កីឡា
ខ្សែការពារដ៏ឆ្នើម Odawara មិននឹកស្មាន បាល់ទាត់កម្ពុជាស្តង់ដាលើសពីការគិត
កីឡាករសញ្ជាតិជប៉ុន Takashi Odawara កំពុងក្លាយជាខ្សែការពារដ៏ឆ្នើមរបស់ក្លិបព្រះខ័នរាជស្វាយរៀង បន្ទាប់ពីរូបគេបានចូលរួមជាមួយក្លិបមួយកាលពីឆ្នាំ២០២១។ រយៈពេលជាង៣ឆ្នាំ រូបគេបានអភិវឌ្ឍខ្លួនយ៉ាងល្អ ក្នុងនោះរួមចំណែកជួយក្លិបឈ្នះជើងឯកលីគកំពូលកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និង ពានរង្វាន់ ខេមបូឌានស៊ុបភើខាប់ ព្រមទាំងឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League រដូវកាល២០២៤-២៥។

ថ្ងៃសារព័ត៌មាន«កម្ពុជាថ្មី»បានធ្វើបទសម្ភាសពិសេសជាមួយកីឡាករ Takashi Odawara ជុំវិញអាជីពបាល់ទាត់របស់ខ្លួននៅកម្ពុជា។
សំណួរ៖ តើលោកអាចរម្លឹកបានទេពីបាល់ទាត់កម្ពុជាមុនពេលលោកបានមកដល់ទីនេះ?
Odawara៖ កាលពីដំបូង ខ្ញុំមិនបានដឹងអ្វីច្រើនពីបាល់ទាត់កម្ពុជាទេនៅខ្ញុំលេងក្នុងប្រទេសហ្វីលីពីន។ កាលពីឆ្នាំ២០២០ ខ្ញុំបានលេងតទល់នឹងក្រុមព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ AFC Cup។ នោះលើកទី១ដែលខ្ញុំលេងប៉ះក្រុមកម្ពុជា។ នៅពេលនោះខ្ញុំលេងឲ្យក្រុមរបស់ហ្វីលីពីន ខ្ញុំគិតថា បាល់ទាត់កម្ពុជាមិនរីកចម្រើនទេ។ ដូច្នេះខ្ញុំគិតថា កម្រិតបាល់ទាត់កម្ពុជាមិនខ្លាំងដូចនៅប្រទេសថៃ ឬម៉ាឡេស៊ីឡើយ។

មួយឆ្នាំក្រោយមក មានក្លិបបាល់ទាត់កម្ពុជាមួយទាក់ទងខ្ញុំឲ្យមកលេងនៅក្នុងឆ្នាំ២០២០ ប៉ុន្តែខ្ញុំបដិសេធសំណើនោះ។ ខ្ញុំបានសម្រេចទៅលេងនៅប្រទេសម៉ាល់ឌីវវិញ។ បន្ទាប់មកនៅឆ្នាំ២០២១ ខ្ញុំបានទទួលសារពីលោកគ្រូ Conor Nestor។ លោកបានពន្យល់ខ្ញុំអំពីបាល់ទាត់កម្ពុជា អំពីក្លិប អំពីប្រទេសកម្ពុជា។ លោកបានពន្យល់ខ្ញុំយ៉ាងល្អ។
ពេលនោះ លោកបានណែនាំខ្ញុំអំពីកីឡាករ មីហ្សូណូ ដែលពាក់អាវលេខ៦របស់ព្រះខ័នរាជស្វាយរៀង។ ខ្ញុំក៏បានសាកសួរគាត់អំពីបាល់ទាត់កម្ពុជា ពីអ្វីៗគ្រប់យ៉ាង ហើយគាត់បានពន្យល់ខ្ញុំគ្រប់បែបយ៉ាងណា។ ខ្ញុំក៏បានចាប់ផ្តើមគិតពីការផ្លាស់មកកម្ពុជា។ ទីបំផុត ខ្ញុំក៏បានសម្រេចមកចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ដោយបានចុះកុងត្រានៅឆ្នាំ២០២១។
សំណួរ៖ តើលោកមានការចាប់អារម្មណ៍យ៉ាងណានៅពេលចាប់ផ្តើមអាជីពបាល់ទាត់នៅកម្ពុជា?
Odawara៖ នៅពេលខ្ញុំមកដល់ក្លិបនេះ ខ្ញុំបានកត់សំគាល់ឃើញថា អ្វីៗទាំងអស់សុទ្ធតែមានលក្ខណៈស្តង់ដាអាជីព ពីព្រោះព្រះខ័នរាជស្វាយរៀង មានកីឡដ្ឋាន មានទីលានហ្វឹកហាត់ ហើយមានកន្លែងហាត់ប្រាណ បន្ទប់ប្រជុំ។ និយាយទៅក្លិបមានអ្វីៗទាំងអស់។

ខ្ញុំមិនបានគិតទេថា ពេលមកដល់ទើបដឹង មានក្រុមការងារគ្រូបង្វឹកជាជនបរទេសច្រើន ហើយពួកគាត់សុទ្ធតែកម្រិតអាជីព។ នៅទីនេះបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនទែន។ ខ្ញុំនៅចាំគឺ ក្លិបមានការរៀបចំបានយ៉ាងល្អ។ ទាំងម្ចាស់ក្លិប អ្នកចាត់ការទូទៅលោក Christ បានគាំទ្រ និងគ្រួសារយ៉ាងល្អ។
ដូច្នេះសម្រាប់ពួកយើងពិតជាងាយស្រួល ហើយខ្ញុំក៏បានផ្តោតលើការលេងបាល់ទាត់។ នៅរដូវកាលទី១ ពេលលីគចាប់ផ្តើម ខ្ញុំមានអារម្មណ៍ថា កម្រិតក្លិបបាល់ទាត់នៅកម្ពុជាមិនទាបទេ។ កាលពីមុន ខ្ញុំបានគិតថា កម្រិតបាល់ទាត់កម្ពុជាមិនខ្លាំងទេ ប៉ុន្តែពេលលីគចាប់ផ្តើមគឺអ្វីៗខុសប្លែកមែនទែន។ កម្រិតមិនសូវខ្ពស់ប៉ុន្មានទេ ប៉ុន្តែមានការប្រកួតប្រជែងខ្លាំង។

គ្រប់ក្លិបទាំងអស់ ការប្រកួតប្រជែងខ្លាំង ហើយមិនមានក្លិបណាមួយអាចស្ថិតនៅខ្លាំងរហូតពេញមួយរដូវកាលនោះទេ។ ដូច្នេះខ្ញុំពិតជារីករាយដែលបានមកលេងបាល់ទាត់ក្នុងកម្ពុជា។ ឆ្នាំបន្តបន្ទាប់មក កម្រិតលីគកម្ពុជាកាន់តែរីកចម្រើន។ ឥឡូវនេះ យើងអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗដូចជា ថៃ ម៉ឡេស៊ីជាដើម។ ខ្ញុំពិតជារីករាយដែលបានមកទីនេះ។
សំណួរ៖ តើនៅពេលនោះ លោកមានបញ្ហាប្រឈម ឬក្តីបារម្ភអ្វីទេពីការលេងបាល់ទាត់នៅកម្ពុជា?
Odawara៖ សម្រាប់បាល់ទាត់ អ្វីៗគ្រប់យ៉ាងគ្មានបញ្ហាទេ។ ខ្ញុំភ្ញាក់ផ្អើលដែលអ្វីៗគ្រប់យ៉ាងលក្ខណៈអាជីព។ ក្រុមការងារគ្រូបង្វឹកសុទ្ធតែអាជីព។ យើងបានផ្តោតលើតែបាល់ទាត់ នោះហើយជារឿងដ៏ល្អ។ សម្រាប់ជីវិតរស់នៅកាលពីដំបូង ខ្ញុំបារម្ភរឿងភាសាដែរ ពីព្រោះខ្ញុំមិនចេះនិយាយភាសាខ្មែរ។ ខ្ញុំបាននឹកស្រមៃពីរបៀបទំនាក់ទំនងគ្នាយ៉ាងណា ប៉ុន្តែពេលខ្ញុំមកដល់ទីនេះ គ្រប់គ្នាសុទ្ធតែអាចនិយាយភាសាអង់គ្លេសបាន។

