Connect with us

កីឡា

សុខ ធី ប្រាប់ថា ការមកវ៉ៃនៅខ្មែរជាការសម្រេចដ៏ល្អ តម្លៃខ្លួនជិតស្មើនៅថៃ

បានផុស

នៅ

កីឡាករ​វ៉ៃ​ក្បាច់ សុខ ធី ​​បាន​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ដែល​បាន​មក​បន្ត​អាជីព​ប្រដាល់​គុន​ខ្មែរ​នៅ​​ប្រទេស​កម្ពុជា បន្ទាប់​ពីប្រកប​អាជីព​ប្រដាល់​នៅ​ប្រទេស​ថៃ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុខ ធី ដែល​ទើប​តែ​​បាន​ឈ្នះ​ពាន​រង្វាន់​ម៉ារ៉ាតុន​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២២ ខែ​តុលា ឆ្នាំ​២០២៣ បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​ប្រកប​អាជីព​នៅ​កម្ពុជា​ជា​រឿង​ដែល​ត្រឹម​ត្រូវ ពី​ព្រោះ​​ទទួល​បាន​ឱកាស​ប្រកួត​​ធំ​ៗ និង​ញឹក​ញាប់​ជាង​នៅ​​ប្រទេស​ថៃ។

កីឡាករ​របស់​ក្លិប​ឧកញ៉ា ស្រី ចាន់ថន បាន​សង្កត់​ធ្ងន់​ថា ៖«ការ​មក​ប្រកួត​នៅ​ខ្មែរ​មិន​ខុស​ប្លែក​អ្វី​ច្រើន​នឹង​ការ​ប្រកួត​នៅ​ថៃ​ទេ។ គ្រាន់​តែ​ខុស​ប្លែក​តិចតួច តម្លៃ​ខ្លួន​ក៏​មិន​ចាញ់​នៅ​ថៃ​ប៉ុន្មាន​ដែរ គឺ​បាន​តម្លៃ​ខ្លួន​ជិត​ស្មើ​នៅ​ថៃ​ដែរ។ និយាយ​ទៅ មក​ខ្មែរ​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដោយសារ​យើង​បាន​លេង​ព្រឹត្តិការណ៍​ធំ​ៗ ដណ្តើម​ពាន ដណ្តើម​ខ្សែ​ក្រវាត់»។

សុខ ធី បាន​នាំ​ប្រពន្ធ និង​កូន​មក​ស្នាក់​នៅ ប្រកប​អាជីព​ប្រដាល់​នៅ​កម្ពុជារយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​ហើយ​ដោយបាន​ស្នាក់​នៅ​ហ្វឹក​ហាត់​ជា​មួយ​ក្លិប​របស់​ឧកញ៉ា ស្រី ចាន់ថន។ រូប​គេ​បាន​ឡើង​ប្រកួត​ប្រហែល​ជា​៣​ដង​ហើយ​ដោយ​ទទួល​បាន​ជ័យជម្នះ​ទាំង​អស់។

ជា​ពិសេស​ រូប​គេ​ទទួល​បាន​ឱកាស​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ម៉ារ៉ាតុន​ដោយ​បាន​យក​ឈ្នះ​កីឡាករ​រុស្ស៊ី​ដោយ​ពិន្ទុ​ក្នុង​វគ្គ​ជម្រុះជុំ​ទី១ និង​បាន​ឈ្នះ​កីឡាករ​ប្រេស៊ីល អាឡិច សាន់ដ្រូ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់ ព្រម​ទាំង​​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក​នា​ពេល​ខាង​មុខ។

នេះ​ជាសមិទ្ធផល​​សំខាន់​ទី២​ក្នុង​អាជីព​ប្រដាល់​របស់ សុខ ធី បន្ទាប់​ពី​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ កាល​ពី​ឆ្នាំ​២០១៨ នៅសង្វៀនបាយ័ន ក្នុង​ប្រទេស​កម្ពុជា ខណៈ​ការ​ប្រកប​អាជីព​នៅ​ប្រទេស​ថៃ​មិន​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់ ឬ​ពាន​រង្វាន់​​ធំឡើយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម