៥-ការ​ថែទាំ និង ​ជួស​ជុល​រថយ​ន្ត។

ជាមួយគ្នា វិទ្យាស្ថាន RPITSE ​បានផ្តល់អាហារូបករណ៍ទៅលើ ១២ មុខជំនាញ មានដូចជា ៖ ១-ការងារកំបោរ , ២-ការដំឡើង​បណ្តាញអគ្គិសនីក្នុ​ង​អ​គារ , ៣-សេវាក​ម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន , ៤-ការ​ថែទាំ និង ជួសជុលទោ​ចក្រយានយន្ត , ៥-ការថែទាំ និង ​ជួសជុលរថ​យន្ត , ៦-ការផ្សារអគ្គិសនី , ៧-ការដំឡើង និង ថែទាំកាមេរ៉ាសុវត្ថិភាព , ៨-ការរចនាក្រាហ្វិចដោយកុំព្យូទ័រ , ៩-សេវាកម្មកុំព្យូទ័រ , ១០-សេវាកម្មសម្អាងកាយ , ១១-សេវា​កម្មកាត់​សក់​បុរស និង ១២-ការធ្វើម្ហូបខ្មែរ។

ចំពោះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយ​ចុះ​ឈ្មោះ​ចូលរៀនតាមរយៈលេខទូ​រសព្ទលេខ ០៩៧ ៧៦៧ ៤០០១/ ០១២ ៧៨៤ ៩៤៨/០៩៧ ៧៥២ ៣៣៤៦ ឬ អ​ញ្ជើញ​​​មកវិទ្យា​ស្ថានព​ហុប​ច្ចេកទេស​ភូមិភា​គតេជោ​សែន​ឦសាន ដែលមានទីតាំង​ស្ថិត​នៅ​ភូមិ​​អូរឫស្សីទី ២ សង្កាត់​អូរឫស្សី ក្រុងក្រចេះ ខេត្ដក្រចេះ។

កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជន​គោលដៅមកពី​គ្រួសារក្រីក្រ និង គ្រួសារងាយរង​ហានិភ័យនៅទូទាំង​ប្រ​ទេស​ចំនួនប្រ​មាណ ១,៥ លាននាក់ ក្នុងកម្រិតសញ្ញាបត្រ​បច្ចេកទេស និង វិជ្ជាជី​វៈ ត្រូវបាន​ផ្ដួចផ្ដើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ ២០២៣ និង ប្រកាសដាក់ឱ្យអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពី​ថ្ងៃ​ទី ​១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម