Connect with us

ព័ត៌មានជាតិ

នេះ​មក​មើល​តម្លៃ​សំបុត្រ​ផ្ញើ​យានជំនិះ​នៅ​ព្រលាន​​អន្តរជាតិតេជោ (ម៉ូតូ រថយន្ត)

បានផុស

នៅ

ក្រោយ​ពេលបើក​ឲ្យ​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​កាល​ពីថ្ងៃ ០៩ ខែកញ្ញា​ឆ្នាំ ២០២៥ អាកាសយានដ្ឋាន​ដ៏ទំនើប​របស់​កម្ពុជា​បាន​ទទួល​បានការ​ចាប់​អារម្មណ៍​ពី​ពលរដ្ឋ​ក្នុងការ​មក​ទស្សនា ​ដើម្បី​បានមើល​ពីអគារ​នៃ​សំណង់​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​ដែល​សាងសង់​ដោយ​​វិស្វករ​ខ្មែរ​និង​បរទេស ​ដែល​ចំណាយ​ថវិកា​សាងសង់​អស់​ប្រមាណ ២ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​បើក​ឲ្យ​ដំណើរការ​រយៈពេលជាងមួយ​អាទិត្យ​​ឃើញ​ថា មានពលលរដ្ឋ​បានសម្រុក​ធ្វើ​ដំណើរ​​ចូល​មក​ទស្សនា​យ៉ាង​ច្រើន​កុះករ​តាំងពី​ច្រក​ចូល​រហូត​ដល់ទីតាំង​មួយ​ចំនួន​ក្នុង​ព្រលាន​ ស្រប​ពេល​ដែលការ​ចត​យានយន្ត​របស់អ្នកដំណើរ​​នៅចំណតក្នុង​ព្រលានក៏​មិន​គិត​ថ្លៃ​សេវា ដើម្បី​សម្រួលពលរដ្ឋ​ក្នុងការ​ចត​យានយន្ត​បាន​​ងាយស្រួល និងមានសុវត្ថិភាព។

បើ​តាម​មន្រ្តី​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន OCIC ដែល​គ្រប់គ្រង​អភិវឌ្ឍ​ព្រលាន​យន្តហោះ​​អន្តរជាតិ​តេជោ​បាន​ប្រាប់កម្ពុជាថ្មី​ថា ចំណត​យានយន្តសម្រាប់​​អ្នក​ដំណើរ​ក្នុង​ព្រលាន​​តេជោ ​អាច​ផ្ទុក​យានយន្ត​បានរហូត​ដល់​ជាង ១ ០០០ គ្រឿង។

យ៉ាងណាមិញ ក្រោយ​ដាក់​ឲ្យ​ប្រើប្រាស់​ចំណត​មួយ​រយៈ​ដោយ​ឥត​គិត​ថ្លៃ ចាប់ពីពេលនេះ​សម្រាប់​យានយន្ត​ចូល​ចត​ចំណតនៅ​​​ក្នុង​ព្រលាន​អន្តរជាតិ​តេជោ​ បាន​ចាប់ផ្តើម​គិត​ថ្លៃ​សេវា​សម្រាប់​រាល់យានជំនិះ​មិន​ថា​រថយន្ត ឬ​ម៉ូតូ ហើយ​តម្លៃ​ចំណតក៏​​ខុស​ៗ​គ្នា​​ទៅ​តាម​ប្រភេទ​រថយន្ត​ និងជម្រើស​នៃ​ចំណត​។

សម្រាប់​ចំណត​ធម្មតា (Regular Parking)

-សម្រាប់​រថយន្ត​គ្រួសារ (Car, SUV, MPV) តម្លៃ​ចំណត​ចត​ក្រោម ៣០ នាទី ​តម្លៃ ៤ ០០០ រៀល និង​គិត​តម្លៃ​បន្ថែម​បើ​​ចត​លើស​រយៈពេល​កំណត់​។

-​សម្រាប់​រថយន្ត​ក្រុង ឬ​រថយន្ត​ដឹកជញ្ជូន (Bus និង Truck) តម្លៃ​ចំណតចត​ក្រោម ៣០ នាទី តម្លៃ ៥ ០០០ រៀល និង​គិត​ថ្លៃ​បន្ថែម​បើ​ចតលើស​រយៈ​ពេល​កំណត់។

សម្រាប់​ចំណត​ពិសេស (Premium Parking)

សម្រាប់​រថយន្ត​គ្រួសារ (Car, SUV, MPV) សម្រាប់​ការ​ចត​ក្រោម ៣០ នាទី ​តម្លៃ ១២ ០០០ រៀល និង​គិត​តម្លៃ​បន្ថែម​បើ​ចតលើស​រយៈពេល​កំណត់​។

ចំណត​ម៉ូតូ (Motor Parking)

ការ​ចត​ក្រោម ១២ ម៉ោង តម្លៃ ២ ០០០ រៀល និង​បើ​ចត​លើស​រយៈពេល​កំណត់​ នឹង​គិត​តម្លៃ​បន្ថែម​តាម​ការ​ជាក់ស្តែង។

ដោយឡែក​ការប្រើប្រាស់​ចំណត​​បង់​ប្រចាំ​ខែ​សម្រាប់​ចំណត​ធម្មតា​ (Regular Parking) សម្រាប់​ប្រភេទ​​រថយន្ត​តម្លៃ​ ២០០ ០០០ រៀល និង​តម្លៃ ៨០០ ០០០ រៀលសម្រាប់​ចំណត​ពិសេស​ (Premium Parking) និង​​​ម៉ូតូតម្លៃ​ ៤០ ០០០ រៀល។

ក្រៅ​ពី​ការ​ប្រើប្រាស់​​ចំណត​ផ្លូវ​ការ សម្រាប់​យានយន្ត​ដែលគ្រាន់តែ​ចូល​​ទម្លាក់​​អ្នក​ដំណើរ​នៅ​ខាង​មុខ​ច្រក​ចេញ​ចូល​នៅខាងមុខ​ស្ថានីយអ្នកដំណើរ (Drop Off Lane) សម្រាប់​រឺម៉ក ឬ​ម៉ូតូ​កង់​បី​ ការ​ឈប់​ក្រោម ១០ នាទី​មិន​គិត​ថ្លៃ​សេវានោះទេ​ តែ​បើលើស​រយៈពេលកំណត់​នឹង​​​គិត​ថ្លៃ​សេវា​បន្ថែម​តាមភាព​ជាក់ស្តែង​។

ចំណែក​រថយន្ត​គ្រួសារ (Car, SUV និង MPV) ការ​ឈប់​ទម្លាក់​អ្នក​ដំណើរ​ក្រោម ១០ នាទី នឹង​មិន​គិត​ថ្លៃ​សេវា បើ​លើស​រយៈពេល​កំណត់​នឹង​គិត​តម្លៃ​បន្ថែម។

ដោយ​ឡែក​សម្រាប់រថយន្ត​​ដឹក​អ្នក​ដំណើរ​ធំៗ​និងរថយន្ត​​ដឹកជញ្ជូន (Bus និង Truck) ការ​ឈប់​ទម្លាក់​ភ្ញៀវ​ក្រោម ២០ នាទី មិន​គិត​ថ្លៃ​សេវា ហើយ​បើ​ឈប់​លើស​រយៈពេល​កំណត់​នឹង​គិត​ថ្លៃ​បន្ថែម​តាម​ការ​ជាក់ស្តែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម