Connect with us

ចរាចរណ៍

ជនរងគ្រោះម្នាក់ដែលបាត់ខ្លួនក្នុងករណីបើក​រថយន្ដ​ធ្លាក់ទន្លេកំពង់ចាមនៅមិនទាន់រកឃើញនៅឡើយ

បានផុស

នៅ

គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះចំនួន៥នាក់ក្នុងហេតុការណ៍បើករថយន្ដធ្លាក់ចូលទឹកទន្លេកំពង់ចាមកាលពីថ្ងៃទី២៩តុលាម្សិលមិញ នៅមិនទាន់រកឃើញនៅឡើយទេ ខណៈសមត្ថកិច្ច និងមន្ត្រីជំនាញនៅតែបន្ដស្វែងរកបន្ថែម។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៣០តុលានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអធិការស្រុកបញ្ជាក់ថា គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ជនរងគ្រោះម្នាក់ដែលបាត់ខ្លួនក្នុងហេតុការណ៍ធ្លាក់រថយន្ដចូលទឹកទន្លេនៅចំណុចផ្លូវកោង ក្នុងភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅមិនទាន់រកឃើញនៅឡើយទេ ហើយលោកក៏បានបញ្ជាឲ្យកម្លាំងជំនាញរបស់លោកនៅផ្នែកខាងក្រោមនៃចរន្ដទឹកហូរឲ្យជួយរកបន្ថែមផងដែរ។

តាមរបាយការណ៍របស់មន្ត្រីនគរបាលមូលដ្ឋាន ជនរងគ្រោះដែលកំពុងបាត់ខ្លួនមានឈ្មោះ យ៉េវ ម៉ាប់ ភេទប្រុស អាយុ៦៨ឆ្នាំ គឺជាអ្នកដែលមានជំងឺប្រចាំកាយ និងត្រូវក្រុមគ្រួសារដឹកពីខេត្តត្បូងឃ្មុំ ក្នុងគោលបំណងទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

តាមរយៈសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររងគ្រោះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កាលពីរាត្រីថ្ងៃទី២៩តុលា បានលើកឡើងថា កក្តាដែលនាំអោយគ្រោះថ្នាក់នេះកើតឡើង គឺជាការធ្វេសប្រហែស​របស់អ្នកបើកបរ។ ក្រោយហេតុនេះ លោកក៏បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមគោរពច្បាប់ចរាចរណ៍​ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោកអភិបាលខេត្តបញ្ជាក់ថា ​ហេតុការណ៍នេះបណ្តាលអោយមានមនុស្សរបួស​ ២នាក់​ ស្លាប់​២នាក់​ និងបាត់ខ្លួន​ម្នាក់ (កំពុងរុករក)៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម