Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ត្រីសុខាភិបាលត្រូវរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់

បានផុស

នៅ

លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា វិស័យសុខាភិបាល​សាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំនងល្អសហការគ្នាទៅវិញទៅមក ដើម្បីរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងប្រកបដោយគុណធម៌ ក្រោមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលអណត្តិទី៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងបែបនេះរបស់លោកស្រីអភិបាលខេត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដ ដើម្បីពង្រឹងវិស័យសុខាភិបាល ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត ក្នុងការចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីជំរុញឲ្យវិស័យសុខាភិបាលក្នុងខេត្ត ទទួលបានជោគជ័យបន្ថែមទៀត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវមានកិច្ចសហការឲ្យបានល្អជាមួយស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ ជាពិសេសអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តទិសដៅផែនការ ដែលបានដាក់ចេញ ប្រកបដោយប្រសិទ្ធិភាពឆ្ពោះទៅរកភាពជោគជ័យ ដែលបានកំណត់ ជាពិសេសត្រូវខិតខំពង្រឹង និងលើកកម្ពស់គុណភាពសេវាទាំងថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ព្រមទាំងខិតខំអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ។

នៅក្នុងឱកាសនោះផងដែរ លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង អនុវត្តការងាររបស់មន្ទីរសុខាភិបាលខេត្ត ក្នុងការងារផ្តល់សេវាសាធារណៈ សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រឹងប្រែងប្រយុទ្ធប្រឆាំង និងគ្រប់គ្រងបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រហូតទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានការកោតសរសើរ ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម