ព័ត៌មានជាតិ
ហេតុផលសំខាន់ៗចំនួន៥ ដែលនិស្សិតគួរជ្រើសរើសជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល
សិស្សានុសិស្សដែលបានបញ្ចប់ការប្រឡងបាក់ឌុបថ្មីៗនេះ កំពុងតែពិចារណាជ្រើសរើសជំនាញសិក្សាបន្តនៅសាកលវិទ្យាល័យ ស្របពេលកំពុងទន្ទឹងរង់ចាំលទ្ធផលនៃការប្រឡងរបស់ខ្លួន។ ពាក់ព័ន្ធនឹងការជ្រើសរើសជំនាញនេះដែរក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ បានជំរុញឱ្យនិសិ្សតជ្រើសរើសសិក្សាជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល ដោយលើកយកនូវហេតុផលសំខាន់ៗចំនួន៥។

១.ទទួលបានប្រាក់បៀវត្សខ្ពស់ និងទីផ្សារការងារមានតម្រូវការច្រើន
បច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ហើយគ្រប់ស្ថាប័ន និងក្រុមហ៊ុនទាំងអស់ពិតជាត្រូវការអ្នកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលដល់ការងារឱ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្ន និស្សិតដែលបានបញ្ចប់ការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថលនៅមានចំនួនតិច ស្របពេលដែលតម្រូវការជំនាញនេះមានកាន់តែច្រើនឡើង ដែលជាឱកាសល្អសម្រាប់ទទួលបានការងារធ្វើទាំងក្នុង និងក្រៅប្រទេស។ មិនតែប៉ុណ្ណោះ ដោយសារអ្នកជំនាញបច្ចេកវិទ្យាឌីជីថលមិនសូវមានច្រើននាំឱ្យក្រុមហ៊ុន និងស្ថាប័នមានការប្រកួតប្រជែងជ្រើសរើសយកមកបម្រើការងារ ដោយផ្តល់ប្រាក់បៀវត្សខ្ពស់ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដោយអាចប្រកបការងារជាអ្នកអភិវឌ្ឍសុសវែរ អ្នកជំនាញសន្ដិសុខសាយប័រ និងអ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាដើម។
២.បើកអាជីវកម្មដោយខ្លួនឯង
នៅក្នុងប្រទេសយើងសព្វថ្ងៃ អ្នកប្រកបអាជីវកម្មលើវិស័យបច្ចេកវិទ្យាឌីជីថលនៅមានចំនួនតិច ដូចនេះ អ្នកមានជំនាញផ្នែកនេះ អាចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយពីអ្នកជំនាញទៅជាម្ចាស់អាជីវកម្ម ឬអ្នកបង្កើតធុរកិច្ចថ្មីឌីជីថល (Startup) តាមរយៈការផ្តល់សេវាកម្មថ្មី ប្លែក ហើយថែមទាំងងាយស្រួលចូលទីផ្សារផងដែរ។ បច្ចុប្បន្ននេះ ឱកាសអាជីវកម្មនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនៅមានច្រើន បើធៀបនឹងអាជីវកម្មប្រពៃណីដែលមានស្រាប់។

៣.មានការផ្តល់អាហារូបករណ៍ជាច្រើន
ដើម្បីរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅកម្ពុជា មានអាហារូបករណ៍ជាច្រើនផ្តល់ជូនដល់សិស្សានុសិស្ស ដើម្បីបន្តចូលរៀនមហាវិទ្យាល័យលើជំនាញបច្ចេកវិទ្យាឌីជីថល។ ជាក់ស្តែង “កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship)” តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់ជូនការសិក្សា ជំនាញបច្ចេកវិទ្យាឌីជីថល ដល់សិស្សឆ្នើមរហូតដល់ ៥០០កន្លែង ជារៀងរាល់ឆ្នាំ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដោយនិស្សិតអាហារូបករណ៍ម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង ការរ៉ាប់រងលើថ្លៃសិក្សា ប្រាក់ឧបត្ថម្ភលើការស្នាក់នៅ និងហូបចុកសម្រាប់រយៈពេល ៤ឆ្នាំ។ ក្រៅពីនេះ មានអាហារូបករណ៍ក្នុង និងក្រៅប្រទេសជាច្រើនទៀត ដែលបានផ្តល់ជូនជាបន្តបន្ទាប់សម្រាប់ការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ដូចជា វគ្គបណ្តុះបណ្តាលជំនាញថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍តាមរយៈតំណរភ្ជាប់ https://t.me/mptcgovkh ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល។
៤.មុខវិជ្ជាមានប្រយោជន៍ និងគួរចាប់អារម្មណ៍ជាច្រើន
ការជ្រើសរើសជំនាញបច្ចេកវិទ្យាឌីជីថល គឺមានការបារម្ភថាមានមុខវិជ្ជាពិបាកក្នុងការសិក្សា។ ផ្ទុយទៅវិញមាននិស្សិតជាច្រើនក្រោយបានចូលរៀនជំនាញនេះ ពួកគេបានសម្តែងនូវការសប្បាយរីករាយ និងចាប់អារម្មណ៍ខ្លាំងលើមុខវិជ្ជាដែលពួកគេរៀន ដោយសារតែមុខវិជ្ជាភាគច្រើនផ្តល់នូវពុទ្ធិថ្មីៗ ដូចជាការដោះស្រាយបញ្ហា និងរបកគំហើញថ្មីៗមិនធ្លាប់មានជាដើម។ មុខវិជ្ជានីមួយៗសុទ្ធសឹងតែមានសារសំខាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងការទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និងសង្គមឌីជីថលជាអតិបរមា។
៥.ចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឱ្យមានវឌ្ឍនភាពឈានឡើង
បច្ចេកវិទ្យាឌីជីថលបានដើតួរយ៉ាងសកម្មក្នុងការប្រែក្លាយ និងជំរុញសកម្មភាពពាណិជ្ជកម្ម ប្រតិបត្តិការធុរកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ការទទួលបានសេវាហិរញ្ញវត្ថុ និងសេវាកម្សាន្តជាច្រើនផ្សេងទៀត។ សមិទ្ធផលសំខាន់ដែលយើងបានប្រើប្រាស់សព្វថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ត្រូវអរគុណដល់គំនិតដ៏អស្ចារ្យរបស់និស្សិតបញ្ចប់ការសិក្សា ផ្នែកបច្ចេកវិទ្យាឌីជីថល ដែលពួកគាត់បានប្រើប្រាស់ចំណេះដឹងលើផ្នែកបច្ចេកទេសបង្កើតឧបករណ៍ និងកម្មវិធីជាច្រើនដែលជួយសម្រួលដល់ការរស់នៅ ការធ្វើការ និងការទំនាក់ទំនងប្រចាំថ្ងៃ។ ក្នុងន័យនេះ ក្រោយបញ្ចប់ការ សិក្សានិស្សិតអាចប្រើប្រាស់ចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឱ្យមានវឌ្ឍនភាពឈានឡើង ព្រមទាំងកសាងសង្គមស៊ីវីល័យស្របតាមនិន្នាការតំបន់ និងសកល៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


