Connect with us

កីឡា

Kai ជាពន្លក​ថ្មី នៃ​ក្រុមបាល់ទះ ជប៉ុន មានសមត្ថភាពអាចស្នងតំណែង Ishikawa បាន

បានផុស

នៅ

កីឡាករ Masato Kai ជាពន្លក​ថ្មី​ដ៏មានទេពកោសល្យរបស់ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន ត្រូវបានគេចាត់ទុកជាកីឡាករ មានសក្តានុពល​ម្នាក់ ​ដែល​អាចក្លាយជាអ្នកស្នងតំណែងប្រធានក្រុម Yuki Ishikawa នាពេលអនាគត។

កីឡាករ Masato Kai
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិត នៅក្នុងក្រុមបាល់ទះជម្រើសជាតិ ជប៉ុន គឺសម្បូរទៅដោយធនធានកីឡាករល្អៗជាច្រើន។ ជាពិសេស កីឡាករ​ Ishikawa ដែលជាប្រធានក្រុម និងជាកីឡាករមិនអាចខ្វះបានរបស់ក្រុមរហស្សនាមដាវសាំម៉ូរ៉ៃ។ ទោះបីជាយ៉ាងណា បច្ចុប្បន្នគាត់បានឈានចូលវ័យ ៣០ ឆ្នាំទៅហើយ ​ដូច្នេះ​ពេលវេលា​ ក្នុងអាជីពបាល់ទះក៏ទំនងជាមិនយូរទៀតដែរ។ ទោះ​បី​ជា​យ៉ាង​ណា ជប៉ុន ត្រូវស្វះស្វែងរកកីឡាករជំនាន់ក្រោយ​ ដើម្បី​ជំនួសកន្លែងកីឡាកររបស់ក្រុម Sir Susa Vim Perugia រូបនេះ នាពេលអនាគត។

Yuki Ishikawa

Masato Kai បច្ចុប្បន្នមានវ័យ ២២ ឆ្នាំ ត្រូវបានគេចាត់ទុកជាកីឡាករដ៏សក្តិសម ដែលអាចមកជំនួសរៀមច្បង Ishikawa បាន ខណៈបច្ចុប្បន្ន រូបគេក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះក្រុមធំនៃជម្រើសជាតិបាល់ទះ ជប៉ុន ផងដែរ។

Masato Kai ត្រូវបានក្រុមបាល់ទះ ជប៉ុន កោះហៅចូលក្រុមជម្រើសជាតិដំបូង នៅក្នុងឆ្នាំ ២០២៣ ដែលពេលនោះ គេមានវ័យ ២០ ឆ្នាំគត់។ លុះក្រោយមកគេមិនដែលបានបាត់មុខនោះទេ ទាំង​ការប្រកួតតូច ធំបែបណា ដូចជានៅក្នុងព្រឹត្តិការណ៍ World Cup, Asian Championships, កីឡាអូឡាំពិក ២០២៤, Volleyball Nations League ២០២៤ និងក្នុងឆ្នាំ ២០២៥ ដែលទើបបញ្ចប់ថ្មីៗនេះ រូបគេក៏មានឈ្មោះផងដែរ។

កីឡាករវ័យក្មេង ដែលជាមិត្តរួមក្រុមរបស់ Yuji Nishida នៅក្លិប Osaka Bluteon រូបនេះ​មានកម្ពស់ដល់ទៅ ២.០០ ម៉ែត្រ។ ជឿជាក់ ច្បាស់ជាមានគេសួរថា តើ Masato Kai អាចជំនួសតំណែង Ishikawa បានដោយរបៀបណា? ចម្លើយនោះ គឺ Kai ជាកីឡាករម្នាក់ ដែលលេងតួនាទីស្មាត់ស្តាំ ដូចគ្នាទៅនឹងរៀមច្បង Ishikawa ផងដែរ។

កីឡាករ Masato Kai

សមត្ថភាពពិសេសរបស់គេ គឺមានកម្លាំងដៃវាយផ្តាច់ខ្លាំង ហក់បានខ្ពស់។ ម្យ៉ាង​វិញទៀត រូបគេអាចវាយបានទាំងបាល់កៀក និងបាល់ឆ្ងាយ ៣ ម៉ែត្រ។ ​រឿង​ដែលមិនអាចមើលរំលងបាន គឺគេអាចវាយសេវាបានខ្លាំង និងលឿន។ ជាក់ស្តែង អំឡុងពេលប្រកួតពានសកលវិទ្យាល័យ រូបគេតែងតែឈ្នះពានអ្នកវាយសេវាល្អបំផុតជាញឹកញាប់។

Masato Kai ជាកីឡាករវ័យក្មេង ហើយអនាគតរបស់គេក៏នៅវែងឆ្ងាយ។ ដូច្នេះជឿជាក់ថា រូបគេនឹងក្លាយជាកីឡាករដ៏លេចធ្លោ​មួយរូបរបស់ក្រុមបាល់ទះ ជប៉ុន។ យ៉ាងណាមិញ នាការប្រកួតព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ២០២៥ ឆាប់ៗខាងមុខនេះ រូបគេក៏​មានវត្តមានជាមួយក្រុមបាល់ទះជប៉ុនផងដែរ ដោយបច្ចុប្បន្នរូបគេកំពុងតែហ្វឹកហាត់យ៉ាងសកម្មក្នុងជំរំហ្វឹកហាត់៕

កីឡាករ Masato Kai

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម