Connect with us

សន្តិសុខសង្គម

រថយន្តច្នៃ ក្រឡាប់សង្កត់ចំម៉ូតូ បណ្តាលឲ្យស្លាប់ ៤ នាក់ និងរបួសធ្ងន់ស្រាល ៩ នាក់

បានផុស

នៅ

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន ៤ នាក់ ក្នុងចំណោមជាង១០នាក់ បន្ទាប់ពីមានរថយន្តច្នៃ១គ្រឿង បានក្រឡាប់ត្រង់ចំណុចផ្លូវកោង ហើយបានសង្កត់ទៅលើម៉ូតូដែលកំពុងបើកបរមិនដឹងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៨ ព្រឹក នៅចំណុច លើចំណោតភ្នំព្រឹក ក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយរថយន្តកែច្នៃ បើកបរដោយឈ្មោះ ឡោម រឿន ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តច្នៃបានបើកបរក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តនោះមានបញ្ហា ហើយក៏បានក្រឡាប់ សង្កត់ទៅលើម៉ូតូដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់ភាគីម៉ូតូទាំង៣នាក់ ចំណែកខាងគោយន្តដែលមានដឹកដំឡូង និងមានកម្មករជិះជាង១០នាក់នោះ គឺមានម្នាក់បានស្លាប់ ឯមនុស្ស៩នាក់ទៀតរងរបួសធ្ងន់ ស្រាល ទាំងអស់។

ភាគីរថយន្តដែលស្លាប់មានឈ្មោះ សុត វី ភេទប្រុស រស់នៅភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន។ ចំណែករថយន្តដែលក្រឡាប់ទៅបុកអូសម៉ូតូ ម៉ាកសង់ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ ២០២២ ស្លាកលេខ បាត់ដំបង 1AP 2707 នោះ គឺស្លាប់ទាំង៣នាក់ ក្នុងនោះ អ្នកបើកបរ ឈ្មោះ ញ៉ែម ធឿន ភេទស្រី អាយុ ៦២ ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក និង អ្នករួមដំណើរ ឈ្មោះ ហែល រ៉េត ភេទប្រុស អាយុ ៦៣ ឆ្នាំ និងឈ្មោះ  ក្រៃ ភព ភេទ ប្រុស អាយុ ៣ ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា។

 ក្រោយពីសមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុរួច ក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តច្នៃ និងម៉ូតូ បានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕ អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម