Connect with us

សន្តិសុខសង្គម

ស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកកែវសីមាមិនមានផលប៉ះពាល់ ឬគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋនោះទេ

បានផុស

នៅ

ដោយអាកាសធាតុប្រែប្រួលភ្លៀងធ្លាក់ញឹកញាប់បណ្តាលឲ្យភូមិឃុំលំនៅឋានមួយចំនួនក្នុងស្រុកកែវសីមា មានការជន់លិចជាច្រើនកន្លែង ប៉ុន្តែក្រោយស្ថានភាពទឹកស្រកចុះទៅវិញមិនបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ សម្ភារៈក៏ដូចជាប៉ះពាល់ទៅដល់អាយុជីវិតពលរដ្ឋនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ី សុីណាត អភិបាលរងស្រុកកែវសីមាបានឲ្យដឹងថា ក្រោយពីភ្លៀងធ្លាក់ផ្ទួនៗ ពិសេសភ្លៀងធ្លាក់នៅតំបន់ប៉ែកខាងលើខ្លាំងទើបបណ្ដាលឲ្យតំបន់មួយចំនួនមានការជន់លិច នៅប៉ែកខាងក្រោម ហើយជំនន់ទឹកភ្លៀងនេះបានចាប់ផ្តើម កើនឡើង ចាប់តាំងពីម៉ោង១រំលងអធ្រាត្រ ថ្ងៃទី៧ខែកញ្ញា ហើយទឹកចាប់ស្រកថមថយទៅវិញនៅវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៥។

លោកបន្ថែមថា ក្នុងនោះមានភូមិឃុំជាច្រើនក្នុងស្រុកកែវសីមាមានការជន់លិចខ្នងផ្ទះប្រជាពលរដ្ឋ មានដូចជា ឃុំស្រែខ្ទុំ ឃុំស្រែឈូក ឃុំមេម៉ង់ និងឃុំចុងផ្លាស់​ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ លោកបន្តថា ក្នុងចំណោមឃុំទាំងប្រាំនោះមានតែឃុំពីរប៉ុណ្ណោះដែលរងការប្រឈមជន់លិចក្នុងផ្ទះច្រើនជាងគេ គឺឃុំមេម៉ង់ និងឃុំចុងផ្លាស់ ហើយឃុំមេម៉ង់មានប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀងច្រើនជាងគេចំនួន ៧៦គ្រួសារ។ លើសពីនេះ ក្នុងគ្រួសារទាំង៧៦នោះមានតែមួយគ្រួសារប៉ុណ្ណោះដែលបានបាត់បង់សត្វគោមួយក្បាលដោយសារការជាប់ចំណង ស្របពេលជំនន់ទឹកភ្លៀងមានការកើនឡើងក៏បានងាប់តែម្ដង។ ក្រៅពីនោះមិនមានគ្រួសារណាខាតបង់ទ្រព្យសម្បត្តិ ឬប៉ះពាល់ទៅដល់អាយុជីវិតនោះទេ។

ក្នុងនាមអាជ្ញាធរលោកសូមអំពាវនាវក្រើនរំឭកទៅដល់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានទីជនបទនៃការបង្កើនការប្រុងប្រយ័ត្នព្រោះគ្រោះធម្មជាតិមានសភាពប្រែប្រួល ហើយនៅរដូវវស្សានេះ ហានិភ័យទៅលើការជន់លិចដោយជំនន់ទឹកភ្លៀងច្រើន ដូច្នេះសូមពលរដ្ឋរស់នៅតាមមូលដ្ឋានក្នុងស្រុកកែវសីមា បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ហើយបើសង្ស័យមានហេតុការអ្វីកើតឡើងសូមរាយការណ៍ផ្តល់ព័ត៌មានជូនអាជ្ញាធរសមត្ថកិច្ចដើម្បីឲ្យសមត្ថកិច្ចចុះទៅអន្តរាគមន៍ឱ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា បើទោះបីមានស្ថានភាពជំនន់ទឹកភ្លៀងឡើងជោរជន់លិចខ្នងផ្ទះពលរដ្ឋយ៉ាងណាក្ដី ប៉ុន្តែស្ថានភាពជំនន់ទឹកភ្លៀងបានស្រកថមថយចុះទៅវិញយ៉ាងលឿនឆាប់រហ័សទៅវិញផងដែរ ហើយក្នុងរយៈពេលដែលស្ថានភាពជំនន់ទឹកភ្លៀងបានឡើងជន់លិចនោះមិនបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ទៅដល់អាយុជីវិតនោះទេ ដោយអាជ្ញាធរសមត្ថកិច្ចមួយចំនួនតាមភូមិឃុំប៉ុស្តិ៍រដ្ឋបាលបានត្រៀមកម្លាំងដើម្បីសង្គ្រោះជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះទៅទីទួលមានសុវត្ថិភាពផងដែរ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម