ចរាចរណ៍
អ្នកនាំពាក្យក្រសួងសាធារណការ ស្នើមន្ត្រីចរាចរណ៍តាមគោលដៅ មានវិធានការលើរថយន្តកែច្នៃទ្រុងខុសបច្ចេកទេស
អ្នកនាំពាក្យមន្ទីរសាធារណការរាជធានីភ្នំពេញ ស្នើដល់មន្ត្រីចរាចរណ៍គ្រប់គោលដៅ សូមមេត្តាជួយពិនិត្យមើលរថយន្តកែច្នៃខុសបច្ចេកទេសដែលធ្វើចរាចរណ៍លើដងផ្លូវបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងដឹកលើសទម្ងន់កំណត់។

កាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ ថ្មីៗ នេះ មានរថយន្តកែច្នៃតទ្រុងដឹកបន្លែ ១ គ្រឿង ពាក់ស្លាកលេខ កណ្ដាល 2A-4432 បានដឹកលើសទម្ងន់ឡើងស្ពានមិនរួច ក៏រអិលថយក្រោយប៉ះរថយន្ត Toyota Rally ស្លាកលេខភ្នំពេញ 2BR-2100 បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅលើស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ។

ពាក់ព័ន្ធករណីខាងលើនេះ តាមការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យកម្ពុជាថ្មីដឹងថា រថយន្តខាងលើ ពេលឆៀកផ្សេង ពេលធ្វើអាជីវកម្មផ្សិង។ បើយោងតាមការផ្ទៀងផ្ទាត់ទិន្នន័យឆៀក រថយន្តខាងលើ បានចូលឆៀកចុងក្រោយនៅមណ្ឌលឆៀកខេត្តកំពង់ស្ពឺ(ដូចមានរូបភាពភ្ជាប់ជាមួយ) នៅថ្ងៃទី ២២/០៦/២០២២ និងហួសសុពលភាពឆៀកតាំងពីថ្ងៃទី ២២/០៦/២០២៣។ នៅឆ្នាំបន្តបន្ទាប់ ម្ចាស់រថយន្ត មិនដែលយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀតឡើយ មកទល់ពេលនេះ (ឆៀក ១ ឆ្នាំ ម្ដង)។

ជាមួយនេះ លោក ផន រឹម ក៏បានស្នើដល់នគរបាលចរាចរណ៍ផ្លូវគោកតាមដងផ្លូវ ត្រូវមានវិធានការដោយចាប់ឃាត់ទុករថយន្តដែលមានភិនភាគ(ដូចរូប)ផ្ទៀងផ្ទាត់ឯកសារ និងមានវិធានការតាមច្បាប់ ព្រោះរថយន្តនេះជាប្រភេទរថយន្តដឹកអ្នកដំណើរធុនតូច មិនមែនជាប្រភេទរថយន្តដឹកទំនិញទេ។

ដោយឡែកយោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ បញ្ឈប់រាល់យានយន្តកែច្នៃខុសបច្ចេកទេស និងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តែងបានបំពេញបេសកកម្មការងារចុះអនុវត្តការអប់រំណែនាំដល់អ្នកបើកបររថយន្តដឹកជញ្ជូនធុនធ្ងន់ រថយន្តធំៗ ជុំវិញករណីការប្រើប្រាស់សញ្ញាសូរសព្ទ(ស៊ីផ្លេ) ខុសលក្ខណៈបច្ចេកទេស ការតទ្រុងបន្ថែម និងការដឹកជញ្ជូនសំពីងសំពោងដោយមិនបានគ្របឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលបានកំណត់ ក្នុងគោលបំណងទប់ស្កាត់សកម្មភាពអនាធិបតេយ្យ អាចបង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនៅពេលធ្វើដំណើរ។

ជុំវិញបញ្ហានេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បានបន្តចាត់វិធានការទប់ស្កាត់យានដ្ឋានជួសជុល និងកែច្នៃ និងយានដ្ឋានដំឡើងយានយន្តខុសច្បាប់ ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយបន្តពង្រឹងការសហការជាមួយស្ថាប័នពាក់ព័ន្ធ រឹតបន្តឹងច្បាប់ ដើម្បីថែរក្សាផ្លូវថ្នល់កុំឲ្យខូចខាតមុនអាយុកាល។

សូមបញ្ជាក់ថា រៀងរាល់យប់ប្រជាពលរដ្ឋតែងតែឃើញមានរថយន្តប្រភេទកែច្នៃទ្រុងទាំងនេះចូលមកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មកទម្លាក់អីវ៉ាន់នៅផ្សារដើមគរ និង ផ្សារសែននាគមាស ឬ ចូលមកយកអីវ៉ាន់ដឹកចេញទៅតាមបណ្ដាខេត្តនានា៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


