នយោបាយ
ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ជូនដំណឹងទៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងត្រារបស់គណបក្ស
ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច បានជូនដំណឹងទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំអន្តរាគមន៍ ឲ្យព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដមម៉ារី ប្រគល់ត្រាឲ្យថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីរៀបចំរចនាសម្ព័ន្ធគណបក្សឡើងវិញ។ នេះបើការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០ ២១នេះ។
នៅក្នុងសន្និសីទសារព័ត៌មាននេះ លោក ផាន់ សិទ្ធី អគ្គលេខាធិការរង និងជាអគ្គលេខាធិការប្រតិបត្តិ ស្ដីទីគណបក្សហ្វ៊ុនស៊ិនប៉ិច បានលើកឡើងថា កន្លងមកគណបក្សបានប្រគល់ត្រា របស់គណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហស្តលេខា សម្ដេចក្រុមព្រះនរោត្ដមរណឫទ្ធិ ទៅឲ្យព្រះអង្គម្ចាស់ក្សត្រីយ៍នរោត្ដមម៉ារី ជាអ្នកកាន់កាប់ ហើយបើចង់ប្រើត្រានេះ លុះត្រាតែមានការអនុញ្ញាត ពីអនុប្រធានគណបក្សទាំង ៤នាក់ និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិទើបអាចប្រើបាន។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ដោយសារតែព្រះអង្គនៅឆ្ងាយ ពិបាកក្នុងការទំនាក់ទំនង ទើបថ្នាក់ដឹកនាំសម្រេចស្នើសុំ យកត្រានេះយកមករក្សាទុក ដើម្បីប្រើប្រាស់ជាប្រយោជន៍គណបក្ស។

លោក ផាន់ សិទ្ធី បានលើកឡើងទៀតថា មួយរយៈចុងក្រោយនេះ មានភាពមិនប្រក្រតីយ៉ាងខ្លាំង នៅក្នុងគណបក្សទាក់ទងទៅនឹង ការតែងតាំងថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន ថ្នាក់ប្រធានក្រុមការងារថ្នាក់ប្រតិបត្តិ រាជធានី ខេត្ត ទាំង២៥ ហើយមានការតែងតាំងមួយចំនួន ដោយមិនឆ្លងថ្នាក់ដឹកនាំ គឺអនុប្រធានទាំងបួន ដែលកំពុងធ្វើការនាពេលបច្ចុប្បន្ន។
បើតាមលោក ផាន់ សិទ្ធី អ្នកដែលសម្រេច ហើយឈានដល់ការតែងតាំងនោះ គឺលោក ហេង ហាក់លីម ដែលមិនមែនជាសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច តែជាជំនួយការរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍នរោត្តមម៉ារី។ លោកថា កន្លងមក ថ្នាក់ដឹកនាំគណបក្ស ចេះតែនៅស្ងៀមដោយគិតថា មិនចង់ឲ្យមានបញ្ហាអ្វីនោះទេ។ ប៉ុន្តែដោយ មានភាពមិនប្រក្រតីកាន់តែខ្លាំងឡើង ថ្នាក់ដឹកនាំត្រូវតែរកវិធានការណាមួយ ដើម្បីរៀបចំគណបក្សឡើងវិញ។
លោក ផាន់ សិទ្ធី បានឲ្យដឹងដែរថា រហូតមកដល់ពេលនេះ សូម្បីតែព្រះរាជសុខភាពរបស់សម្ដេចក្រុមព្រះ ដែលជាព្រះប្រធានគណបក្សផ្ទាល់ ក៏ថ្នាក់ដឹកនាំគណបក្សមិនអាចដឹងបានដែរ ហើយតាមរយៈលោក ចាប ញ៉ាលីវុធ ដែលជាប្អូនបង្កើតរបស់ព្រះអង្គ ដែលបានធ្វើដំណើរទៅប្រទេសបារាំង ចង់ជួបព្រះភ័ក្រ្តព្រះអង្គ ក៏ត្រូវបានរារាំងដែរ។ ដូច្នេះ ក្នុងនាមថ្នាក់ដឹកនាំបានរួមគ្នាគិតថា ត្រូវទៅធ្វើអ្វីមួយ ដើម្បីស្ដារស្ថានការណ៍គណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញ ជៀសវាងឲ្យបុគ្គលដែលនៅក្រៅគណបក្ស មកធ្វើព្យុះធ្វើភ្លៀងតាមចិត្ត។

ឆ្លើយតបសំណួរអ្នកសារព័ត៌មាន ដែលបានលើកឡើងថា តើគណបក្សមានគម្រោងប្ដឹងទប់ស្កាត់សកម្មភាព ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដមម៉ារី និងមនុស្សមួយចំនួនទៀត ដែលបានប្រើប្រាស់ត្រា ក្នុងលក្ខណៈមិនប្រក្រតីដែរឬទេ? លោក ផាន់ សិទ្ធី បានបញ្ជាក់ថា «យើងបានជូនដំណឹងទៅក្រសួងមហាផ្ទៃហើយ ថាយើងសុំឲ្យប្រគល់ត្រា ហើយយើងដាក់ឱសានវាទត្រឹមថ្ងៃទី២៣ ខែកញ្ញា ប្រសិនបើលោកមិនប្រគល់ត្រា ហើយលោកនៅតែ ប្រើប្រាស់ត្រាហ្នឹង អញ្ចឹងយើងនឹងរៀបចំនីតិវិធី តាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា … យកត្រានេះទាល់តែបាន។ ជាបឋមប្រហែលជាយើង ប្ដឹងទៅក្រសួងមហាផ្ទៃ ពីព្រោះជាអាណាព្យាបាល របស់គណបក្សនយោបាយ ហើយអាចបន្តដំណើរទៀត ប្រសិនបើមិនយល់ព្រម»។
សន្និសីទសារព័ត៌មាននេះ បានធ្វើឡើងនៅអតីតទីស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិច នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដឹកនាំដោយលោក ផាន់ សិទ្ធី អគ្គលេខាធិការរង និងជាអគ្គលេខាធិការប្រតិបត្តិ ស្តីទីគណបក្ស និងលោក សាយ ហាក់ អនុប្រធានគណបក្ស ដោយមានការចូលរួម ពីថ្នាក់ដឹកនាំប្រមាណ ២០នាក់៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់