Connect with us

សេដ្ឋកិច្ច

ដំណាំកសិកម្មជាង ៥ ពាន់ហិកតា នៅខេត្តពោធិ៍សាត់រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង

បានផុស

នៅ

ផល​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ជាង​​ ៥ ពាន់​ហិកតា (៥ ០៥៤) ​ស្ថិត​នៅ​ក្នុង​ស្រុកចំនួន ០៣ មាន​ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង នា​ខេត្ត​ពោធិ៍សាត់ រង​ផល​ប៉ះពាល់ និង​ខូចខាត​ពី​ជំនន់​ទឹក​ភ្លៀង​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ហៃ ធូរ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប់​ «កម្ពុជា​ថ្មី» នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នេះ លោក ហៃ ធូរ៉ា បាន​ឱ្យ​ដឹង​ថា ការងារ​បង្ក​បង្កើន​ផល​ដំណាំកសិកម្មរដូវវស្សា​ឆ្នាំ២០២៥ សម្រាប់​ខេត្ត​ពោធិ៍សាត់​សម្រេច​បាន​ដំណាំ​ស្រូវ​អនុវត្ត​សរុប​ចំនួន ១៦៧ ០៤៧ ហិកតា ស្មើនឹង ១២២,៨៣ % នៃផែនការចំនួន ១៣៦ ០០០ហិកតា និង​ផ្ទៃដី​ប្រមូល​ផលស្រូវ សរុប​ចំនួន ១៣២ ៣៨៦ ហិកតា ស្មើនឹង ៨៧,៨៦% នៃផ្ទៃដីប្រមូលផលសរុបចំនួន ១៦៣ ១១៩ ហិកតា។ ក្នុង​នោះ ការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង ឆ្នាំ២០២៥-២០២៦ សម្រេចបានសរុបចំនួន ៣១ ២៦២ ហិកតា។

ជាក់ស្តែង ផល​រំខាន​ពី​ជំនន់​ទឹក​ភ្លៀង​នាពេល​កន្លង​មក​ដោយ​គិតត្រឹមថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មាន​ស្រុកចំនួន​ ០៣ ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង លើ ១៩ឃុំ/សង្កាត់ ១៣៩ ភូមិ ស្មើរ ៦ ៣៤៤ គ្រួសារ បានទទួលរងផលប៉ះពាល់ដល់ដំណាំស្រូវ (ស្រូវវស្សាជិតប្រមូលផល និងស្រូវប្រាំង) សរុបចំនួន ៥ ០៥៤ ហិកតា និង​ផ្ទៃដី​ដំណាំ​ស្រូវខូចខាតសរុប ៩២២ ហិកតា លើ ១៥ឃុំ/សង្កាត់ ៧៦ ភូមិ (១ ៣០៦ គ្រួសារ)។

ទន្ទឹម​នោះ ផ្ទៃដីសង្រ្គោះបានសរុប ៤ ១៣៣ ហិកតា និងផលប៉ះពាល់ដំណាំឧស្សាហកម្ម និងដំណាំ​សាកវប្ប​កម្ម សរុបចំនួន ៥១៣ ហិកតា ខូចខាតដំណាំរួមផ្សំសរុប ៤៣៥ ហិកតា។

ក្នុង​នោះ ស្រុកភ្នំក្រវាញ ផ្ទៃដីរងផលប៉ះពាល់ដំណាំស្រូវសរុបចំនួន ៣៣២ ហិកតា ហើយបានខូចខាតទាំងស្រុងចំនួន ១៣៥ ហិកតា និង​ប៉ះពាល់​ដំណាំ​ឧស្សាហកម្ម និង​ដំណាំ​សាកវប្បកម្ម សរុបចំនួន ៥១៣ ហិកតា មាន​ដំឡូងមី ចំនួន ២៣៦ ហិកតា ពោត ៩៣ ហិកតា សណ្តែក ១២០ ហិកតា ល្ហុងចំនួន ១១ ហិកតា និង​ដំណាំផ្សេង ៥៣ ហិកតា ហើយខូចខាតដំណាំឧស្សាហកម្ម និងដំណាំរួមផ្សំផ្ទៃដីសរុប ៤៣៥ ហិកតា។

ដោយ​ឡែក ក្រុងពោធិ៍សាត់ ផ្ទៃដីរងផលប៉ះពាល់ដំណាំស្រូវសរុបចំនួន ២ ២៥២ ហិកតា ស្រូវវស្សា ចំនួន ១ ៨៣៤ ហិកតា និង​ស្រូវប្រាំងចំនួន ៥១៣ ហិកតា ខូចខាតទាំងស្រុងសរុបប្រមាណ ២៩៩ ហិកតា ស្រូវវស្សា ១៦៣ ហិកតា និងស្រូវប្រាំង ១៣៦ ហិកតា។

ស្រុកកណ្តៀង ផ្ទៃដីរងផលប៉ះពាល់ដំណាំស្រូវសរុបចំនួន ២ ៤៧០ ហិកតា ស្រូវវស្សាចំនួន ១ ៩៥១ ហិកតា និង​ស្រូវប្រាំង​ចំនួន ៥១៩ ហិកតា) និងខូចខាតទាំងស្រុងសរុបប្រមាណ ៤៨៨ ហិកតា ក្នុងនោះស្រូវវស្សា ៣១៥ ហិកតា និង​ស្រូវប្រាំង​ចំនួន ១៧៣ ហិកតាផង​ដែរ​។

ជា​មួយ​គ្នា​នេះ​ដែរ លោក​ប្រធាន​មន្ទីរ​ក៏​បាន​បន្ថែម​ដែរ​ថា ដោយស្ថានភាពទឹកស្រកលឿន​ការខូចខាត​ក៏ថយចុះ​តាម​នឹងដែរ ស្រែមួយចំនួនដែលលិចហើយទឹកស្រកលឿនក៏អាចប្រមូលផលបាន ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ ទិន្នផល​ស្រូវវស្សាដែលរងផលប៉ះពាល់អាច ថយចុះ ទាំងបរិមាណផល និងគុណភាពផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម