នយោបាយ
លោក កឹម សុខា ថា នៅតែមានការយកឈ្មោះ និងរូបភាពរបស់លោក ដើម្បីបម្រើផលប្រយោជន៍នយោបាយ
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេសនោះបានអះអាងថា រហូតមកដល់ពេលនេះ នៅតែមានបុគ្គល និងក្រុមអ្នកនយោបាយមួយចំនួន តែយកឈ្មោះ និងរូបភាពរបស់លោក ទៅធ្វើសកម្មភាព ដើម្បីផលប្រយោជន៍ និងមហិច្ឆតារបស់ពួកគេ បើទោះបីជាលោកធ្លាប់បានបញ្ជាក់ជាច្រើនលើករួចមកហើយក៏ដោយ។

ការចេញមុខមកបញ្ជាក់បែបនេះ ត្រូវបានលោក កឹម សុខា ធ្វើឡើងបន្ទាប់ពីក្រុមមេធាវីការពារក្តីរបស់លោកបានចេញសេចក្តីថ្លែងការណ៏ជារឿយៗកន្លងមក ប្រាប់កុំឲ្យយកឈ្មោះលោក កឹម សុខា ទៅភ្ជាប់ជាមួយក្រុម បក្សពួក ឬចលនានយោបាយរបស់ខ្លួន ហើយត្រូវមានភាពក្លាហានទទួលខុសត្រូវដោយខ្លួនឯង។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ លោក កឹម សុខា បានបញ្ជាក់យ៉ាងដូច្នេះថា “ដោយសង្កេតឃើញថា មានបុគ្គល ក្រុម គណបក្ស ឬ ចលនានយោបាយខ្លះនៅតែយកឈ្មោះ និងរូបភាពខ្ញុំទៅភ្ជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាពដើម្បីបម្រើផលប្រយោជន៍ និងមហិច្ឆតារបស់ពួកគេ”។

លោកបញ្ជាក់ថា សេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាសរបស់សហមេធាវី ដែលជាតំណាងស្របច្បាប់របស់លោកកន្លងមក គឺធ្វើក្នុងនាម និងជាឆន្ទៈរបស់លោក។
មកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយចេញប្រតិកម្មចំពោះការលើកឡើងរបស់លោក កឹម សុខា នៅឡើយទេ ខណៈដែលគេដឹងថា មានអតីតថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិជាច្រើននាក់ហើយ បានសុំសិទ្ធិធ្វើនយោបាយ និងចេញទៅបង្កើតគណបក្សថ្មីៗ ហើយបើគិតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន៦ ដែលបានបង្កើតឡើងដោយអតីតមន្ត្រីគណបក្សប្រឆាំង រួមមាន គណបក្សឆន្ទៈខ្មែរ របស់លោក គង់ មូនីកា កូនប្រុសរបស់លោក គង់ គាំ, គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ, គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា, គណបក្សកំណែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន, គណបក្សបេះដូងជាតិ ដែលត្រូវបានគេអះអាងថា ជារបស់លោក ថាច់ សេដ្ឋា និងគណបក្សកម្ពុជានិយម។
លោកស្រី ម៉េង សុភារី ដែលជាមេធាវីម្នាក់ក្នុងចំណោមសហមេធាវីការពារក្តីឲ្យលោក កឹម សុខា មានអះអាងដែរថា សារដែលលោក កឹម សុខា បង្ហោះនៅលើបណ្តាញហ្វេសប៊ុកនេះ និងចេញសេចក្តីថ្លែងការណ៍របស់សហមេធាវី ដែលចេញផ្សាយជាសាធារណៈកន្លងមក បង្ហាញទៅសាធារណជនកុំឱ្យមានការភាន់ច្រឡំថា លោក កឹម សុខា ជាប់ពាក់ព័ន្ធជាមួយបុគ្គលឬក្រុមណាមួយដែលចេញទៅបង្កើតចលនា ឬគណបក្សនយោបាយផ្សេងៗ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


