ព័ត៌មានអន្ដរជាតិ
ត្រាំឲ្យពូទីនបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន កុំរវល់ទៅធ្វើតេស្តមីស៊ីល
យោងតាមទីភ្នាក់ងារព័ត៍មានរ៉យទ័រកាលពីថ្ងៃទី២៧ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ជាជាងការសាកល្បងមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរ ដោយបង្ហើបបែបព្រមានថា ក្រុងវ៉ាស៊ីនតោនមាននាវាមុជទឹកនុយក្លេអ៊ែរ ស្ថិតនៅក្បែរឆ្នេរសមុទ្រប្រទេសរុស្ស៊ី។

លោកពូទីន បានប្រកាសថា រុស្ស៊ីបានសាកល្បងដោយជោគជ័យនូវមីស៊ីលគ្រូសដើរដោយថាមពលនុយក្លេអ៊ែរ 9M730 Burevestnik ដែលអង្គការណាតូស្គាល់ថាជា «SSC-X-9 Skyfall» ដោយអះអាងថា វាហោះបានចម្ងាយ១៤ ០០០គីឡូម៉ែត្រ និងអាចគេចផុតពីខែលការពារគ្រប់ប្រភេទ។
ជាការឆ្លើយតប ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោកត្រាំបាននិយាយថា សហរដ្ឋអាមេរិកមិនត្រូវការសមត្ថភាពរយៈចម្ងាយឆ្ងាយបែបនេះទេ ដោយសារតែការដាក់ពង្រាយកងទ័ពជើងទឹករបស់ខ្លួននៅជិតប្រទេសរុស្ស៊ីមានស្រាប់រួចទៅហើយ។
លោកត្រាំបានរៀបរាប់ថា «ពួកគេដឹងថា យើងមាននាវាមុជទឹកនុយក្លេអ៊ែរដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក នៅឯឆ្នេរសមុទ្ររបស់ពួកគេ ដូច្នេះខ្ញុំមានន័យថា វាមិនចាំបាច់ដល់ទៅ៨ ០០០ម៉ាយទេ»។
លោកបានបន្ថែមថា លោកពូទីន គួរតែផ្តោតលើការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ជាជាងការបង្ហាញអាវុធថ្មីៗ។
លោកត្រាំ បានបន្តទៀតថា «អ្នកគួរតែបញ្ចប់សង្រ្គាម សង្រ្គាមដែលគួរតែចំណាយពេលមួយសប្តាហ៍ឥឡូវនេះឈានដល់ឆ្នាំទីបួនហើយ។ នោះជាអ្វីដែលអ្នកគួរធ្វើ ជាជាងការសាកល្បងមីស៊ីល»។
លោកត្រាំ បានសន្យាម្តងហើយម្តងទៀតក្នុងការសម្របសម្រួលសន្តិភាពនៅអ៊ុយក្រែន ដោយហៅវាថាជាជម្លោះដ៏សាហាវបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ ទោះបីជាលោកបានទទួលស្គាល់ថា ការសម្រេចបាននូវកិច្ចព្រមព្រៀងមួយនេះមានការលំបាកជាងការដោះស្រាយវិបត្តិនៅតំបន់ហ្គាហ្សា ឬរវាងឥណ្ឌានិងប៉ាគីស្ថានក៏ដោយ។
លោកពូទីន បានបង្ហាញជាលើកដំបូងនូវមីស៊ីល Burevestnik នៅក្នុងឆ្នាំ២០១៨ ដែលជាផ្នែកមួយនៃការឆ្លើយតបរបស់ទីក្រុងមូស្គូចំពោះការដកខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោនពីសន្ធិសញ្ញាប្រឆាំងមីស៊ីលបាលីស្ទិកឆ្នាំ១៩៧២ និងការពង្រីកខ្លួនរបស់អង្គការណាតូ។ មីស៊ីលនេះត្រូវបានរចនាឡើង ដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយមានសក្តានុពលហោះបានខ្ពស់ និងក្នុងរយៈចម្ងាយដ៏ឆ្ងាយ។

លោកត្រាំ ក៏បានកត់សម្គាល់ផងដែរថា សហរដ្ឋអាមេរិកក៏នៅតែបន្តការសាកល្បងមីស៊ីលផងដែរ ដោយនិយាយថា «ពួកគេមិនលេងហ្គេមជាមួយយើង ហើយយើងក៏មិនលេងហ្គេមជាមួយពួកគេដែរ។ យើងសាកល្បងមីស៊ីលគ្រប់ពេលវេលា»។
ទន្ទឹមនឹងនេះ សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា រដ្ឋបាលលោកត្រាំ កំពុងរៀបចំកញ្ចប់ទណ្ឌកម្មថ្មីដែលផ្តោតលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរបស់រុស្ស៊ី ប្រសិនបើលោកពូទីនបន្តពន្យារពេលកិច្ចខិតខំប្រឹងប្រែងសន្តិភាព៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


