Connect with us

ព័ត៌មានជាតិ

មហាវិថីសម្តេចតេជោ​ក្រុង​ក្រចេះ កាន់តែលេច​សម្រស់​ទាក់ភ្នែក ជាមួយ​ដើមផ្កា កូនឈេី អំពូលភ្លើងត្រូវបានដាំ និងបំពាក់នៅតាមដងផ្លូវ

បានផុស

នៅ

ផ្លូវមហាវិថីសម្តេចតេជោស្ថិតក្នុងសង្កាត់អូរឫស្សី និងសង្កាត់ក្រចេះ ក្នុងក្រុងក្រចេះ កាន់តែមានសម្រស់ស្រស់ស្អាតក្រោយ​អាជ្ញាធរ​បាន​រៀបចំ​ដាំដើមផ្កា កូនឈេីចម្រុះ រៀបចំអំពាក់​អំពូលភ្លើង និងគំនូសស្លាកចរាចរណ៍សម្រាប់រថយន្ត ម៉ូតូ និងការរៀបចំផ្លូវសម្រាប់អ្នកថ្មើជើងសម្រេចរួចរាល់ជាស្ថាពរ។

ការរៀបចំតុបតែងកែលំអរតាមដងផ្លូវមហាវិថីសម្តេចតេជោនេះ ដើម្បី​លើកកម្ពស់សោភ័ណភាពផ្លូវឲ្យកាន់តែស្រស់ស្អាត ប្លែកភ្នែកគួរជាទីចាប់អារម្មណ៍ និងមានសុវត្ថិភាពក្នុងការបើកបរនាពេលយប់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាវិថីដ៏ធំទូលាយនេះមានប្រវែងប្រមាណជាង ៥ គីឡូម៉ែត្រ ដែលត្រូវ​បាន​ស្ថាបនាពង្រីកពី ២ ទៅជាផ្លូវ ៤ គន្លងទៅ​មក ជាប្រភេទផ្លូវក្រាលកៅស៊ូ AC ពុះចែកទ្រូងផ្លូវដោយសួនច្បារ មានដាំដើមផ្កា កូនឈើចម្រុះ មានបំពាក់អំពូលភ្លើងបំភ្លើផ្លូវនាពេលរាត្រី និងមានគំនូស ស្លាកចរាចរណ៍ ថែមទាំងមានការរៀបំឲ្យមានផ្លូវសម្រាប់អ្នកថ្មើជើង ដើម្បីដើរហាត់ប្រាណ និងដើរកំសាន្តនាពេលល្ងាចផងដែរ។

លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី ក្នុងក្រុង​ក្រចេះ​បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងគម្រោងផ្លូវតភ្ជាប់ក្រវ៉ាត់ក្រុងក្រចេះ ដែលតភ្ជាប់ពីចំណុចគល់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ ត្រើយខាងកើត មក​ចំណុច​រង្វង់មូលខ្លាស្ទុះ និងតភ្ជាប់ពីរង្វង់មូលខ្លាស្ទុះមករង្វង់មូលព្រាបសរ។

កាលពី​ពី​ពេលកន្លងទៅថ្មីៗនេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំងតាមដងផ្លូវ ដើម្បីត្រៀមដាំដើមក្ងោក និងដើមជើងគោបន្ថែមទៀត ដើម្បីបន្ថែមសោសោភ័ណភាពតាមផ្លូវថ្មីខេត្ត និងសងខាងគល់ស្ពានឆ្លងទន្លេមេគង្គក្រចេះ ក្នុងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម