ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ សូមវិញ្ញាណក្ខន្ធវីរកងទ័ពពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាព បានទៅដល់ឋានបរមសុខ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងនូវការគោរព និងឧទ្ទិសជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានលះបង់អាយុជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពនៅសមរភូមិមុខក្នុងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាកន្លងមកថ្មីៗ នេះ បានទៅដល់ឋានបរមសុខ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងនូវការឧទ្ទិសនេះក្នុងពេលរៀបចំពិធីបុណ្យទក្ខិណានុប្បទានដើម្បីជូនបុណ្យចំពោះវីរជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេល នៃជម្លោះព្រំដែន កម្ពុជា-ថៃ និងឧទ្ទិសមហាកុសលថ្វាយចំពោះព្រះមហាវីរក្សត្រ ខ្មែរគ្រប់ជំនាន់។ ពិធីនេះដែរ ប្រារព្ធធ្វើនៅឧបដ្ឋានសាលាវត្តរាជបូណ៌ ក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់ លោក លោកស្រី មន្ទីរអង្គភាព រួមទាំងព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទនិមន្ត និងអញ្ជើញចូលរួមជាច្រើនអង្គ/នាក់ កាលពីព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥។

នៅក្នុងពិធីបុណ្យនោះដែរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក៏បានមានថេរដីកាសម្ដែងនូវការសោកស្តាយរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់នូវវីរកងទ័ពកម្ពុជាដែលបានពលីជីវិតបូជាដើម្បីការពារព្រំដែនទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ប្រកបដោយភាពអង់អាចក្លាហានក្រៃលែង។ ការពលីជីវិតរបស់វីរកងទ័ពកម្ពុជាគឺជាការលះបង់ដ៏ធំធេង និងមានគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះជាតិកម្ពុជាទាំងមូល ដែលយើងត្រូវតែគោរព និងផ្តល់តម្លៃជាវីរបុរសពិតរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។

សម្តេចព្រះព្រហ្មរតនមុនី បានមានថេរដីកាបន្ថែមថា យើងពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់វីរកងទ័ពពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវ និងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រាន្តលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ។

ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត រួមជាមួយ ព្រះមន្ត្រីសង្ឃខេត្ត ព្រះសង្ឃ និង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីថ្នាក់នាំមន្ទីរអង្គភាព រួមនឹង ពុទ្ធបរិស័ទ ទាំងអស់ ក៏បានសម្តែងការគោរពដឹងគុណជានិច្ចចំពោះពលីកម្មដ៏ធំធេងនេះ ហើយតាំងចិត្តចងចាំជានិច្ចនូវគំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត និងសូមឧទ្ទិសផលបុណ្យទាំងឡាយជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពបានបដិសន្ធិជាខ្មែរឡើងវិញកុំបីខាន។

សម្តេច ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិ សូមអភិបាលរក្សា និងឃុំគ្រងវីរកងទ័ពកម្ពុជាយើងដែលកំពុងសម្រាកព្យាបាល ឱ្យឆាប់បានធូរស្បើយ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិដូនតាខ្មែរ ជួយពាំងរាំងមុខកងទ័ពយើងឱ្យមានជោគជ័យនិងសុខសុវត្ថិភាពគ្រប់ពេលវេលា។ នៅក្នុងពិធីបុណ្យទក្ខិណានុប្បទានដើម្បីជូនបុណ្យចំពោះវីរជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងឧទ្ទិសមហាកុសលថ្វាយចំពោះព្រះមហាវីរក្សត្រខ្មែរគ្រប់ជំនាន់នាពេលនោះដែរក៏មានការរៀបចំរាប់បាត្រព្រះចំនួន ៥០០ អង្គ ផងដែរ៕
អត្ថបទ ៖ វិមាន



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


