Connect with us

ព័ត៌មានជាតិ

មន្ទីរការងារខេត្តមណ្ឌលគិរី ដាក់ពង្រាយក្រុមការងារផ្សព្វផ្សាយឱកាសការងារដល់ពលរដ្ឋក្នុងមូលដ្ឋាន រយៈពេល១ខែពេញ

បានផុស

នៅ

មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានបើកយុទ្ធនាការដាក់ពង្រាយក្រុមការងាររបស់ខ្លួននៅតាមទីតាំងសំខាន់ៗ រួមទាំងនៅចំណុចក្បែរង្វង់មូលគោព្រៃក្នុងក្រុងសែនមនោរម្យ ដើម្បីផ្សព្វផ្សាយឱកាសការងារជូនពលរដ្ឋក្នុងមូលដ្ឋាន យុវជន សិស្ស និងនិស្សិត ជាពិសេសពលករវិលត្រឡប់មកពីប្រទេសថៃដែលស្វែងរកការងារធ្វើ។ យុទ្ធនាការនេះនឹងធ្វើឡើងរយៈពេលមួយខែពេញ ក្នុងខែកញ្ញានេះ ខណៈខេត្តមណ្ឌលគិរី កំពុងត្រូវការកម្លាំងពលកម្មជិត ៤០០ នាក់ បម្រើនៅវិស័យផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ពុទ្ធ បញ្ញា អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានប្រាប់(កម្ពុជាថ្មី)ថា ការរៀបចំនេះគឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកស្រីបន្តថា៖«ក្រុមការងារដែលប្រចាំការនៅទីតាំងនេះមិនត្រឹមតែជួយរកការងារជូនពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងទទួលចុះឈ្មោះអ្នកដែលមានបំណងចង់រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈផ្សេងៗនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តដោយឥតគិតថ្លៃ»។

លោកស្រីបន្ថែមទៀតថា ក្រៅពីការចុះមកជួបផ្ទាល់នៅទីតាំងនេះ ពលរដ្ឋក៏អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទហតឡាញ ១២៩៧ ដែលនឹងមានមន្ត្រីជំនាញប្រចាំការ បម្រើដល់ប្រជាពលរដ្ឋជានិច្ច និងមានឱកាសទទួលបានការងារទូទាំងប្រទេសកម្ពុជា ។

ជាមួយគ្នានេះ លោកស្រី​បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករដែលទើបតែត្រឡប់មកពីប្រទេសថៃ សូមអញ្ជើញមកទំនាក់ទំនងជាមួយក្រុមការងារនៅទីតាំងរង្វង់មូលគោព្រៃ ឬទូរស័ព្ទទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានការងារល្អ និងទទួលបានប្រាក់ខែសមរម្យ។

ពលរដ្ឋជាជនជាតិដើមភាគតិចមួយរូបមានឈ្មោះ រញ៉យ គេន មានអាយុ៤០ មានទីលំនៅបច្ចប្បន្ន ភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ដែលបានមកចុះឈ្មោះស្វែងរកការងារ នៅទីតាំងក្បែរង្វង់មូលគោព្រៃ បានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងដែលបានចុះឈ្មោះស្វែងរកការងារធ្វើតាមរយៈមន្ទីការងារខេត្ត។

ក្រៅពីតម្រូវការកម្លាំងពលកម្មក្នុងខេត្តនេះ ក៏មានក្រុមហ៊ុនមួយចំនួនដែលនៅជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរខេត្ត ប្រកាសជ្រើសរើសកម្លាំងជាង ១ម៉ឺនកន្លែង បម្រើឱ្យផ្នែកកសិ-ឧស្សាហកម្ម។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន THA CO AGRI ស្រុកស្នួល ខេត្តក្រចេះ និងក្រុមហ៊ុន THA CO AGRI នៅស្រុកលំផាត់ ខេត្តរតនគិរី។

គិតត្រឹមថ្ងៃទី ០៨​ខែ កញ្ញា ឆ្នាំ ២០២៥ នៅខេត្តមណ្ឌលគិរី កំពុងត្រូវការកម្លាំងពលកម្មបន្ថែម ចំនួន ៣៨៣នាក់ បម្រើឱ្យវិស័យផ្សេងៗដែលកំពុងមានតម្រូវការ។ សូមជម្រាបថា ពលរដ្ឋនៅខេត្តមណ្ឌលគិរីសរុប ៩៥ នាក់ បានទៅធ្វើការនៅប្រទេសថៃ ហើយក្នុងចំណោមនោះមាន ៧៤ នាក់បានវិលត្រឡប់មកវិញ។ ក្នុងចំណោមអ្នកដែលត្រឡប់មកវិញនោះ មាន ១៧ នាក់ បានមកចុះឈ្មោះស្វែងរកការងារធ្វើរួចហើយដែរ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម