លោក ហេង ហាក់លីម ជាមនុស្សម្នាក់ក្នុងចំណោម៣ នាក់ នៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅដើម្បីសាកសួរទាក់ទងទៅនឹងបទរំលោភអំណាច និងប្រើប្រាស់លិខិតក្លែងនោះ បានអះអាងថា លោកនឹងចូលបំភ្លឺតាមដីកា ដោយមិនគេចវេសទៅណាឡើយ ពីព្រោះនោះជាការចោទប្រកាន់ដោយគ្មានភស្តុតាង។
លោក ហេង ហាក់លីម ដែលដីកាបានបញ្ជាក់ថា មានតួនាទីនៅក្នុងការិយាល័យទី៥ នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់កម្ពុជាថ្មីយ៉ាងដូច្នេះថា “ខ្ញុំអត់មានអីទេខ្ញុំនឹងចូលឆ្លើយបំភ្លឺនៅតុលាការតាមធម្មតា បើមានបណ្តឹងគេសួរហើយ នេះជារឿងធម្មតាទេ ខ្ញុំអត់មានបញ្ហាអីទេ”។ លោកថា លោកគ្មានតួនាទីអ្វីជាប់ពាក់ព័ន្ធទៅនឹងគណបក្សហ៊្វុនស៊ិនប៉ិចនោះទេ។
បើតាមលោក ហេង ហាក់លីម ការប្ដឹងរឿងត្រា និងការរំលោភអំណាចនោះ លោកខ្លួនឯងគ្មានអំណាចឯណាទៅរំលោភគេទេ ហើយលោកក៏គ្មានតួនាទីនៅក្នុងគណបក្សនោះដែរ ដូច្នេះការចោទប្រកាន់ដោយគ្មានមូលដ្ឋានបែបនេះគួរឲ្យឆ្ងល់ដែរ។ លោកថា ទាក់ទងទៅនឹងត្រានេះ គួរតែសួរទៅប្រធានស្ថាប័ន ឬអង្គភាពរបស់ពួកគាត់ល្អជាង ជាជាងនិយាយគ្មានហេតុផល ទម្លាក់កំហុស ទៅលើរូបលោក។
លោកបញ្ជាក់ថា “ខ្ញុំគ្មានតួនាទីណាមួយទៅកាន់ត្រាគណបក្សហ្នឹងទេ ហើយឈប់ឱ្យគាត់មានទស្សនៈបែបនេះ ហើយការចោទប្រកាន់នោះ វាអត់មានមូលដ្ឋានអីទេ ពីព្រោះខ្ញុំអត់មានតួនាទីផ្លូវការអីទេ”។
ចំពោះការលើកឡើងមួយចំនួនទាក់ទងទៅនឹងការរារាំងមិនឲ្យមានការរួបរួមរវាងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិចនោះ លោក ហេង ហាក់លីម បានអះអាងថា នៅក្នុងគណបក្សមានប្រធាន អនុប្រធាន មានអគ្គលេខាធិការ មានសមាជិក រចនាសម្ព័ន្ធ តែលោកគ្មានតួនាទីណាមួយនៅក្នុងគណបក្ស ដែលអាចរារាំងអំណាចដូចការចោទប្រកាន់នោះទេ។ លោកថា លោកគ្មានអំណាច ដើម្បីរារាំងមិនឲ្យគណបក្សទាំងពីរត្រូវរ៉ូវគ្នាទេ ហើយកន្លងមកមានការចោទប្រកាន់លើលោកទាក់ទងទៅនឹងការរារាំងនេះ តែលោកមិនបានឆ្លើយតបទេ។
ឈ្មោះ ហេង ហាក់លីម ធ្លាប់ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ក៏ដូចជាលោក ញឹក ប៊ុនឆៃ បានចោទប្រកាន់ថា បានធ្វើសកម្មភាពរារាំង មិនឲ្យរួបរួមរវាងគណបក្សខ្មែររួបរួមជាតិ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងការប្រើតួនាទីរំលោភអំណាច នៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិចជាដើម។
គួររំលឹកថា មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចចំនួន៣រូប ត្រូវបានព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង កោះហៅអោយចូលមកកាន់តុលាការ ដើម្បីសាកសួរទាក់ទងទៅនឹងបទរំលោភអំណាច និងប្រើប្រាស់លិខិតក្លែងបន្តបន្ទាប់គ្នានៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ខាងមុខ។
បើតាមដីកាកោះដែលកម្ពុជាថ្មីទទួលបាន មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចចំនួន៣រូប ដែលតុលាការកោះហៅនោះរួមមាន៖ ទី១, លោក អាំង សំបូរ អាយុ៦២ ឆ្នាំ មានតួនាទីជាអគ្គលេខាធិការប្រតិបត្តិគណបក្ស មានទីលំនៅសង្កាត់បឹងកក់ទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឲ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០ ព្រឹក ដើម្បីសាកសួរពីបទពីដំណើររឿង “រំលោភអំណាច” និងបទ “ប្រើប្រាស់លិខិតក្លែង”។
ទី២, លោក ហេង ហាក់លីម ការិយាល័យទី៥ នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាជំនួយការព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១១ ព្រឹក ដើម្បីសាកសួរពីដំណើររឿង “រំលោភអំណាច” និងបទ “ប្រើប្រាស់លិខិតក្លែង”។
ទី៣, ឈ្មោះ ឆឹង ចំរើន អាយុ៧២ ឆ្នាំ មានតួនាទីជាអនុប្រធានគណបក្ស ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៩ ព្រឹក ដើម្បីសាកសួរពីដំណើររឿងរំលោភអំណាច និងបទប្រើប្រាស់លិខិតក្លែង។
មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចទាំង៣នាក់នេះ ត្រូវបានប្ដឹងដោយមន្ត្រីជាន់ខ្ពស់គណបក្សគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៤រូប គឺឈ្មោះ ហេង ចន្ថា, ឈ្មោះ សាយ ហាក់, ឈ្មោះ ចាប ញ៉ាលីវុធ និងឈ្មោះ ផាន់ សិទ្ធី៕
ដោយ ៖ កោះកែវ