គ្រប់គ្នានៅទីនេះចេះជួយគ្នាណាស់។ សម្រាប់ខ្ញុំអត់មានបញ្ហាអ្វីលំបាកតាំងពីដំបូងម្ល៉េះ។ ខ្ញុំពិតជារីករាយក្នុងជីវិតរស់នៅទីនេះ ហើយគ្រួសាររបស់ខ្ញុំក៏សប្បាយចិត្ត។
សំណួរ៖ តើអាជីពបាល់ទាត់របស់លោកនៅហ្វីលីពីន និង កម្ពុជា ខុសគ្នាយ៉ាងណា?
Odawara៖ ខ្ញុំបានលេងបាល់នៅហ្វីលីពីនរយៈពេល៥ឆ្នាំ។ ពេលនោះ ក្លិបបាល់ទាត់នៅហ្វីលីពីនខ្លាំងនៅក្នុងតំបន់អាស៊ាន។ ក្លិបឈ្មោះ Ceres Negros ជាក្លិបដ៏ធំនៅតំបន់អាស៊ី ប៉ុន្តែសម្រាប់ឥឡូវនេះ ខ្ញុំនៅកម្ពុជា។

ប្រៀបធៀប ហ្វីលីពីន និង កម្ពុជា ខ្ញុំគិតថា កម្ពុជាល្អច្រើនជាងឆ្ងាយណាស់ គ្រប់បែបយ៉ាង។ ក្លិបមានលក្ខណៈស្តង់ដាអាជីព។ លីគបានកំពុងរីកចម្រើនជារៀងរាល់ឆ្នាំ ដូច្នេះខ្ញុំគិតថា អ្វីៗខុសគ្នាច្រើន។
បាល់ទាត់នៅក្នុងប្រទេសកម្ពុជា ខ្ញុំគិតថា សូម្បីតែកីឡាករ កាលពីមុន ខ្ញុំគិតថា កីឡាករហ្វីលីពីនល្អជាង តែឥឡូវនេះមិនលើសកម្ពុជាទេ។ ខ្ញុំគិតថា កីឡាករបាល់ទាត់កម្ពុជាល្អជាងកីឡាករហ្វីលីពីន។
សំណួរ៖ តើការលេងបាល់ទាត់របស់លោកជាង៣ឆ្នាំកន្លងទៅមានការរីកចម្រើនយ៉ាងណា?
Odawara៖ ក្នុងនាមខ្ញុំជាកីឡាករបរទេសលេងនៅហ្វីលីពីន និងកម្ពុជា វាតែងតែលំបាកក្នុងការរក្សាកម្រិតល្អឲ្យស្ថិតស្ថេរយូរអង្វែង។ យ៉ាងណាពេលខ្ញុំស្ថិតនៅប្រទេសហ្វីលីពីន បរិយាកាសខុសស្ទើរទាំងស្រុងនឹងកម្ពុជា។ នៅហ្វីលីពីនទីលានភាគច្រើនមានស្មៅសិប្បនិម្មិត។

ក្លិបអត់មានទីលានសម្រាប់ហ្វឹកហាត់។ សម្រាប់ខ្ញុំ វាលំបាកដើម្បីរក្សាកម្រិតសមត្ថភាពលេងឲ្យកម្រិតល្អ ប៉ុន្តែនៅកម្ពុជា និយាយតែរឿងផ្ទាល់ខ្លួន ខ្ញុំអាចលេងបាល់បានស្រួល ដោយសារអ្វីៗនៅទីនេះរៀបចំបានយ៉ាងល្អ។ បរិយាកាស ទីលានស្អាត កន្លែងហាត់ប្រាណ ម្ហូបអាហារ ក្លិបរៀបចំបានយ៉ាងល្អ។ ខ្ញុំឥឡូវនេះ អាចនិយាយបានថា ខ្ញុំលេងបានល្អខ្លាំងជាងពេលខ្ញុំលេងនៅហ្វីលីពីន។
ខ្ញុំគិតថា បរិយាកាស អ្វីៗគ្រប់យ៉ាងគឺស្តង់ដា ជាពិសេសនៅក្លិបព្រះខ័នរាជស្វាយរៀង។ គ្រូបង្វឹកណែនាំខ្ញុំពីអ្វីដែលត្រូវធ្វើ ហើយបន្ទាប់មក ខ្ញុំអនុវត្តតាមពេលហ្វឹកហាត់ គ្រប់ការប្រកួត ដែលត្រូវតែមានការប្រកួតប្រជែង។ ដូច្នេះជារៀងរាល់ឆ្នាំ និយាយតែផ្ទាល់ខ្លួន ខ្ញុំកំពុងរីកចម្រើន បាទខ្ញុំមានអារម្មណ៍បែបនេះ។ ខ្ញុំកាន់តែមានទំនុកចិត្តជាងពេលខ្ញុំលេងនៅហ្វីលីពីន។


សូមរង់ចាំអាន វគ្គបន្ត
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


