Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីយុត្តិធម៌ បញ្ជាឱ្យប្ដឹងឧទ្ធរណ៍នឹងការសម្រេចរបស់តុលាការ ក្នុងករណីផ្ដន្ទាទោសឱ្យបុគ្គល ហ៊ុន ហេង ជាប់ក្នុងពន្ធនាគារត្រឹមតែ១ឆ្នាំ

បានផុស

នៅ

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ក៏មិនសុខចិត្តនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះ ហ៊ុន ហេង   ដែលបើកបរទាំងស្រវឹងជោគជាំបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ ៣នាក់រងរបួស ដាក់ក្នុងពន្ធនាគារត្រឹមតែ១ឆ្នាំ ដោយលោកបានធ្វើអធិបញ្ជាឱ្យព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍លើការសាលក្រមមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមរម្លឹកថា កាលពីថ្ងៃទី១៤ ខែតុលា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសជនជាប់ចោទ ហ៊ុន ហេង ដាក់ពន្ធនាគារកំណត់រយៈពេល ៣ឆ្នាំ ដោយទោសនេះត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ទោសសល់ពីនេះត្រូវព្យួរ និងពិន័យជាប្រាក់៤ លានរៀល និងហាមឃាត់មិនឱ្យបើកបរយានយន្តគ្រប់ប្រភេទរយៈពេល៥ឆ្នាំ បន្ទាប់ពីអនុវត្តទោសចប់នៅក្នុងពន្ធនាគារ ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ប្រព្រឹត្តនៅលមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។  

ការសម្រេចផ្ដន្ទាទោសឱ្យជនបង្កដែលស្រវឹងស្រាបើកបរបង្កឱ្យមនុស្សម្នាក់ស្លាប់ និងរបួស៣នាក់ តែជាប់ពន្ធនាគារត្រឹមតែ១ឆ្នាំពីសំណាក់សាលាដំបូងរាជធានីភ្នំពេញបែបនេះ បានរងនូវការរិះគន់ជាបន្តបន្ទាប់ពីសំណាក់ពលរដ្ឋកម្ពុជាដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមបង្ហាញពីការមិនសុខចិត្ត និងចោទថាការសម្រេចនេះគ្មានយុត្តិធម៌  ប៉ុន្តែសាលាដំបូងរាជធានីនៅថ្ងៃទី១៥ ខែតុលា បានពន្យល់ថា ការសម្រេចផ្ដន្ទាទោសនេះ គឺដោយសារតែជនជាប់ចោទដែលអាយុ៦១ឆ្នាំ មានវ័យចំណាស់ និងមានជំងឺទឹកនោមផ្អែម និងលើសឈាមផង, យោងទៅតាមកម្រិតទោសចែងក្នុងច្បាប់ជាធរមាន, ជនជាប់ចោទមានអត្រាជាតិអាល់កុល០.៣៦mg/L ​  ដែលស្ថិតនៅក្រោមច្បាប់ហាមឃាត់, ជនរងគ្រោះទាំងអស់ដកពាក្យបណ្ដឹង និងទទួលសំណងរដ្ឋប្បវេណី និងទៅតាមអប្បបរិមានៃទោស។

ប៉ុន្តែសម្រាប់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ក្នុងលិខិតដែលដាក់ទៅកាន់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងថា ក្រសួងយុត្តិធម៌ ពិនិត្យឃើញថា អង្គហេតុខាងលើមានមនុស្សស្លាប់ និងរងរបួសច្រើន​នាក់ ព្រមទាំងយានយន្ត និងទ្រព្យសម្បត្តិជាច្រើនរងការខូចខាត ដែលបង្កឱ្យមានភាពវឹកវរដល់សណ្ដាប់ធ្នាប់សាធារណៈ។  

សូមរម្លឹកថា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានអះអាងកាលពីថ្ងៃទី១៧ ខែឧសភា ថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស គឺសម្ដេចតែងតែតាមដានជាប់ជានិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម