នយោបាយ
អ្នកនាំពាក្យ ៖ ការិយាល័យចំនួន ១,៦៥២ នឹងត្រូវបើកទ្វារស្វាគមន៍ពលរដ្ឋ ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
ការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេសចំនួន ១,៦៥២ នឹងត្រូវបើកទ្វារទទួលស្វាគមន៍ប្រជាពលរដ្ឋខ្មែរ ខណៈដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២នេះហើយ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៩ ខែតុលានេះថា ថ្ងៃទី ២០ ខែតុលាស្អែកនេះ គឺជាថ្ងៃចាប់ផ្ដើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២។ គោលបំណងសំខាន់ គឺដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតមួយ សម្រាប់ការប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។

បើតាមអ្នកនាំពាក្យ គ.ជ.ប ការិយាល័យចំនួន ១,៦៥២ នឹងត្រូវបើកទ្វារទទួលស្វាគមន៍ប្រជាពលរដ្ឋ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស។ លោក សោម សូរីដា បានថ្លែងយ៉ាងដូច្នេះថា «ការិយាល័យចុះឈ្មោះបោះឆ្នោត គឺមានទីតាំងនៅសាលាឃុំ-សង្កាត់ ចឹងបើយើងពិនិត្យមើលឃុំ-សង្កាត់ទូទាំងប្រទេសសរុបមានចំនួន ១,៦៥២ឃុំ-សង្កាត់ ចឹង គ.ជ.ប ក៏បង្កើតឲ្យមានក្រុមចុះឈ្មោះបោះឆ្នោតចំនួន ១,៦៥២ក្រុមដែរ»។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងបន្តថា ដើម្បីអាចចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋដែលទើបគ្រប់អាយុបោះឆ្នោត ត្រូវអញ្ជើញទៅជួបក្រុមចុះឈ្មោះបោះឆ្នោតដោយផ្ទាល់ ហើយត្រូវយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ក្នុងករណីប្រជាពលរដ្ឋរូបណា មិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខូច ឬបាត់នោះ គឺពួកគាត់អាចស្នើសុំមេឃុំ-ចៅសង្កាត់ នូវឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យមានការចុះឈ្មោះបោះឆ្នោត។
អ្នកនាំពាក្យ គ.ជ.ប បានបន្តថា នៅពេលដែលប្រជាពលរដ្ឋ បង្ហាញមុខនៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោត និងមានឯកសារដូចរៀបរាប់ខាងលើហើយនោះ គឺមានលក្ខខ័ណ្ឌចំនួន ៣ ដែលក្រុមចុះឈ្មោះបោះឆ្នោត តម្រូវឲ្យបំពេញរួមមាន៖ ទីមួយ. សញ្ជាតិខ្មែរ, ទីពីរ. អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត, ទីបី. ត្រូវមានលំនៅដ្ឋាន ឬទីសំណាក់ ក្នុងឃុំ-សង្កាត់ ដែលសាម៉ីខ្លួនត្រូវបោះឆ្នោត។
ចំណែកឯប្រជាពលរដ្ឋ ដែលចង់ផ្លាស់ប្ដូរទីកន្លែងចុះឈ្មោះបោះឆ្នោតវិញ ត្រូវបានអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋរូបនោះ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងមានឯកសារបញ្ជាក់អំពីការផ្លាស់ប្ដូរទីលំនៅរបស់ពួកគាត់ ចូលក្នុងឃុំ-សង្កាត់ថ្មី ដែលជាសៀវភៅគ្រួសារច្បាប់ដើម ឬសៀវភៅស្នាក់នៅច្បាប់ដើម ឬលិខិតបញ្ជាក់ទីលំនៅជាដើម។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។ ចំណែក ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


