Connect with us

ព័ត៌មានជាតិ

ឱកាសមាស! ក្រសួងប្រៃសណីយ៍ប្រកាសជ្រើសរើសអាហារូបករណ៍ ២៥ កន្លែង សិក្សាជំនាញផ្កាយរណប និងលំហអាកាសក្រៅប្រទេស

បានផុស

នៅ

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ២៥ នាក់ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញផ្កាយរណប និងលំហអាកាស សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ នៅបណ្តាប្រទេសដៃគូ រួមមាន បារាំង ចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា។

ការផ្តល់អាហារូបករណ៍នេះ ធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ជាពិសេសវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធនឹងផ្កាយរណប និងលំហអាកាស។

តាមសេចក្តីជូនដំណឹង និស្សិតដែលជាប់ជ័យលាភី នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន ការរ៉ាប់រងថ្លៃសិក្សា ១០០% សំបុត្រយន្តហោះទៅមក ប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់ថ្លៃស្នាក់នៅ និងហូបចុក ការធានារ៉ាប់រងសុខភាព និងអាទិភាពក្នុងការជ្រើសរើសបម្រើការងារ នៅក្រសួង ឬក្រុមហ៊ុនបច្ចេកវិទ្យាបន្ទាប់ពីបញ្ចប់ការសិក្សា។

ចំពោះលក្ខខណ្ឌជ្រើសរើស បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្របរិញ្ញាបត្រផ្នែកមេកានិក អេឡិចត្រូនិក ទូរគមនាគមន៍ វិស្វកម្មសុសវែ ឬជំនាញពាក់ព័ន្ធ មានសមត្ថភាពភាសាអង់គ្លេស IELTS ចាប់ពី ៥.៥ ឡើងទៅ និងមានឯកសារចាំបាច់ដូចជា ប្រតិបត្តិពិន្ទុ និងជីវប្រវត្តិរូបសង្ខេប ព្រមទាំងមានសុខភាពល្អ។

ការដាក់ពាក្យអាចធ្វើឡើងតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី តាមរយៈតំណភ្ជាប់ https://www.cadt.edu.kh/satellite។

ការប្រឡងជ្រើសរើស នឹងប្រព្រឹត្តទៅនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) តាមប្រព័ន្ធកុំព្យូទ័រ ដោយផ្តោតលើវិញ្ញាសា គណិតវិទ្យា រូបវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ខណៈបេក្ខជនដែលជាប់វគ្គជម្រុះ នឹងត្រូវអញ្ជើញទៅសម្ភាសជាមួយគណៈកម្មការ។

សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមលេខទូរសព្ទ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ ឬអ៊ីមែល [email protected]

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម