Connect with us

កីឡា

ផ្អែកលើ​មូលហេតុ​នេះ ក្រុមនារីកម្ពុជា ​អាច​នឹង​ឈ្នះ​ នារីឥណ្ឌូណេស៊ី រសៀល​នេះ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី កម្ពុជា​ អាច​នឹង​បង្កើត​គណនី​ជ័យជម្នះ​ជា​លើក​ដំបូង​លើ​ក្រុម​បាល់ទាត់​នារី​ ឥណ្ឌូណេស៊ី សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ វេលា​ម៉ោង ៣:៣០ នាទី​រសៀល ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ​នៅ​ប្រទេសឥណ្ឌូណេស៊ី។

ក្រុមនារីកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​នារី​ឥណ្ឌូណេស៊ី នឹង​​ប្រើ​​ឱកាស​នេះ​ដើម្បី​ស្វែង​រក​ជ័យជម្នះ​នៅ​ក្នុង​ដី​របស់​ខ្លួន បន្ទាប់​ពី​ពួក​គេ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​សិង្ហបុរី ដោយ​លទ្ធផល ២-០ កាល​ពី​ថ្ងៃ​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា។​ចំណែក​ ក្រុម​នារី​កម្ពុជា​ អាច​នឹង​បង្កើត​កំណត់​ត្រាជ័យជម្នះ​ទាំង​ពីរ​លើក ​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​លើក​ដំបូង​នៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​បាន​ឈ្នះ​ ក្រុម​នារី​សិង្ហបុរី ដោយ​លទ្ធផល​ធំធេង ៥-០ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា។

តាម​ប្រវត្តិ​ជួប​គ្នា ៤ លើក​កន្លង​មក ក្រុម​នារី​កម្ពុជា មិន​ធ្លាប់​ឈ្នះ​ ក្រុម​នារី​ឥណ្ឌូណេស៊ី ឡើយ​គឺ​ស្មើ ២ លើក និង​ចាញ់ ២ លើក។ ជួប​គ្នា​លើក​ដំបូង​កាល​ពី​ឆ្នាំ ២០១៩ ក្រុម​នារី​កម្ពុជា បាន​ចាញ់​ ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ៤-០ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់ ASEAN Women’s Championship នៅ​ប្រទេស​ថៃ។

កីឡាការិនី​កម្ពុជាអបអរ​គ្រាប់​បាល់

នៅ​​ឆ្នាំ ២០២៤ ក្រុម​នារី​កម្ពុជា និង​ឥណ្ឌូណេស៊ី ​បាន​ជួប​គ្នា​ ២ លើក​ទៀត​ក្នុង​ពាន ASEAN Women’s Cup នៅ​ប្រទេស​ឡាវ។ ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ០-០ នៅ​​វគ្គ​សន្សំពិន្ទុ ប៉ុន្តែ​ក្រុម​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​ពេល​នោះ ក្រុម​នារី​ឥណ្ឌូណេស៊ី​ បានឈ្នះ​ ក្រុម​នារីកម្ពុជា ដោយ​លទ្ធផល ៣-១ ដើម្បី​​ក្លាយ​ជា​ជើង​ឯក ខណៈ​ក្រុម​នារី​កម្ពុជា​ទទួល​បានចំណាត់​ថ្នាក់​លេខ​២។

ជួប​គ្នា​ចុង​ក្រោយ​បំផុត​​​កាល​ពី​​​ឆ្នាំ ២០២៥ ​ក្នុង​ពាន​រង្វាន់ ASEAN Women’s Championship នៅ​ប្រទេស​វៀតណាម ក្រុម​នារី​កម្ពុជា និង ឥណ្ឌូណេស៊ី បាន​​ស្មើ​គ្នាដោយ​លលទ្ធផល​ ១-១។

ក្រុម​នារី​ឥណ្ឌូណេស៊ី

ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី មាន​កម្លាំង​ចិត្ត​​​​​ក្នុង​ការ​ស្វែង​រក​​លទ្ធផល​ល្អសម្រាប់​ការ​ប្រកួត​រសៀល​នេះ​ ដោយសារ​ពួក​គេ​មាន​ប្រវត្តិ​មិន​ធ្លាប់​ចាញ់​កម្ពុជា។ ទោះ​បី​ជា​យ៉ាង​ណា ផ្អែក​លើលទ្ធផល​ចុង​ក្រោយ​គឺ​​ ឥណ្ឌូណេស៊ី បាន​ចាញ់ សិង្ហបុរី ប៉ុន្តែ ​កម្ពុជា បាន​ឈ្នះ សិង្ហបុរី ដូច្នេះ​ក្រុម​នារី​កម្ពុជា​មាន​ទំនុក​ចិត្ត​ក្នុង​ការ​បង្កើត​ស្ថិតិ​ជ័យជម្នះ​លើក​ដំបូង​លើ​ឥណ្ឌូណេស៊ី។

ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ ឃួន ឡាប៊ូរ៉ាវី ក្រុម​នារី​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដ៏​ល្អ។ កីឡាការិនី​កម្ពុជា​​​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ទៀងទាត់​​នៅ​លើ​ទី​លាន​ ប្រមាណ​​ពីរបី​​ឆ្នាំ​ចុង​ក្រោយ​នេះ​តាម​រយៈ​​ការ​ប្រកួត​លីគ​ និង​ការ​ប្រកួត​លើ​ឆាកអន្តរជាតិ។

ក្រុម​នារី​កម្ពុជា និង​នារី​ឥណ្ឌូណេស៊ី កាល​ពី​ឆ្នាំ ២០២៤

គិត​ចាប់​តាំង​ពី​ឆ្នាំ ២០២៤ មក ក្រុម​នារី​កម្ពុជា ធ្លាប់​បាន​ប្រកួត​អន្តរជាតិចំនួន ១២ ​លើក​​ក្នុង​នោះ ឈ្នះ ៥ ប្រកួត ​ស្មើ ៣ ប្រកួត និង​ចាញ់ ៤ ប្រកួត ដែល​​ជា​ទុក​ជា​ស្ថិតិ​ដ៏​ល្អ។

ទោះ​បី​ជា​យ៉ាង​ណា សម្រាប់​ការ​ប្រកួត​នេះ​ ក្រុម​នារីកម្ពុជា​បាត់​បង់​កម្លាំង​សំខាន់​គឺ​​កីឡាការិនី ទន់ គឹមហុង ដែល​បាន​របួស​ដាច់​សរសៃ ACL ដែល​ត្រូវ​សម្រាក​ព្យាបាល​ជា​ច្រើន​ខែ។

សូម​បញ្ជាក់​ថា នេះ​ជា​ការ​ប្រកួត​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស​លើក​ទី​២ របស់ ក្រុម​នារី​កម្ពុជា និង​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ផ្លូវ​ការ​លើក​ទី ​៣ ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា បន្ទាប់ពី​ប្រកួត​មិត្តភាព​អន្តរជាតិ​លើក​ទី១ កាល​ពី​ឆ្នាំ ២០២៥ បាន​ឈ្នះ ក្រុម​នារី ហ្គាំ ដោយ​លទ្ធផល ១-០៕

ប្រវត្តិ​ជួប​គ្នា នារី​កម្ពុជា vs នារី​ឥណ្ឌូណេស៊ី

  • កម្ពុជា ០-៤ ឥណ្ឌូណេស៊ី (ជម្រុះក្នុងពូល ពាន ASEAN Women’s Championship ឆ្នាំ ២០១៩ នៅថៃ)
  • កម្ពុជា ០-០ ឥណ្ឌូណេស៊ី (សន្សំពិន្ទុ​ពាន ASEAN Women’s Cup ឆ្នាំ ២០២៤ នៅឡាវ)
  • កម្ពុជា ១-៣ ឥណ្ឌូណេស៊ី (វគ្គផ្តាច់ព្រ័ត្រ ពាន ASEAN Women’s Cup ឆ្នាំ ២០២៤ នៅឡាវ)
  • កម្ពុជា ១-១ ឥណ្ឌូណេស៊ី (ជម្រុះក្នុងពូល ពាន ASEAN Women’s Championship ឆ្នាំ ២០២៥ នៅវៀតណាម)
លោក​គ្រូ ឃួន ឡាប៊ូរ៉ាវី និង សឿន វិផា ក្នុង​សន្និសីទ​មុន​ការ​ប្រកួត

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម