Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ​ អំពាវនាវ​កម្មករ​និយោជិត​បង្កើនការ​ប្រុងប្រយ័ត្ន​ បញ្ចៀស​គ្រោះថ្នាក់​ចរចរណ៍​ក្នុង​ពិធី​បុណ្យកាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ធ្វើ​ការ​អំពាវនាវ​ដល់បងប្អូនកម្មករនិយោជិត ម្ចាស់​អាជីវកម្ម និងប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើដំណើរទៅគ្រប់ទីកន្លែងប្រកបដោយ សុខសុវត្ថិភាព និងសូមបង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរដោយគោរពច្បាប់ចរាចរណ៍ និងអធ្យាស្រ័យគ្នាទៅវិញទៅមកដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ចរចារណ៍ជាយថាហេតុណាមួយក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីអំពាវនាវ និងជូនព័ត៌មានដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្នុង​អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក្រសួងការងារ​ក៏បានអំពាវនាវ​ដល់​បងប្អូន​កម្មករ​និយោជិត ម្ចាស់​អាជីវកម្ម និងប្រជាពលរដ្ឋ មេត្តាពិនិត្យ បណ្តាញអគ្គិសនី ភ្លើងចង្ក្រាន ធូប និង​ទៀន​ឱ្យ​បាន​ល្អ​មុនពេលចាកចេញពីលំនៅដ្ឋាន ឬបិទទ្វារទីតាំងអាជីវកម្ម របស់​ខ្លួន​ដើម្បីជៀសវាងកុំឱ្យមានអគ្គិភ័យកើតឡើងបង្កគ្រោះថ្នាក់ដល់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិផ្សេងៗ។

លើស​ពី​នេះ​ទៀត ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត និងសាធារណជន ដែលបានឈប់សម្រាក និងធ្វើដំណើរកម្សាន្ត ឬទៅទទួលសេវានៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា សូម​មាន​ការ​យោគ​យល់​អធ្យាស្រ័យ​ដល់​បងប្អូនកម្មករនិយោជិត អ្នកផ្តល់សេវា និងម្ចាស់អាជីវកម្ម ប្រសិនមានករណីយឺតយ៉ាវ ឬខ្វះខាតដោយប្រការណាមួយក្នុងអំឡុងពេលនេះ។

ព្រោះថា បងប្អូនកម្មករនិយោជិតមួយចំនួន ដែលបម្រើ ការងារ​នៅ​តាម​រមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានានឹងមានភាពមមាញឹក ទ្វេដងក្នុងការផ្តល់សេវាជូនអតិថិជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនបានធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារ និងប្រារព្ធពិធីផ្សេងៗតាមទំនៀម ទម្លាប់ ប្រពៃណី សាសនា នោះទេ។

ក្រសួងការងារ សូមថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះស្មារតីមនសិការវិជ្ជាជីវៈរបស់បងប្អូនកម្មករនិយោជិតផ្នែកសេវាសារវន្តទាំងអស់ ដែលបានលះបង់ពេលវេលាផ្ទាល់ ខ្លួនបំពេញនូវភារកិច្ចជាសារវន្ត និង​មាន​ចរិត​ជាសកលរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួននាឱកាសនេះ។

ក្រសួងក៏សូមថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបុគ្គលិកសន្តិសុខឯកជន ដែលបានលះបង់ពេល វេលាផ្ទាល់ខ្លួន បំពេញភារកិច្ចរក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គមនៅក្នុងអំឡុងពេលឈប់សម្រាកនេះ ដើម្បីផ្តល់ឱកាស ដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ អាចមានពេលវេលាជួបជុំគ្រួសារដោយសប្បាយរីករាយ និងធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បាន​អនុញ្ញាត​ឱ្យកម្មករនិយោជិត​បាន​ឈប់​សម្រាក​ដោយមានប្រាក់ឈ្នួល​ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រយៈពេល ៣ថ្ងៃ គឺថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែកញ្ញា ដែលកម្មករនិយោជិតត្រូវទទួលបាន ឱ្យបានមុនថ្ងៃឈប់សម្រាកនេះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម