ព័ត៌មានជាតិ
ភូមិជោគជ័យរងគ្រោះដោយថៃរាយបន្លាលួសឈ្លានពាន មានពលរដ្ឋរស់នៅប្រមាណ ៧៣២ គ្រួសារ
ភូមិជោគជ័យជាភូមិសមរភូមិក្តៅមួយ ដែលថៃបានរាយបន្លាលួសឈ្លានពានចូលទឹកដីកម្ពុជា។ ភូមិយុទ្ធសាស្រ្តជាប់ព្រំដែនថៃនេះ បច្ចុប្បន្នមានពលរដ្ឋរស់នៅប្រមាណ ៧៣២ គ្រួសារ។
«ដោយសារជាភូមិសមរភូមិជួរមុខ បច្ចុប្បន្ននេះពលរដ្ឋមិនហ៊ានដើរចាកឆ្ងាយពីលំនៅដ្ឋាននោះទេ ដោយសារភ័យខ្លាចពីការលួចចូលទន្ទ្រានពីកងទ័ពថៃ។ លោក ប៉ែន ឫទ្ធី មេភូមិជោគជ័យបានប្រាប់កម្ពុជាថ្មី។

លោក ប៉ែន ឫទ្ធី មេភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានប្រាប់ថា ភូមិនេះមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងប៉ោយប៉ែត ពោលបើធ្វើដំណើរតាមផ្លូវជាតិលេខ ៥៨ គឺនៅត្រង់បង្គោលលេខ ២០ តែម្តង។
មេភូមិដែលទទួលខុសត្រូវគ្រប់គ្រងក្នុងមូលដ្ឋានរូបនេះបានអះអាងថា «ការរាយបន្លាលួសរបស់យោធាថៃបានព័ទ្ធផ្ទះប្រជាពលរដ្ឋខ្មែរចំនួន ៦ ខ្នង រួមទាំងដីនិងស្រែចម្ការមួយចំនួនទៀត»។
«បើគិតពីចម្ងាយពីទីតាំងចាស់ដែលជាទឹកដីកម្ពុជាធ្លាប់ឈរជើង មកដល់ទីតាំងរាយបន្លាលួសមានចម្ងាយប្រហែល ១៤៥ ម៉ែត្រ»។ លោក ប៉ែន ឫទ្ធី បញ្ជាក់បន្ថែម។
ដោយសារពលរដ្ឋក្នុងភូមិភ័យខ្លាចការបន្តចូលមកទន្ទ្រានបន្ថែមទៀត ពលរដ្ឋជាង ៧០០ គ្រួសារបានប្រមូលផ្តុំគ្នាមិនហ៊ានចាកចោលចេញពីលំនៅដ្ឋាន ហើយមួយចំនួនត្រូវចោលការងារ ចោលស្រែចម្ការមិនអាចទៅណាបាន។ ដោយសារមើលឃើញការប្រឈមបែបនេះ អាជ្ញាធរក៏បានជួយឧបត្ថម្ភជាស្បៀងអាហារមួយចំនួនដល់ពលរដ្ឋខ្វះខាត ដើម្បីគាំទ្រដល់ជីវភាពរស់នៅសម្រួលការលំបាកក្នុងគ្រាប្រឈមការឈ្លានពានពីទាហានថៃ។ លោក ប៉ែន ឫទ្ធី មេភូមិជោគជ័យ បន្ថែម។

ភូមិជោគជ័យស្ថិតនៅក្នុងចំណោមភូមិទាំង ១១ នៅក្នុងដែនដីរដ្ឋបាលរបស់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ភូមិនេះមានភូមិសាស្រ្តប្របតាមបណ្តោយព្រំដែនកម្ពុជាថៃតាមបណ្តោយផ្លូវជាតិលេខ ៥៨ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងប៉ោយប៉ែត។
កាលពីពេលថ្មីៗនេះ បើតាមក្រសួងការពារជាតិកម្ពុជាបានធ្វើការឆ្លើយតបទៅការបង្ហាញផែនទីរូបភាពផ្កាយរណបដែលគូសដោយឯកតោភាគីពីភាគីថៃ ដែលផ្សាយពីខ្សែបន្ទាត់ព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៅចន្លោះបង្គោលព្រំដែនលេខ៤៤ និងលេខ៤៧។
ស្រាយបំភ្លឺជុំវិញករណីភូមិជោគជ័យនេះ លោកឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិបានពន្យល់ថា ផែនទីដែលត្រូវបានបង្ហាញនិងផ្សព្វផ្សាយដោយអ្នកនាំពាក្យរងយោធាថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃដែលបង្ហាញពីខ្សែបន្ទាត់ព្រំដែនឯកតោភាគីគឺខុសលក្ខណៈបច្ចេកទេស និងបង្កឱ្យមានការយល់ច្រឡំ។

«ខ្សែដែលមានពណ៌ក្រហម និងខ្សែពណ៌ខៀវនៅលើផែនទីរូបភាពផ្កាយរណបរបស់ថៃនេះ គឺមិនមែនជាខ្សែព្រំដែនផ្លូវការដែលបានឯកភាពគ្នានោះទេ ប៉ុន្តែវាគឺជាខ្សែតភ្ជាប់ដែលភាគីថៃយកមកគូសក្រៅផ្លូវការជាឯកតោភាគីប៉ុណ្ណោះ ហើយប្រើប្រាស់ដើម្បីពន្យល់ទៅសាធារណជនឱ្យមានការយល់ច្រឡំ និងទាមទារឱ្យកម្ពុជាទទួលស្គាល់ថាជាខ្សែព្រំដែនដែលបានឯកភាពគ្នាទ្វេភាគី»។ លោកឧត្តមសេនីយ៍ទោ ឆេង ឃុន បញ្ជាក់។
បើកផ្អែកលើផែនទីរបស់ថៃ តាមការអង្កេតរបស់ក្រុមការងារមូលដ្ឋាននៅលើដីជាក់ស្ដែង នៅចន្លោះបង្គោលព្រំដែនលេខ ៤៤ ដល់បង្គោលលេខ៤៧ ឃើញថា ប្រជាពលរដ្ឋថៃបានកាន់កាប់និងអាស្រ័យផលចូលមកក្នុងទឹកដីកម្ពុជា ព្រមទាំងមានផ្លូវកៅស៊ូថៃស្ថាបនាចូលក្នុងទឹកដីកម្ពុជាផងដែរ។

ក្រសួងការពារជាតិកម្ពុជាបានបន្ថែមថា ចំពោះប្លង់បង្ហាញពីទីតាំងភូមិសាស្ត្រ និងបង្គោលព្រំដែន ដែលអ្នកនាំពាក្យរងយោធាថៃក៏ដូចជារដ្ឋបាលខេត្តស្រះកែវ និងបណ្តាញព័ត៌មានថៃ យកមកបង្ហាញនិងផ្សព្វផ្សាយមានចុះហត្ថលេខាដោយលោក ឡាយ សៀងលី (អតីតប្រធានក្រុមវាស់វែងខាងកម្ពុជា) និងវរៈសេនីយ៍ឯក ឆាខន ប៊ុនផាក់ឌី (អតីតប្រធានក្រុមវាស់វែងខាងថៃ) គឺជាប្លង់ដែលបញ្ជាក់អំពីទីតាំងបង្គោលព្រំដែនប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ទោ ឆេង ឃុន បញ្ជាក់ថា ជារួម កម្ពុជានិងថៃមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានបច្ចេកទេសសម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០ យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោលព្រំដែនជាមួយគ្នាបានចំនួន ៧៤ បង្គោល ហើយភាគីទាំងពីរ កម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ជាក់ឡើងវិញនៅក្នុង MOU ឆ្នាំ២០០០។ លោកបន្ថែមថា ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ កម្ពុជាប្រកាន់ជំហរការពារអធិបតេយ្យរបស់ខ្លួនដោយគោរពតាមផែនទីមាត្រដ្ឋាន១/២០០.០០០ និង មិនចង់បានទឹកដីថៃឡើយ ហើយស្នើភាគីថៃគោរពនូវអធិបតេយ្យរបស់កម្ពុជាវិញដូចគ្នា៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


