ព័ត៌មានជាតិ
កម្ពុជា-សិង្ហបុរី បើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញតាមរយៈ ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និង វាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា
នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ នេះ នៅទីស្តីការក្រសួង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ស្ទីវិន ផាំង ជីវី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា បានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងស្ថាប័ន SG Aston LLP និង វិទ្យាស្ថានបច្ចេកវិទ្យា និង កសិកម្មកម្ពុជា (CITA) ស្តីពី ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និង វាយតម្លៃសមត្ថភាពសម្រាប់សិក្ខាកាមក្នុងវិស័យសំណង់ (CITA-SGA TTC) ដែលជាការបើកទំព័រថ្មីមួយ នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេស និង ស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា ដែលគាំទ្រយ៉ាងរឹងមាំ និង ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ជាពិសេសការអភិវឌ្ឍជំនាញក្នុងវិស័យការងារ។ ជាក់ស្តែង អនុស្សរណៈ នៃការយោគយល់នេះ គឺជាលទ្ធផល នៃទំនាក់ទំនងល្អ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស និង ការជឿទុកចិត្តគ្នា។ ពិធីចុះហត្ថលេខា នាថ្ងៃនេះ មានអត្ថន័យលើសពីការបង្កើតកិច្ចព្រមព្រៀងជាផ្លូវការរវាងភាគីទាំងពីរទៅទៀត ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ (TVET) ការអភិវឌ្ឍជំនាញ ការត្រៀមកម្លាំងពលកម្ម និង ការអភិវឌ្ឍធនធានមនុស្ស។

លោករដ្ឋមន្រ្តី លើកឡើងថា សិង្ហបុរី ជាគោលដៅដ៏មានសក្តានុពលសម្រាប់ពលករជំនាញ ហើយភាពជាដៃគូនេះ នឹងផ្តល់នូវមាគ៌ាកាន់តែច្បាស់លាស់សម្រាប់ពលករកម្ពុជាក្នុងការយល់ដឹង និង បំពេញតាមស្តង់ដារខ្ពស់របស់សិង្ហបុរី ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពនៅកន្លែងធ្វើការ ការបញ្ជាក់សមត្ថភាពជំនាញ និង សុខុមាលភាព។ លើសពីនេះ ភាពជាដៃគូនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការវិនិយោគលើប្រជាពលរដ្ឋ ជំនាញ និង ឱកាស នាពេលអនាគត ដែលឆ្លុះបញ្ចាំងពីជំនឿថា ការអប់រំ និង ការបណ្តុះបណ្តាល គឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយសម្រាប់ការផ្លាស់ប្តូរជីវិតកាន់តែប្រសើរ ការលើកកម្ពស់ជីវភាពរស់នៅ និង ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជាមួយនឹងបទពិសោធជាច្រើនទសវត្សរ៍របស់ SG Aston LLP និង ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរ លោកជឿជាក់យ៉ាងមុតមាំថា កម្មករសំណង់កម្ពុជា ក្រុមដំបូង នឹងអាចបំពេញបានដោយជោគជ័យនូវលក្ខខណ្ឌ និង សមត្ថភាពដែលតម្រូវដោយប្រទេសសិង្ហបុរី ហើយនឹងក្លាយជាគំរូដ៏ល្អមួយសម្រាប់ជំនាន់ពលករបន្តបន្ទាប់ទៀត។ ទន្ទឹមនឹងការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រភាគីទាំងពីរឲ្យទទួលបានជោគជ័យ លោក ហេង សួរ គូសបញ្ជាក់ថា ការចុះ MoU ជាលើកដំបូងនេះ មិនត្រឹមតែគាំទ្រឱកាសការងារក្នុងវិស័យសំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ទៀត នៃទីផ្សារការងារសិង្ហបុរី នាពេលអនាគតផងដែរ។

ជាការឆ្លើយតប លោក ស្ទីវិន ផាំង ជីវី មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យនេះ មិនត្រឹមតែសម្រាប់ស្ថាប័នទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់កម្មករទាំងឡាយ ដែលសុវត្ថិភាព និង ជីវភាពរស់នៅរបស់ពួកគាត់ នឹងត្រូវបានយកចិត្តទុកដាក់ជាចម្បងតាមរយៈភាពជាដៃគូនេះ។ ជាមួយនឹងការចាត់ទុក វិស័យសំណង់ ជាគ្រឹះស្នូល នៃការអភិវឌ្ឍ លោកក៏បានលើកឡើងពីការកសាងទំនាក់ទំនងដ៏ល្អ នៃប្រទេសទាំងពីរ ដែលផ្អែកលើការគោរពគ្នា និង ប្តេជ្ញាចិត្តរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជាតិទាំងពីរ ហើយការចុះហត្ថលេខា នាថ្ងៃនេះ គឺជាឧទាហរណ៍ដ៏ច្បាស់លាស់មួយ នៃការប្តេជ្ញាចិត្តនេះ។ លោកឯកអគ្គរដ្ឋទូត ក៏ទន្ទឹងរង់ចាំមើលការបង្កើត និង ការរីកចម្រើន នៃមជ្ឈមណ្ឌលនេះ ព្រមទាំងស្វាគមន៍ក្រុមដំបូង និង ក្រុមជាបន្តបន្ទាប់ជាច្រើនទៀត នៃកម្មករសំណង់ ដែលនឹងទទួលបានអត្ថប្រយោជន៍ពីការបណ្តុះបណ្តាលដែលមជ្ឈមណ្ឌលនេះផ្តល់ជូន។

MoU នេះ មានគោលបំណងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និង វាយតម្លៃសមត្ថភាពសិក្ខាកាមក្នុងវិស័យសំណង់ និង ក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មីមួយក្នុងការអភិវឌ្ឍ និង ដំណើរការមជ្ឈមណ្ឌលនៅកម្ពុជា។ សារៈសំខាន់ នៃ MoU នេះ គឺផ្តល់នូវវគ្គបណ្តុះបណ្តាលចម្រុះ ដែលត្រូវបានអភិវឌ្ឍន៍ឡើងដើម្បីឆ្លើយតបទៅនឹងស្តង់ដារឧស្សាហកម្ម និង តម្រូវការកម្លាំងពលកម្មដែលកំពុងវិវត្ត ជាពិសេសលើជំនាញការងារដែកពង្រឹងបេតុង (Rebar) និង ការងារទម្រង់បេតុង (Formwork) ព្រមទាំងត្រៀមពង្រីកទៅកាន់មុខជំនាញផ្សេងៗ ទៀត នាពេលអនាគត។

តាមរយៈភាពជាដៃគូជាមួយស្ថាប័នដែលមានកេរ្តិ៍ឈ្មោះនៅសិង្ហបុរី និង ទទួលស្គាល់ជាអន្តរជាតិ មជ្ឈមណ្ឌលនេះ នឹងនាំមកនូវការបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ទៅកាន់បណ្តាញមជ្ឈមណ្ឌលបណ្តុះបណ្តាលជាសកល ដើម្បីផ្តល់ជូនកម្មករ និង សិក្ខាកាមនូវចំណេះដឹងជាក់ស្តែង និង សមត្ថភាពដែលត្រូវការសម្រាប់បរិយាកាសការងារពិតប្រាកដ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


