Connect with us

ព័ត៌មានជាតិ

ភាគីសហជីពរំពឹងថា ដំណើរការចរចាប្រាក់ឈ្នួលឆ្នាំនេះនឹងប្រព្រឹត្តិទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ

បានផុស

នៅ

លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីពបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៩សីហានេះថា ដំណើរការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តិទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា «ខ្ញុំសង្ឃឹមថា ដំណើរការចរចាប្រាក់ឈ្នួលឆ្នាំនេះនឹងប្រព្រឹត្តិទៅដោយរលូនដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ។ ម្យ៉ាងវិញទៀត ទាំងភាគីនិយោជក និងភាគីសហជីពសុទ្ធតែមានភាពចាស់ទុំក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងផ្នែកទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរថែមទៀតផង»។

លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏រំពឹងថា កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៦ នៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅដោយរលូន ដោយគ្រប់ភាគីពាក់ព័ន្ធមានការយោគយល់គ្នា និងឆន្ទៈរួមគ្នាដើម្បីប្រយោជន៍កម្មករនឹងអាចទទួលយកបានទាំងអស់គ្នា ពិសេសគ្រប់ភាគីធ្លាប់ឆ្លងកាត់បទពិសោធជាច្រើនឆ្នាំមកហើយបានយល់ដឹងពីនីតិវិធី ការចរចា និងលក្ខខណ្ឌដូចមានចែងក្នុងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមារួមមាន ស្ថានភាពគ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។

លោក ស៊ុន មេសា បានបន្តថា ក្រសួងការងារនឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្ដិទី៤ លើកទី១ ស្ដីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៦ នៅរសៀលថ្ងៃទី២០ ខែសីហានេះ ក្រោមអធិបតីភាពលោក ហេង សួរ ប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗ គ្នាមក ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករ-និយោជិត និងតំណាងភាគីនិយោជក។

គួរបញ្ជាក់ថា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបាន ដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារ ក្នុងមួយខែ បើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ បន្ថែម កម្មករ-និយោជិត ម្នាក់ អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២៥ ទៅ ២៣៦ ដុល្លារ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.សនោះទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម