ព័ត៌មានជាតិ
ខេត្ត ២០ រងគ្រោះដោយជំនន់ទឹកភ្លៀង និងទន្លេមេគង្គ ប៉ះពាល់ពលរដ្ឋជាង ៤ ម៉ឺនគ្រួសារ ស្រូវជាង ៣ ម៉ឺនហិតា និងលង់ទឹក ២០ នាក់
ជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ បណ្តាលឱ្យប៉ះពាល់ដល់ខេត្តចំនួន ២០ ប៉ះពាល់ប្រជាពលរដ្ឋជាង ៤ ម៉ឺននាក់ ស្មើនឹងជាង ១២ ម៉ឺននាក់ ជម្លៀសពលរដ្ឋជិត ១ ៨០០ គ្រួសារ ស្មើនឹងជិត ៦ ពាន់នាក់ ផ្ទះលិចទឹកជាង ២ ម៉ឺន ៣ ពាន់ខ្នង ស្រូវលិចទឹកជាង ៣ ម៉ឺនហិតា ដំណាំរួមផ្សំទ្រទ្រង់សេដ្ឋកិច្ចជាង ៨ ពាន់ហិតា និងមនុស្សលង់ទឹក ២០ នាក់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១០ តុលា នេះថា ភ្លៀងរដូវវស្សាបានជន់ឡើងជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងកម្រិតពីមធ្យមទៅបង្គួរ ជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ និងមានបរិមាណតិចច្រើនដោយកន្លែង ចាប់តាំងពីសប្ដាហ៍ទី ២ នៃខែឧសភា រួមជាមួយនឹងការទទួលរងឥទ្ធិពល បន្ទាប់ពីព្យុះក្នុងតំបន់ និងរបបខ្យល់មូសុងនិរតីដែលបង្កឱ្យមានភ្លៀងធ្លាក់ក្នុងបរិមាណច្រើននៅតាមតំបន់ភូមិសាស្ត្រមួយចំនួន នៃភាគពាយ័ព្យ តំបន់ខ្ពង់រាប ភាគខាងជើង និងតំបន់ភាគឦសាន ធ្វើឱ្យមានការលិចលង់ភូមិឋាន ស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធ ជនបទមួយចំនួន ហើយក្នុងនេះព្រែក ស្ទឹង មួយចំនួន ក៏មានទឹកពេញព្រៀបលើសកម្រិតកម្ពស់ប្រុងប្រយ័ត្ន និងហៀរចេញបង្កការលិចលង់បន្ថែមទៀត។

លោកបានបន្តថា ជាមួយគ្នានេះដែរ ទឹកទន្លេមេគង្គមានចលនាជន់ឡើងចំនួន ៣ លើក ចាប់តាំងពីខែកក្កដា មក ដោយសារមានភ្លៀងធ្លាក់ច្រើននៅផ្ទៃរងទឹកភ្លៀង នៃអាងទន្លេមេគង្គលើ និងដៃទន្លេជាច្រើន ដោយបង្កឱ្យទឹកទន្លេមេគង្គជន់ឡើងលឿន ចាប់ពីដំណាច់ខែកក្កដា មកដល់ដំណាច់ខែកញ្ញា ដែលក្នុងនេះ ស្ថានីយជលសាស្ត្រក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ត្បូងឃ្មុំ ក្រចេះ និងកំពង់ចាម ទឹកបានជន់ឡើងជិតដល់កម្រិតប្រុងប្រយ័ត្ន និងបង្កឱ្យភូមិឋាន ផ្ទះសំបែង និងដីស្រែចម្ការ នៅតាមដងទន្លេទទួលរងការជន់លិចជាបន្តបន្ទាប់។

លោកបានបន្តទៀតថា ជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ បានប៉ះពាល់ទៅលើខេត្តចំនួន ២០ ខេត្ត លើកលែង ភ្នំពេញ កំពត កែប តាកែវ និងកំពង់ស្ពឺ ប៉ះពាល់ប្រជាជន ៤១.៥១៣ គ្រួសារ មានប្រមាណ ១២៤.៦៧៦ នាក់ ជម្លៀសប្រជាជន ១.៧៨២ គ្រួសារ ប្រមាណ ៥.៩០០ នាក់ ផ្ទះលិចទឹក ២៣.៤៨៩ ខ្នង សាលារៀន ៦២ អគារ វត្តអារាម ១៣ កន្លែង មណ្ឌលសុខភាព ២៨ កន្លែង និងអគាររដ្ឋបាល ៥ កន្លែង ព្រមទាំងមានប្រជាជនរងគ្រោះលង់ទឹកក្នុងពេលមានទឹកជំនន់ ចំនួន ២០ នាក់ (ស្រី ៧ ក្មេង ១២)។

ស្រូវលិចទឹក ៣០.៧០២ ហិតា ខូចខាត ៨.៦២១ ហិតា ដំណាំរួមផ្សំទ្រទ្រង់សេដ្ឋកិច្ច ៨.១១៨ ហិតា ខូចខាត ៣.៧៥៦ ហិតា ជម្លៀសសត្វចិញ្ចឹម ១.៨៧១ ក្បាល និងងាប់ ៥០ ក្បាល លិចផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវកៅស៊ូ ៣៥.៩៣៩ ម៉ែត្រ ផ្លូវលំ បេតុង ក្រួសក្រហម និងដីស លិចទឹក ៥៣៩.០៤៤ ម៉ែត្រ ប៉ះពាល់ស្ពានបេតុង ឈើ និងបាឡេ ៧៨ កន្លែង និងបាក់ស្រុតដីច្រាំងទន្លេ ស្ទឹង ប្រវែងប្រមាណ ៥,៧៤៣ ម៉ែត្រ៕
អត្ថបទ ៖ សំអឿន





-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២៣ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


