Connect with us

កីឡា

ជាប្រវត្តិសាស្ត្រថ្មី! បាល់ទាត់​កម្ពុជា ៣ កម្រិត ឈ្នះ​ទាំង ៣ ក្នុង​សប្តាហ៍តែ​មួយ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ៣ កម្រិត​ គឺ​ក្រុម​បុរស​ជម្រើស​ដៃ​ទី១ ក្រុម​នារី​ជម្រើស​ដៃ​ទី១ និង​ក្រុម​យុវជន​អាយុ ១៩ ឆ្នាំ ទទួល​បាន​ជ័យជម្នះ​យ៉ាង​ធំ​ធេង​នៅ​ក្នុង​សប្តាហ៍​តែ​មួយ​ដោយ​មិន​របូត​​គ្រាប់​បាល់​សោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទាត់​បុរស​កម្ពុជាជម្រើស​ដៃ​ទី១ ទទួល​បាន​ជ័យជម្នះ​ដោយ​មិន​ឲ្យ​គូ​ប្រកួត​តដៃ​រួច​ក្នុង​លទ្ធផល ៤-០ លើ​ក្រុម​ជម្រើស​ជាតិ ប៊ូតាន កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ នេះ​ជា​លទ្ធផល​ច្រើន​គ្រាប់​ដែល​រក្សា​សំណាញ់​ទី​យ៉ាង​ស្អាត និង​ជា​ជ័យជម្នះ​លើក​ទី១ បន្ទាប់​ពី​ជាង​មួយ​ឆ្នាំ​ហើយ​ដែល​ក្រុម​បុរស​កម្ពុជា​មិន​ទាន់​ស្គាល់​ជ័យជម្នះ។

កន្លង​ទៅ​បាន​តែ ២ ថ្ងៃ​ប៉ុណ្ណោះ ក្រុម​បាល់ទាត់​នារី​កម្ពុជា​បាន​យក​ឈ្នះលើ ក្រុម​នារី​សិង្ហបុរី ដោយ​លទ្ធផល ៥-០ សម្រាប់​ការ​ប្រកួត​មិត្តភាពអន្តរជាតិ​នា​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ ២០២៦ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ នេះ​ជា​ជ័យជម្នះ​ធំ​ធេង​លើក​ទី​ ២ ​សម្រាប់​ក្រុម​នារី​កម្ពុជា​ដោយ​រក្សា​សំណាញ់​ទី​យ៉ាង​ស្អាត បន្ទាប់​ពី​លើក​ទី១​បាន​ឈ្នះ​លើ​ ក្រុម​នារី​ទីម័រខាង​កើត ​ដោយ​លទ្ធផល ១២-០ កាល​ពី​ឆ្នាំ ២០១៨។

នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា​ដដែល​នេះ ក្រុម​បាល់ទាត់​យុវជន​កម្ពុជាអាយុ ១៩ ឆ្នាំ បានយក​ឈ្នះ​ក្រុម​យុវជន ហ្វីលីពីន ដោយ​លទ្ធផល ៣-០ សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល C ពាន​រង្វាន់ ASEAN U19 Boys Championship នៅ​ប្រទេស​​ឥណ្ឌូណេស៊ី។ នេះ​ជា​ការ​ទទួល​បាន ៣ ពិន្ទុ​ដ៏​សំខាន់​សម្រាប់​ក្រុម​យុវជន​កម្ពុជា​ក្នុង​ស្វែង​រក​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ការ​ប្រកួត​ចុង​ក្រោយ U19 កម្ពុជា ត្រូវជួប U19 អូស្ត្រាលី នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ដើម្បី​ប្រជែង​យក​លេខ ១ ក្នុង​ពូល។

នេះ​ជា​ស្ថិតិ​ថ្មី​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ដែល​មាន ៣ កម្រិត ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​អន្តរជាតិ ដោយ​ឈ្នះ​ក្នុង​សប្តាហ៍​តែ​មួយ ច្រើន​គ្រាប់ និង​រក្សា​សំណាញ់​ទី​បាន​យ៉ាង​ស្អាត៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម