សន្តិសុខសង្គម
លោកឧកញ៉ា ឌួង ងៀប ត្រូវសមត្ថកិច្ចចាប់ខ្លួន តាមដីការបស់តុលាការ
លោកឧកញ៉ា ឌួង ងៀប ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួន នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ តាមដីកាបង្គាប់របស់តុលាការ។
ប្រភពពីសមត្ថកិច្ចរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ពិតមានការចាប់ខ្លួនលោក ឧកញ៉ា ឌួង ងៀប ពិតប្រាកដមែន នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ តាមដីកាបង្គាប់របស់តុលាការ។
ទោះជាយ៉ាងណា ប្រភពដដែលនេះ មិនទាន់អាចលម្អិតជុំវិញករណីចាប់ខ្លួនលោកឧកញ៉ា ឌួង ងៀប នេះនៅឡើយទេ គ្រាន់តែបញ្ជាក់ថា សមត្ថកិច្ចនឹងបញ្ជូនខ្លួនលោកឧកញ៉ា រូបនេះ ទៅកាន់តុលាការ នាថ្ងៃនេះផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានសេចក្ដីបំភ្លឺមួយ ដោយបានគូសបញ្ជាក់ថា លោក ឌួង ងៀប ត្រូវបានប្តឹងដោយឈ្មោះ CHIH YU YEN និងឈ្មោះ YAO CHING KING កាលពីខែវិច្ឆិកា ឆ្នាំ ២០២០កន្លងទៅនេះ ពីបទ «ឆបោក និងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន»។
ការប្ដឹងនេះ គឺពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបណ្ដឹងបានប្រគល់ប្រាក់ថ្ងៃដីគ្រប់ចំនួន ៧.៣០៥.០០០$ ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់។ ប៉ុន្តែជនត្រូវចោទពុំមានដីនោះឡើយ។
នៅក្នុងសេចក្ដីបំភ្លឺដដែល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ក្នុងការសម្របសម្រួលដោះស្រាយទំនាស់នេះ ឈ្មោះ ឌួង ងៀប បានចេញមូលប្បទានប័ត្រចំនួន ៣សន្លឹក ដែលមានលេខ ១៤៥៥៧៧ មានតម្លៃ ១.៦៥០.០០០$ លេខ២១៣៩៩៧ មានតម្លៃ ៣.៦៥៥.០០០$ និងលេខ១៣២៧៨៨ មានតម្លៃ ២.០០០.០០០$ ទៅឲ្យដើមបណ្តឹង រដ្ឋប្បវេណី។ បន្ទាប់មក ដើមបណ្តឹងរដ្ឋប្បវេណីបានយកមូលប្បទានប័ត្រទាំង ៣សន្លឹកនោះ ទៅបើកប្រាក់នៅធនាគារ។ ប៉ុន្ដែខាងធនាគារ បានឆ្លើយតបថា មួលប្បទានប័ត្រទាំង ៣សន្លឹកនោះ គ្មានសាច់ប្រាក់ទេ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញដដែល បានឲ្យដឹងទៀតថា ក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរបានពិនិត្យផ្ទៀងផ្ទាត់ភស្តុតាង និងសួរចម្លើយជនត្រូវចោទឈ្មោះ ឌួង ងៀប ហើយបានសម្រេចមិនឃុំខ្លួនជនត្រូវចោទ ដោយជំនួសមកវិញ នូវការដាក់ជនត្រូវចោទ ឲ្យនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ តាមរយៈដីកាសម្រេចលេខ៤២៩៣ “ម” ដ.ព.ស ចុះថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ ដែលមានកាតព្វកិច្ចតម្រូវ ឲ្យជនត្រូវចោទដាក់ប្រាក់ធានាមិនឃុំខ្លួននេះ ចំនួន ៥.៣០៥,០០០$ មកតម្កល់នៅក្នុងគណនី របស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល ១ខែ តែជនត្រូវចោទពុំបានយកប្រាក់ធានាខ្លួននេះ មកតម្កល់តាមការកំណត់ ក្នុងដីកាសម្រេចនោះឡើយ។
ដោយ ជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេចវេះពីកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរ ក៏បានចាត់វិធានការបន្តតាមនីតិវិធី ស្របតាមបញ្ញត្តិមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ជាមួយគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសបន្តអនុវត្ត តាមនីតិវិធីជាធរមានចំពោះករណីនេះ ដោយមិនអនុញ្ញាតឲ្យជនត្រូវចោទឈ្មោះ ឌួង ងៀប ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួន ឡើយ។
ការបំភ្លឺ របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញខាងលើនេះ គឺដើម្បីឆ្លើយតបទៅនឹងការបង្ហោះវីដេអូឃ្លីបមួយ របស់លោកឧកញ៉ា ឌួង ងៀប កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?