Connect with us

ព័ត៌មានជាតិ

កប៉ាល់បណ្ណាល័យមួយ​នឹង​ចូលចតនៅកំពង់ផែក្រុងព្រះសីហនុនៅពាក់កណ្ដាលខែកញ្ញា

បានផុស

នៅ

កប៉ាល់បណ្ណាល័យ MV Doulos Hope របស់អាល្លឺម៉ងនឹង​ចូលចត​នៅ​កំពង់ផែខេត្តព្រះសីហនុចាប់ពី​ថ្ងៃទី​១៦ ខែ​កញ្ញា ដល់​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ២០២៥ខាង​មុខ ដើម្បី​ធ្វើការ​តាំង​ពិព័ណ៌សៀវភៅ ចែកវែនតា ក៏ដូចជាចូលរួម​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​កម្ពុជា​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួបជាមួយអភិបាល​រងខេត្តព្រះសីហនុនៅ​រសៀល​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ២០២៥ តំណាង​នាវា MV Doulos Hope លោក ប៉ាន សុជាតិ បាន​ឱ្យ​ដឹង​ការ​ចូល​ចត​លើកនេះ បុគ្គលិក និងចូលរួមការងារសហគមន៍មានដូចជា ការចែកធុងចម្រោះទឹកស្អាត និងពិនិត្យចែកវែនតាជូនប្រជាពលរដ្ឋ និងចូលរួមថែរក្សាអនាម័យនៅតាមតំបន់ឆ្នេរ ក្នុងខេត្តព្រះសីហនុ។

បន្ថែម​លើ​នេះនឹង​មាន​ការ​តាំង​ពិព័ណ៌សៀវភៅនៅ​លើ​កប៉ាល​ដែល​បើក​ឱ្យពលរដ្ឋ​ចូល​ទស្សនា​ចាប់ពី​ម៉ោង​១រសៀល ដល់ម៉ោង៨យប់ និងចាប់បើកដំណើការពីថ្ងៃទី១៦ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

គួរឱ្យ​ដឹង​ផងដែរ​ថា​នេះ​ជា​ការ​ចូល​ចត​ជា​លើក​ទី​៣​ហើយរបស់​នាវា MV Doulos Hope នេះខណៈ​ការ​ចូល​ចត​កាលពី​លើ​ក​ទី​២​នៅ​ឆ្នាំ២០២៣ ក្រៅពី​តាំង​ពិព័ណ៌​សៀវភៅ​ក្រុម​ការងារកប៉ាល់ក៏បានចូលរួមសាងសង់អគារ ការចែកវ៉ែនតា ការប្រកួតកីឡាជាដើម។

MV Doulos Hope គឺជាកប៉ាល់បណ្ណាល័យបណ្តែតទឹកដែលដំណើរការដោយ GBA Ships e.V. ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់អាឡឺម៉ង់។ កប៉ាល់នេះមានប្រវែងប្រហែល ៨៥ម៉ែត្រ ប្រតិបត្តិការក្រោមទង់ជាតិប៉ាណាម៉ា និងដឹកនាវិកស្ម័គ្រចិត្តពហុជាតិសាសន៍។ បេសកកម្មរបស់វាគឺដើម្បីលើកកម្ពស់អក្ខរកម្ម ការអប់រំ និងការផ្លាស់ប្តូរវប្បធម៌ ដោយរៀបចំពិព័រណ៍សៀវភៅ និងកម្មវិធីសហគមន៍នៅតាមកំពង់ផែនានាទូទាំងអាស៊ីអាគ្នេយ៍។

“Doulos Hope” ជាភាសាក្រិចមានន័យថា “អ្នក​បម្រើនៃក្តីសង្ឃឹម”៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម