Connect with us

ព័ត៌មានជាតិ

JBC របស់កម្ពុជាដាក់លិខិតជំទាស់ផ្លូវការចំពោះសកម្មភាពថៃដែលពង្រាយលួសបន្លាលើដីកម្ពុជា

បានផុស

នៅ

គណៈកម្មការព្រំដែន JBC របស់កម្ពុជាបានដាក់លិខិតជំទាស់ផ្លូវការចំពោះសកម្មភាពរាយលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡានដោយយោធាថៃមកលើទឹកដីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការបរទេស លោក នង សាកល បានប្រាប់ឱ្យដឹងថា អគ្គលេខាធិការដ្ឋានគណៈកម្មការព្រំដែនរួម (JBC) របស់កម្ពុជាតាមរយៈក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញ បានដាក់ពាក្យជំទាស់ជាផ្លូវការចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានដាក់ពង្រាយរបងលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡានតាមបណ្ដោយព្រំដែនក្នុងទឹកដីកម្ពុជា។

ចំពោះមុខស្ថានការណ៍នេះ លោក នង សាកល បានបញ្ជាក់ថា JBC របស់កម្ពុជាបានស្នើឱ្យកងទ័ពថៃរុះរើលួសបន្លា ដកកង់ឡាន និងសំណាញ់ចេញពីតំបន់ទាំងនោះដែលថៃបានរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេស ចាត់ទុកសកម្មភាពនេះ ថា បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការកសាងទំនុកចិត្តរវាងគ្នា។

ជាថ្មីម្ដងទៀត កម្ពុជាបានអំពាវនាវឱ្យថៃគោរពឱ្យបានពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចអន្តរជាតិ។

ពាក់ព័ន្ធការអនុវត្តលើកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-ថៃ ក្នុងការអនុវត្តបទឈប់បាញ់នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល​ នៅថ្ងៃនេះ ក៏បានធ្វើដំណើរទៅខេត្តព្រះវិហារជាថ្មីម្ដងទៀត ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា ក្រុមសង្កេតការណ៍អន្តរកាលនេះមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ក្រោមការសម្របសម្រួលដោយក្រសួងការពារជាតិកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម