Connect with us

ព័ត៌មានជាតិ

ច្បាប់សញ្ជាតិថ្មី៖ ជនដែលត្រូវបានដកសញ្ជាតិខ្មែរ​ហើយ តើអាចស្នើសុំសញ្ជាតិវិញបានដែរឬទេ?

បានផុស

នៅ

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ត្រូវបានស្ថាប័ននីតិបញ្ញត្តិ ពោលគឺរដ្ឋសភា និងព្រឹទ្ធសភា អនុម័តជាឯកច្ឆន្ទរួចរាល់ ហើយរង់ចាំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពលើសេចក្ដីព្រាងច្បាប់នេះ មុនថ្វាយព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសឱ្យប្រើនាពេលខាងមុខ។ តាមរយៈច្បាប់សញ្ជាតិ ដែលធ្វើវិសោធនកម្មពេលនេះ ក៏មានការចោទជាសំណួរថា តើជនដែលត្រូវបានដកសញ្ជាតិខ្មែរ​ហើយនោះ អាចស្នើសុំសញ្ជាតិវិញបានដែរឬទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រាយនឹងចម្ងល់ដែលលើកឡើងខាងលើនេះត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បញ្ជាក់ថា ជននោះអាចមានឱកាសទាមទារសញ្ជាតិខ្មែរមកវិញបាន តែជាសញ្ជាតូបនីយកម្ម។ ថ្លែងការពារសេចក្ដីច្បាប់ព្រាងស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា កាលពីដើមសប្ដាហ៍នេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានឆ្លើយបំភ្លឺដូច្នេះថា៖ «បន្ទាប់ពីបានដកហើយ​ បុគ្គលនោះនឹងអាចមានឱកាសស្នើសុំ ទាមទារសញ្ជាតិខ្មែរវិញបាន តាមសញ្ជាតូបនីយកម្ម ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌចាំបាច់នានា ស្របតាមច្បាប់កំណត់»

សញ្ជាតូបនីយកម្ម គឺជាបែបបទមួយក្នុងចំណោមបែបបទចំនួនបួនដែលអាចការទទួលបាននូវសញ្ជាតិខ្មែរ គឺទី១.ការទទួលសញ្ជាតិខ្មែរពីកំណើត ទី២.ដោយការស្មុំកូន ទី៣.ដោយចំណងអាពាហ៍ពិពាហ៍ និងទី៤.គឺការទទួលសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មនេះឯង។ សញ្ជាតូបនីយកម្ម សំដៅដល់ការផ្ដល់សញ្ជាតិខ្មែរតាមការស្នើសុំរបស់ជនបរទេស ដោយផ្អែកលើលក្ខខណ្ឌកំណត់របស់កម្ពុជា។

ប៉ុន្តែយ៉ាងណាក៏ដោយ តាមសេចក្ដីថ្លែងហេតុរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា នៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា កន្លងមក លើកឡើងថា ច្បាប់នេះផ្ដោតតែទៅលើបុគ្គលណា ដែលពាក់ព័ន្ធនឹងការសហការផ្ដល់ព័ត៌មាន ក្នុងការបំផ្លិចបំផ្លាញផលប្រយោជន៍ស្នូលរបស់ប្រទេសជាតិប៉ុណ្ណោះ ដោយមិនពាក់ព័ន្ធចំពោះលើគណបក្សដែលប្រឆាំង ឬមួយអ្នកដែលបញ្ចេញមតិប្រឆាំង មិនគាំទ្រគោលនយោបាយ ឬក៏មតិយោបល់ថ្នាក់ដឹកនាំណាមួយនោះទេ។

លោករដ្ឋមន្ត្រីមហាផ្ទៃ បានបញ្ជាក់ជាថ្មីទៅកាន់ប្រជាពលរដ្ឋ ដែលកំពុងនៅក្នុងស្រុក ឬនៅក្រៅប្រទេស ដែលកំពុងបម្រើការងារក្នុងវិស័យយោធា​ វិស័យនគរបាល ឬមួយក្នុងកិច្ចការសន្តិសុខ បូកទាំងក្នុងវិស័យជាមន្ត្រីរដ្ឋ ក៏ដូចជាបណ្ដាអង្គការសមាគមនានា កុំឱ្យភ័យ ព្រោះថាច្បាប់នេះធ្វើសម្រាប់តែបុគ្គលណាដែលកំពុងបម្រើជាមួយប្រទេសកំពុងប្រឈមជាមួយកម្ពុជា ឬឈ្លានពានជាមួយកម្ពុជាតែប៉ុណ្ណោះ តាមរយៈការប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពគប់គិតគ្នាជាមួយបរទេស ដែលនាំឱ្យជាតិអន្តរាយ។

ពាក់ព័ន្ធនឹងការដកសញ្ជាតិនេះទៀតសោត លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គណៈកម្មការជាតិមួយ​​ ក៏ត្រូវបានបង្កើតឡើងដែរ ដែលមានក្រសួងមហាផ្ទៃ ជាអ្នកដឹកនាំ ហើយក្នុងនោះក៏មានក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ក្នុងគោលដៅដើម្បីវាយតម្លៃលក្ខខណ្ឌឱ្យមានភាពសមស្រប និងអនុលោមតាមច្បាប់​នេះ ហើយជាពិសេសផ្ដល់ភាពត្រឹមត្រូវជូនចំពោះបុគ្គលដែលត្រូវបានដកសញ្ជាតិ។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ត្រូវបានរដ្ឋសភាជាតិអនុម័តជាឯកច្ឆន្ទកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំដែលមានវត្តមានសមាជិកចំនួន១២០រូប ហើយត្រូវបានព្រឹទ្ធសភាឯកភាពទាំងស្រុង ដោយឥតកែប្រែ ក្នុងសំឡេងគាំទ្រចំនួន៥៤សំឡេង ក្នុងសម័យប្រជុំកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥៕

ដោយ៖​ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម